អន្តរជាតិ
អគ្គរាជអាជ្ញាម៉ាឡេស៊ី៖ រដ្ឋាភិបាលលោក យ៉ាស៊ីន នៅតែដឹកនាំអំណាចប្រតិបត្តិដដែល
09, Jul 2021 , 10:33 am        
រូបភាព
នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន និងគណៈរដ្ឋមន្រ្តី នៅតែអាចបន្តអនុវត្តអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ បើទោះមានការប្រកាសដកការគាំទ្រពីបក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ (UMNO)។ លោក Idrus Harun អគ្គរាជអាជ្ញាម៉ាឡេស៊ី ថ្លែងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា។



 
បក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ នៅថ្ងៃទី៨ ខែកក្កដា បានដកការគាំទ្ររបស់ខ្លួន ចេញពីសម្ព័ន្ធនយោបាយ Perikatan Nasional (PN) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ក្រោមហេតុផល រដ្ឋាភិបាលទប់ស្កាត់កូវីដ-១៩ មិនបានល្អ និងថែមទាំងជំរុញឱ្យលោក មូហ៊ីឌីន ចុះចេញពីអំណាចថែមទៀត។ 
 
បន្ទាប់ពីបាក់បែកសម្ព័ន្ធកាន់អំណាចបែបនេះ អគ្គរាជអាជ្ញាម៉ាឡេស៊ី លោក Idrus Harun បានប្រកាសថា បើទោះមានការដកការគាំទ្រពីបក្សនយោបាយក្តី រដ្ឋាភិបាល នៅតែអនុវត្តអំណាចប្រតិបត្តិរបស់ខ្លួនបានដដែល។ អគ្គរាជអាជ្ញារូបនេះ បានបន្តអះអាងថា ដោយផ្អែកទៅតាមរដ្ឋធម្មនុញសហព័ន្ធ មេដឹកនាំ ត្រូវបានផ្តល់សេចក្តីទុកចិត្តដោយសភាតំណាង ពោលគឺមិនមែនបក្សនយោបាយ ឬមេដឹកនាំនយោបាយណាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។​
 
«ដូចនេះ ក្នុងន័យច្បាប់ នាយករដ្ឋមន្រ្តី មូហ៊ីឌីន និងគណៈរដ្ឋមន្រ្តី នៅតែអាចអនុវត្តអំណាចប្រតិបត្តិបាន»។ លោក Idrus បានសង្កត់ធ្ងន់បែបនេះ។ 
 
មិនខុសពីអគ្គរាជអាជ្ញាឡើយ ប្រធានផ្នែកព័ត៌មានបក្ស Bersatu លោក Wan Saiful Wan Jan បានបញ្ជាក់ថា នៅក្នុងលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី គឺផ្អែកលើការគាំទ្រពីសំណាក់សមាជិកសភា។ ចំណែកបក្សនយោបាយមិនមានឥទ្ធិពលអ្វីឡើយ មកលើរដ្ឋាភិបាល។ 
 
នៅក្នុងសភាតំណាងសហព័ន្ធម៉ាឡេស៊ី បក្ស UMNO បានកាន់កាប់កៅអីចំនួន៣៨ ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយ ថាតើអ្នកតំណាងរាស្រ្តទាំងនោះ គោរពតាមការសម្រេចរបស់បក្សឬយ៉ាងណា។ 
 
សូមបញ្ជាក់ថា បើទោះបក្ស UMNO ដកការគាំទ្រក្តី ប៉ុន្តែបក្សម៉ាឡេស៊ីមួយនេះ បានប្រកាសថា ខ្លួននឹងមិនគាំទ្រ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំងជានាយករដ្ឋមន្រ្តី និងសម័្ពន្ធនយោបាយផ្សេងទៀតឡើយ៕ 
 

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com