អន្តរជាតិ
មីយ៉ាន់ម៉ា៖ ប្រជាជន១,៥លាននាក់នៅយ៉ាំងហ្គោនត្រូវហាមចេញពីផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
08, Jul 2021 , 1:59 pm        
រូបភាព
ទិដ្ឋភាពទីក្រុងយ៉ាំងហ្គោននាពេលកន្លងមក។ រូបថត Xinhua
ទិដ្ឋភាពទីក្រុងយ៉ាំងហ្គោននាពេលកន្លងមក។ រូបថត Xinhua
អាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកក្កដា បានចេញបញ្ជាហាមចេញពីផ្ទះលើប្រជាជនជាងមួយលាននាក់ក្នុងទីក្រុងយ៉ាំងហ្គោន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដែលកើនឡើងខ្លាំងនៅរយៈពេលចុងក្រោយនៅស្ទើរទូទាំងប្រទេស។

 
ករណីឆ្លងថ្មីនៅមីយ៉ាន់ម៉ា ហក់ឡើងដល់ជិត៤០០០នាក់ក្នុងថ្ងៃទី៧ ខែកក្កដា ។ បើធៀ​ប ដើមខែឧសភាវិញ ករណីឆ្លងប្រចាំថ្ងៃមានក្រោម៥០ករណីតែប៉ុណ្ណោះ។ ទីក្រុងយ៉ាំហ្គោន ដែលជាទីក្រុងធំជាងគេនៅមីយ៉ាន់ម៉ា ក៏រាយការណ៍ករណីឆ្លងប្រចាំថ្ងៃច្រើនដែរ ដែលបង្ខំឱ្យអាជ្ញាធរចេញវិធានការឹតត្បិតនៅផ្នែកជាច្រើនក្នុងអតីតរដ្ឋធានីមួយនេះ។
 
ចាប់ពីថ្ងៃទី៨ ខែកក្កដាទៅ អាជ្ញាធរសម្រេចចេញបម្រាមលើខណ្ឌចំនួន១០ នៃទីក្រុងយ៉ាំងហ្គោន ដែលគ្រប់ដណ្ដប់លើមនុស្ស១,៥លាននាក់។ ក្រោមវិធានការថ្មី ក្នុងមួយគ្រួសារ សមាជិកតែម្នាក់អាចចេញក្រៅម្ដងក្នុងករណីដែលមិនទាក់ទងបញ្ហាសុខភាព។ ចំណែកឯប្រជាជនដែលត្រូវ ធ្វើដំណើរទៅធ្វើការងាររដ្ឋ ត្រូវទទួលបានការលើកលែង។ នេះបើតាមការប្រកាសក្រសួងសុខាភិបាល និងកីឡានៃរបបយោធា។
 
ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាបានជួ​បប្រទះបញ្ហាលំបាកក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ តាំងពីមុនពេល មានរដ្ឋប្រហារខែកុម្ភៈមក។ កាលពីឆ្នាំ២០២០ ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់ ក៏ប្រជាជនមិនបានអនុវត្តតាមទាំងស្រុងនោះឡើយ។ ក្រោយរដ្ឋប្រហារ ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាក៏កាន់តែយ៉ាប់យ៉ឺនទៅ ដោយសារវេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត និងមន្រ្តីរាជការរាប់ពាន់នាក់ ចូលរួមក្នុងយុទ្ធនាការប្រឆាំងរបបយោធាដែរ។
 
បច្ចុប្បន្ន មីយ៉ាន់ម៉ាមានអ្នកឆ្លងសរុបមានប្រមាណ១៧ម៉ឺននាក់ និងអ្នកស្លាប់មាន​៣ពាន់នាក់។ បើយោងតាមទូរទស្សន៍របស់រដ្ឋនៅថ្ងៃទី៧ ខែកក្កដា ប្រជាជនប្រមាណ​១,៧៥លាននាក់ បានចាក់វ៉ាក់សាំងរួច ហើយអាជ្ញាធរកំពុងតែព្យាយាមដើម្បីទទួលបានវ៉ាក់សាំងបន្ថែមពីចិន និងរុស្ស៊ី៕
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com