ជាតិ
យុវជនកុំស្រលាញ់វប្បធម៌ បែប«ភ្លើងចំបើង» តែត្រូវការពារឱ្យពិតប្រាកដ!
14, Apr 2022 , 3:19 pm        
រូបភាព
ភ្នំពេញ៖ ជារឿងល្អដែលយុវជនកម្ពុជា ខ្វល់ខ្វាយ និងមានប្រតិកម្មភ្លាមៗចំពោះសិល្បៈវប្បធម៌ជាតិ នៅពេលដឹងថា បរទេសមានបំណងចង់លួចចម្លងរចនាប័ទ្មប្រាសាទ និងទម្រង់វប្បធម៌នានា ដោយខុសច្បាប់ ។ ប៉ុន្តែបើពួកគេ គ្រាន់តែបង្កើតការស្រលាញ់វប្បធម៌ បែបឈូរឆរមួយឆាវនោះ វានឹងមានហានិភ័យដល់ជាតិទៅវិញ។


 
មូលហេតុអ្វី បានជាយើងហ៊ាននិយាយថា យុវជនស្រលាញ់វប្បធម៌បែបឈូរឆរ នាំឱ្យគ្រោះថ្នាក់ដល់វប្បធម៌ជាតិនោះ ដោយសារតែការស្រលាញ់បែបនេះ វាមិនឋិតថេរ វាគ្រាន់តែជាការស្រលាញ់ បែប«ភ្លើងចំបើង» ដែលឆេះមួយប្រាវហើយ រលត់ទៅវិញយ៉ាងលឿនប៉ុណ្ណោះ។ ហើយវាក៏មិនអាចជួយការពារ និងទ្រទ្រង់វប្បធម៌ជាតិបានដែរ។ 
 
តួយ៉ាងដូចជាករណីល្ខោនខោលខ្មែរ និងល្ខោនខូនថៃ ក៏ធ្លាប់មានករណីប្រតិកម្ម និងបង្ហាញសេចក្តីស្រលាញ់បែបភ្លើងចំបើងពីសំណាក់យុវជនខ្មែរដែរ។ យើងនៅចាំបានថា នៅពេល របាំល្ខោនខូនថៃ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ កាលពីចុងឆ្នាំ២០១៨នោះ ស្រាប់តែមានយុវជនខ្មែរស្ទើរទូទាំងប្រទេស ប្រតិកម្មនឹងថៃ រួមទាំងការសម្រេចរបស់យូណេស្កូ។ 
 
យុវជន ដែលចេញប្រតិកម្មថៃនោះ បាននាំគ្នាជេរប្រមាថ ហើយចោទថា ថៃ បានលួចយកល្ខោនខោលខ្មែរ ទៅក្រឡៃជារបស់ខ្លួន ខណៈថៃអះអាងថា របាំល្ខោនខូន ឬល្ខោនស្បែកមុខនេះ ត្រូវបានសម្ដែងលើកដំបូងក្នុងសម័យអាណាចក្រអយុធ្យា ដែលដកស្រង់ចេញពីរឿងហិណ្ឌូ រាមាយាណៈ (Ramayana) ត្រង់វគ្គចម្បាំងរវាង ព្រះរាម ដែលជាអវតារបស់ព្រះវិស្ណុ ជាមួយនឹង Ravana ដែលលួចមហេសីព្រះអង្គ។ ថៃក៏មានអំណះអំណាងការពារវប្បធម៌គេដែរ។
 
មិនតែប៉ុណ្ណោះយុវជនខ្មែរ ដែលចង់បង្ហាញថាខ្លួនស្រលាញ់វប្បធម៌នោះ ក៏បានចេញយុទ្ធនាការបង្ហោះរូបភាពល្ខោនខោលខ្មែរ លើហ្វេសប៊ុក យ៉ាងព្រោងព្រាត។ ចំណែកយុវជនខ្លះទៀត បានរៀបចំការសម្ដែងល្ខោនខោល ក្នុងកម្មវិធីផ្សេងៗ រួមទាំងរ៉ៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ល្ខោនបុរាណមួយនេះដែរ។ ប៉ុន្តែការចូលរួមជួយទ្រទ្រង់ល្ខោនខោលជាក់ស្ដែងនោះ មិនដូចរូបភាពដែលពួកគេបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុកឡើយ។ ជាក់ស្ដែងដូចជាកម្មវិធីសម្ដែងល្ខោនខោលកន្លងមក មានអ្នកចូលរួមទស្សនាមិនដល់២០០នាក់ផង…។ បច្ចុប្បន្ននេះចលនាស្រលាញ់ល្ខោនខោលខ្មែរ ក៏បានស្ងប់ស្ងាត់ទៅវិញ។ រីឯសិល្បៈល្ខោនខោលនៅតែប្រឈមមុខបាត់បង់ដដែល ដោយសារខ្វះការចូលរួម និងលើកស្ទួយពីយុវជន។ នេះគ្រាន់តែជាករណីមួយអន្លើទេ។
 
