អន្តរជាតិ
លោក ត្រាំ ប្តឹងក្រុមហ៊ុន Twitter,​​ Facebook និង Google ពីបទរំលោភសិទ្ធិបញ្ចេញមតិ
08, Jul 2021 , 5:59 pm        
រូបភាព
អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែកក្កដា បានសម្រេច ប្ដឹងក្រុមហ៊ុនបណ្ដាញសង្គម Twitter, Facebook និង ក្រុមហ៊ុន Google ព្រមទាំងប្រធានប្រតិបត្តិក្រុមហ៊ុនទាំងនោះ ពីបទរំលោភសិទ្ធិបញ្ចេញមតិ។

 
លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងនៅតុលាការក្រុង  Miami រដ្ឋ Florida​ ដោយចោទក្រុមហ៊ុននទាំងបីដែលមានមូលដ្ឋាននៅរដ្ឋ California ពីបទរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលមានចែងក្នុងវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញ ដោយបំបិទសំឡេងអ្នកប្រើប្រាស់ដែលមាននិន្នការអភិរក្សនិយម។ ទន្ទឹមនេះ លោក ត្រាំ បានដាក់ពាក្យបណ្ដឹងដើម្បីក្លាយជាតំណាងរបស់អ្នកប្រើប្រាស់ បណ្ដាញសង្គមខាងលើដែលត្រូវបានរំលោភសិទ្ធិសេរីភាពផងដែរ។
 
ក្នុងបណ្ដឹងនោះ លោក ត្រាំ ប្ដឹងដោយហេតុផលស្រដៀងៗគ្នាប្រឆាំងក្រុមហ៊ុន Facebook និងនាយកប្រតិបត្តិ Mark Zuckerberg, ក្រុមហ៊ុន Twitter និងនាយកប្រតិបត្តិ  Jack Dorsey ក៏ដូចជាក្រុមហ៊ុន Google និងនាយកប្រតិបត្តិ Sundar Pichai ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Reuters ។
 
«យើងនឹងទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រសម្រាប់សេរីភាពរបស់អាមេរិក ហើយយើង ក៏នឹងទទួលបានសេរីភាពក្នុងការបញ្ចេញមតិ»។ លោក ត្រាំ និយាយបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីលានវាយកូនហ្គោលនៅ Bedminster រដ្ឋ New Jersey។ 
 
ក្រុមហ៊ុន Twitter​, Facebook និង Google មិនទាន់ឆ្លើយតបអ្វីនឹងការប្ដឹងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះនៅឡើយទេ។ 
 
គណនីបណ្ដាញសង្គមខាងលើរបស់ លោក ត្រាំ ត្រូវបានបិទជាបន្តបន្ទាប់ ដោយក្រុមហ៊ុន Facebook និងTwitter អះអាងថាលោកបានបំពានច្បាប់គោលការណ៍របស់ក្រុមហ៊ុនទាំងនេះទាក់ទងអំពើហិង្សា។ ដើមហេតុកើតចេញពីព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ពេលក្រុមបាតុករគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានកាពីតូលរហូតនាំឱ្យមានអំពើហិង្សាស្លាប់មនុស្សអស់បួននាក់។ បន្ថែមពីនោះ លោក ត្រាំ ក៏តែងបំពានគោលការណ៍ច្រើនទៀតពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនទាក់ទងជំងឺកូវីដ-១៩ ផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com