ជាតិ
សង្គមជាតិ
គ្រឿងញៀនតម្លៃប្រមាណ៧,៥លានដុល្លារ នឹងត្រូវដុតចោលនៅថ្ងៃទី២៦កក្កដា​
08, Jul 2021 , 4:29 pm        
រូបភាព
ឆមាសទីមួយនៃឆ្នាំ២០២១ កម្លាំងមានសមត្ថកិច្ចរឹបអូសគ្រឿងញៀន ដែលចរាចរណ៍នៅទូទាំងប្រទេស បាន៧៥៤គីឡូក្រាម។  លោក ម៉ក់ ជីតូ  អគ្គនាយកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានបញ្ជាក់ថា គ្រឿងញៀនទាំងនោះ បើគិតជាតម្លៃដែលចរាចរណ៍លើទីផ្សារកម្ពុជា គឺមានទំហំទឹកប្រាក់ប្រមាណ៧,៥លានដុល្លារអាមេរិក។

 
បើតាមលោក ម៉ក់ ជីតូ គ្រឿងញៀនដែលចរាចរណ៍នៅលើទីផ្សារកម្ពុជា មានតម្លៃជាមធ្យម ១ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម។​ ចំពោះគ្រឿងញៀន​ជាង៧៥០គីឡូក្រាម ដែលអាជ្ញាធររឹបអូសបាននោះ គឺមានភាគច្រើននៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនសរុបទាំងនេះ គឺមាន១៤៥គីឡូក្រាម ដែលមន្ត្រីជំនាញបង្កា្របបាន នៅក្នុងខែមិថុនា ឆ្នាំ២០២១។ 
 
អគ្គនាយកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាថ្ងៃទី៨កក្កដា ថា៖«គ្រឿងញៀនដែលរឹបអូសបាននេះ យើងនឹងយកទៅដុតបំផ្លាញចោល នៅថ្ងៃទី២៦កក្កដានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន»។ 
 
យោងតាមរបាយការណ៍បង្ក្រាបគ្រឿងញៀនប្រចាំខែមិថុនា ដែលសម្តេច ស​ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៧កក្កដា មន្ត្រីជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុប ៣៧៧ករណី និងឃាត់មនុស្សបាន៧៦១នាក់។ ក្នុងនោះ បង្រា្កបការជួញដូរនិងរក្សាទុក បាន២៨១ករណី, បង្រ្កាបការប្រើប្រាស់ បាន៨៧ករណី, បង្កា្របការ សំយោគ ឬកែច្នៃបាន២ករណី និងបង្រា្កបការដាំដុះ មាន៧ករណី។
 
បើតាមសម្តេច ស ខេង ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាក់ស្តែងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកបានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀត  ដើម្បីទប់ស្កាត់ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។​
 
ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំខែមិថុនា សម្តេច ស ខេង  បានកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម។​ 
 
សូមជម្រាបថា រយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង១ម៉ឺនករណី និងឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ រួមទាំងរឹបអូសគ្រឿងញៀនបានជាង៣តោន៕
 
 
 
 
 
 
 
 

Tag:
 គ្រឿនញៀន
  លោក ម៉ក់ ជីតូ
© រក្សាសិទ្ធិដោយ thmeythmey.com