ប៉ុន្តែវានៅមានករណីផ្សេងទៀត ដូចជាករណីថៃលួចចម្លងរចនាប័ទ្មប្រាសាទព្រះវិហារ ករណីរបាំព្រះរាជទ្រព្យអាយុកាល១០០ឆ្នាំ និងទម្រង់សិល្បៈវប្បធម៌ផ្សេងៗទៀតកន្លងមក ក៏គេឃើញយុវជនខ្មែរ បញ្ចេញកំហឹង ជេរប្រមាថទៅលើភាគីម្ខាងទៀតដូចគ្នា។ កន្លងមក ក៏មានករណីសង្ស័យថៃលួចចម្លងរចនាប័ទ្មប្រាសាទអង្គរវត្ត ដែលធ្វើឱ្យយុវជនខ្មែរ ខឹងសម្បារថៃយ៉ាងខ្លាំងដែរ។ យុវជនទាំងនោះ បានផ្អើលនាំគ្នាបង្ហោះរូបថតខ្លួន នៅមុខប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណផ្សេងៗទៀតរបស់ខ្មែរ នៅលើហ្វេសប៊ុក Twitter និងអ៊ីនស្តាក្រាមជាដើម ដោយភ្ជាប់សារក្នុងន័យដូចគ្នា គឺប្រាសាទអង្គរវត្តជារបស់ខ្មែរតែមួយគត់។ ពួកគេស្រឡាញ់ប្រាសាទអង្គរជាដើម។ ប៉ុន្តែមិនដឹងថា ការស្រលាញ់របស់ពួកគេ ចេញពីចិត្តពិតប្រាកដ ឬក៏គ្រាន់តែឈូរឆរតាមគ្នា ដូចភ្លើងចំបើងទៀតនោះទេ។
 
និយាយបែបនេះ មិនមែនជាការចំអក ហើយក៏មិនមែនជាបន្ទោសបង្អាក់អារម្មណ៍យុវជន ដែលស្រលាញ់វប្បធម៌ជាតិដែរ។ តាមពិតទៅ វាជារឿងល្អណាស់ ដែលយុវជនចេញមុខឈឺឆ្អាលភ្លាមៗ និងការពារទ្រព្យកេរដំណែលរបស់បុព្វបុរសខ្លួន មិនឱ្យបាត់បង់ នៅពេលមានប្រទេសដទៃមករំលោភបំពាន និងលួចយក។ 
 
ប៉ុន្តែដើម្បីបង្ហាញថាខ្លួនពិតជាស្រលាញ់ ចង់ថែរក្សា ចង់ការពារ សម្បត្តិវប្បធម៌ជាតិ ឱ្យបានគង់វង្ស គឺមិនមែនត្រឹមតែពាក្យសម្ដី ឬការជ្រួលជ្រើមតាមគ្នាមួយពេល រួចក៏ស្ងាត់ទៅវិញឡើយ។ អ្វីដែលកូនខ្មែរត្រូវធ្វើ ដើម្បីការពារមរតកដូនតានោះ គឺត្រូវមានគុណវុឌ្ឍវប្បធម៌ក្នុងខ្លួន។ ហើយដើម្បីមានគុណវុឌ្ឍនេះ យុវជនខ្មែរត្រូវមានទម្លាប់សិក្សាស្រាវជ្រាវស៊ីជម្រៅ ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិប្រាសាទ និងប្រវត្តិសាស្ត្រខ្មែរជាដើម ។
 
ក្រៅពីមានចំណេះដឹងវប្បធម៌ និងប្រវត្តិសាស្ត្រទាំងនេះហើយ យុវជនត្រូវចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ លើឆាកអន្តរជាតិឱ្យបានទូលំទូលាយ តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងចែករំលែកដល់យុវជននៃប្រជាជាតិដទៃឱ្យបានស្គាល់ជាដើម។ ចំណែកនៅក្នុងស្រុកវិញ យុវជនត្រូវចូលរួមសកម្មភាពវប្បធម៌គ្រប់ទម្រង់ គ្រប់ជំហាន និងគ្រប់ពេលវេលា។ ជាពិសេសជួយទ្រទ្រង់នូវទម្រង់សិល្បវប្បធម៌ណា ដែលប្រឈមមុខបាត់បង់ រួមទាំងកេរតំណែលប្រាសាទបុរាណពីដូនតា។ នៅពេលយុវជនមានគុណវុឌ្ឍផ្នែកវប្បធម៌ និងចូលរួមយ៉ាងសកម្មហើយ ទើបពួកគេជាសរសរទ្រូងដ៏រឹងមាំ អាចការពារវប្បធម៌ជាតិបាន។
 
យើងត្រូវចាំថា ខ្មែរ និងសៀម (ថៃ) មានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ។ ប្រទេសទាំងពីរនៅលើទឹកដីឥណ្ឌូចិនតែមួយ ដោយមានសិល្បៈ វប្បធម៌ និងភាសាជាដើម មានភាពស្រដៀងគ្នាខ្លាំង។ ម្យ៉ាងប្រទេសទាំងពីរនៅជាប់ខណ្ឌសីមាគ្នា វាតែងរមែងរងឥទ្ធិពលវប្បធម៌គ្នាទៅវិញទៅមក។ មូលហេតុនេះហើយ ទើបធ្វើឱ្យមានការភាន់ច្រឡំ ឬមានវិវាទនឹងគ្នា មិនចេះចប់ ទាក់ទងនឹងវប្បធម៌ និងស្នាដៃផ្សេងៗទៀត។
 
ដូច្នេះ ស្របពេលថៃ កំពុងពង្រីកឥទ្ធិពលវប្បធម៌របស់គេនោះ កូនខ្មែរគ្រប់រូបក៏មិនត្រូវអង្គុយចាំតែខឹងថៃដែរ។ ប៉ុន្តែយុវជនខ្មែរ ត្រូវពង្រឹងសមត្ថភាពខ្លួនឡើងវិញ ដើម្បីរក្សាការពារវប្បធម៌ជាតិ។ សរុបមកវិញ យុវជនត្រូវមានមូលដ្ឋានគ្រឹះពីទម្រង់សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់ តាមរយៈការសិក្សាស្រាវជ្រាវស៊ីជម្រៅ ទើបអាចដោះស្រាយបញ្ហា និងការពារទ្រព្យសម្បត្តិជាតិឱ្យនៅគង់វង្សជានិរន្ត៕
 
 

Tag:
 វប្បធម៌
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com