អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា រុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីរងការរិះគន់លើការទប់ស្កាត់កូវីដ-១៩
08, Jul 2021 , 9:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីឥណ្ឌា លោកនារិន្រ្ទា ម៉ូឌី។ រូបភាព៖ AP
លោកនាយករដ្ឋមន្រ្តីឥណ្ឌា លោកនារិន្រ្ទា ម៉ូឌី។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីឥណ្ឌា លោកនារិន្រ្ទា ម៉ូឌី  នៅថ្ងៃទី៧ ខែកក្កដា បានរុះរើសមាជិកគណៈរដ្ឋមន្រ្តីដោយផ្លាស់ប្ដូរមន្ត្រីចំនួន ១២រូបចេញ និងដាក់មន្រ្តីវ័យក្មេងជំនួយវិញ។ ការដោះដូរតំណែងក្នុងជួយររដ្ឋាភិបាលរបស់លោក ម៉ូឌី  ធ្វើឡើងក្រោយរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩។

 
 
ឥណ្ឌា ជាប្រទេសទីពីរបន្ទាប់ពីអាមេរិក ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ និងទប់ស្កាត់កូវីដ-១៩ មិនបានល្អ ដូចបណ្តាប្រទេសផ្សេងឡើយ។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលលោក ម៉ូឌី បានរងការរិះគន់យ៉ាងខ្លាំង ខណៈប្រជាប្រិយភាពរបស់លោក ក៏ធ្លាក់ចុះដែរ។ 
 
ដើម្បីស្តារមុខមាត់រដ្ឋាភិបាលឡើងវិញ នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្រ្ទា ម៉ូឌី បានដកសមាជិកគណៈរដ្ឋមន្រ្តីចំនួន ១២រូប និងតែងតាំងក្រុងយុវជនជំនួសវិញ។ រដ្ឋមន្រ្តីមួយចំនួនដូចជា រដ្ឋមន្រ្តីសុខាភិបាល, រដ្ឋមន្រ្តីអប់រំ, រដ្ឋមន្រ្តីបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិច និងច្បាប់ និងរដ្ឋមន្រ្តីបរិស្ថាន បានដាក់លិខិតលាចេញពីតំណែងមុននឹងមានការរុះរើគណៈរដ្ឋមន្រ្តីនេះ។ 
 
រដ្ឋមន្រ្តីដែលជាំសមាជិកគណៈរដ្ឋមន្រ្តីចំនួន ១៥រូប និងអនុរដ្ឋមន្រ្តីចំនួន ២៨រូប បានស្បថចូលកាន់តំណែងនៅវិមានប្រធានាធិបតី នៅថ្ងៃទី៧ ខែកក្កដា។ អនុរដ្ឋមន្រ្តីចំនួន ៨រូប បានដំឡើងទៅក្នុងសមាជិកគណៈរដ្ឋមន្រ្តីពេញលេញផងដែរ។ ក្នុងការរៀបចំរដ្ឋាភិបាលថ្មីនេះ លោកម៉ូឌី បានតែងតាំង លោក Mansukh Laxman Mandaviya ជារដ្ឋមន្រ្តីសុខាភិបាលថ្មី។ 
 
ការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីកាន់អំណាចជាថ្មីនៅក្នុងឆ្នាំ២០១៩ ធ្វើឡើងបន្ទាប់ពីបក្សBharatiya Janata របស់លោកម៉ូឌី ចាញ់ការបោះឆ្នោតនៅក្នុងរដ្ឋWest Bengal និងទប់ស្កាត់កូវីដ-១៩ មិនបានល្អ។ 
 
សូមបញ្ជាក់ថា ប្រជាប្រិយភាពរបស់លោកម៉ូឌី នឹងត្រូវបញ្ជាក់ម្តងទៀត នៅក្នុងការបោះឆ្នោត នៅរដ្ឋ Uttar Pradesh, រដ្ឋ Goa, រដ្ឋ Manipur, រដ្ឋ Punjab និងរដ្ឋ Uttarakhand នាខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២ ៕ 
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
  គណៈរដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com