កីឡាអន្តរជាតិ
អន្តរជាតិ
យុវជនសិង្ហបុរីគាំទ្រ Arsenal ម្នាក់ ត្រូវជាប់ទោស៩ខែ ព្រោះគំរាមសម្លាប់កីឡាករ Brighton
08, Jul 2021 , 10:29 pm        
រូបភាព
យុវជនសិង្ហបុរី Derek Ng De Ren ជាអ្នកគាំទ្រ Arsenal ដែលបានគំរាមសម្លាប់កីឡាករ Neal Maupay របស់ក្លិប Brighton & Hove Albion កាលពីឆ្នាំមុន ត្រូវតុលាចេញដីការដាក់ឃុំឃាំងរយៈ៩ខែ។

 
Ng De Ren អាយុ១៩ឆ្នាំ សារភាពថា បានផ្ញើសារគំរាមសម្លាប់កីឡាករ Neal Maupay រួមទាំងគ្រួសាររបស់គេ។ មូលហេតុ ដែលនាំឱ្យមានរឿងហេតុដូច្នេះ មកពីយុវជនរូបនេះ ខឹងនឹង Maupay ដែលបង្ករបួសទៅលើអ្នកចាំទី Bernd Leno អំឡុងការប្រកួតដែល Arsenal ចាញ់ Brighton ២-១ ក្នុងក្របខណ្ឌ Premier League កាលពីឆ្នាំ២០២០។
Ng De Ren ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាកន្លងទៅ ក្រោយស៊ើបអង្កេតបង្ហាញថា យុវជនសិង្ហបុរីរូបនេះពិតជាបានផ្ញើសារគំរាមសម្លាប់ Maupay ខ្សែប្រយុទ្ធក្រុម Brighton តាមរយៈបណ្តាញសង្គម Instagram។
 
តាមបទបញ្ជា Ng De Ren ដែលជាអ្នកគាំទ្រក្រុមកាំភ្លើងធំ អាចនឹងចៀសផុតពីការដាក់គុក ប៉ុន្តែដោយសាររូបគេល្មើសនឹងបម្រាមគោចររយៈពេល៤០ម៉ោងអំឡុងពេលឃាត់ខ្លួនក្នុងប្រទេសសិង្ហបុរី ទើបមិនអាចគេចផុតពីការដាក់ទោសឱ្យជាប់ឃុំដល់ទៅ៩ខែបែបនេះ។ 
ការឈានដល់គំរាមសម្លាប់ទៅលើ Maupay គឺបន្ទាប់ពីនិស្សិតមហាវិទ្យាល័យវ័យក្មេងរូបនេះ មើលការប្រកួតរវាងក្រុម Arsenal និងក្រុម Brighton នៅលើកញ្ចក់ទូរទស្សន៍នៅយប់ថ្ងៃទី២០ មិថុនា កាលពីឆ្នាំ ២០២០។
 
Ng De Ren ផ្ញើសារគំរាមសម្លាប់ដល់ទៅ៤លើកទៅ Maupay ដោយសារអ្នកចាំទី Bernd Leno របស់ក្រុមកាំភ្លើងធំរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលបង្កដោយកីឡាករអន្តរជាតិបារាំងរូបនេះ អំឡុងពេលប្រកួត Premier League។ កាលនោះ Arsenal ចាញ់ ២-១ និងជាការបរាជ័យជាបន្តបន្ទាប់ផង។
តាមការសិក្សា ករណីរំលោភបំពានជាងពាក់កណ្តាល ដែលកើតឡើងទៅលើក្រុមកីឡាបាល់ទាត់ប្រកបអាជីពនៅអង់គ្លេសគឺមកពីក្រៅប្រទេស។ នេះបើយោតាមការផ្សាយរបស់កាសែត BBC៕
 
 

Tag:
 Neal Maupay
  Derek Ng De Ren
© រក្សាសិទ្ធិដោយ thmeythmey.com