COVID-19
អន្តរជាតិ
សម្ព័ន្ធភាពកាន់អំណាចចាប់ផ្ដើមប្រេះឆា ក្រោយបក្ស UMNO ជំរុញឱ្យនាយករដ្ឋមន្រ្តីចុះចេញ
08, Jul 2021 , 9:58 am        
រូបភាព
លោក លោកមូហ៊ីឌីន យ៉ាស៊ីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AP
លោក លោកមូហ៊ីឌីន យ៉ាស៊ីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AP
បក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ (UMNO) បានប្រកាសដកការគាំទ្ររបស់ខ្លួន ចេញពីសម្ពន្ធនយោបាយ  Perikatan Nasional (PN) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន និងជំរុញឱ្យប្រមុខរដ្ឋាភិបាលរូបនេះ លាចេញពីតំណែង បន្ទាប់ពីគ្រប់គ្រងស្ថានភាពកូវីដ-១៩ មិនបានល្អ និងដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីបម្រើហេតុផលនយោបាយខ្លួន។

 
បក្ស UMNO បានបើកកិច្ចប្រជុំបន្ទាន់មួយតាមប្រព័ន្ធវីដេអូក្នុងយប់ថ្ងៃទី៧ ខែកក្កដា ហើយប្រធានបក្ស លោក Ahmad Zahid បានរិះគន់យ៉ាងខ្លាំងលើការគ្រប់គ្រង និងទប់ស្កាត់កូវីដ-១៩ របស់នាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ។ 
 
បើតាមការអះអាងរបស់លោក Ahmad Zahid បក្ស UMNO គាំទ្រលោក មូហ៊ីឌីន ជានាយករដ្ឋមន្រ្តីកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ ដោយសារតែរឿងពីរមានដូចជា ធានាក្តីប្រាថ្នារបស់ប្រជាជន និងគ្រប់គ្រងបញ្ហាសេដ្ឋកិច្ច និងដាក់ចេញផែនការទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អ។  
 
ថ្លែងនៅចំពោះមុខសមាជិកបក្ស លោក Ahmad Zahid បានបន្តថា យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី មិនអាចដោះស្រាយបញ្ហាទាំងនោះបានឡើយ ហើយថែមទាំងបរាជ័យលើចំណុចចំនួន ៧ថែមទៀតដូចជា មិនអាចគ្រប់គ្រងជំងឺឆ្លងសកល, ប្រើប្រាស់ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីបម្រើផលប្រយោជន៍នយោបាយ និងបរាជ័យក្នុងការការពារលទ្ធិប្រជាធិបតេយ្យបែបសភានិយម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
 
«បក្ស UMNO ជំរុញឱ្យលោកមូហ៊ីឌីន ចុះចេញពីដំណែង ដើម្បីជ្រើសនាយករដ្ឋមន្រ្តីថ្មី សម្រាប់រយៈកំណត់មួយ»។ លោក Ahmad Zahid បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នាយករដ្ឋមន្រ្តីថ្មី ត្រូវផ្តោតលើសុខុមាលភាពប្រជាជន, ទប់ស្កាត់កូវីដ-១៩ និងធានាពីការពន្លឿនលើកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លើសពីនេះ នៅពេលភាពស៊ាំសហគមន៍កើតឡើង នាយករដ្ឋមន្រ្តីថ្មីនេះ ត្រូវផ្តល់ប្រឹក្សាទៅមហាក្សត្រ ដើម្បីរៀបចំការបោះឆ្នោតជាសកលលើកទី ១៥។ 
 
ដោយថ្លែងច្បាស់ៗ បក្សUMNO បានប្រកាសថា បក្សនឹងមិនគាំទ្រ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំងជានាយករដ្ឋមន្រ្តី និងសម្ពន្ធនយោបាយផ្សេងទៀតឡើយ។ 
 
គួររំលឹកថា ការប្រកាសរបស់បក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេបែបនេះ ធ្វើឡើងបន្ទាប់ពី លោក មូហ៊ីឌីន បានផ្លាស់ប្តូរសមាជិករដ្ឋាភិបាល នៅថ្ងៃទី៧ ខែមិថុនា។ ក្នុងការផ្លាស់ប្តូរនោះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានដំឡើងលោក Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីការពារជាតិ ទៅជាឧបនាយករដ្ឋមន្រ្តី និងលោក Hishammuddin Hussein រដ្ឋមន្រ្តីការបរទេស ទៅជាទេសរដ្ឋមន្ត្រី។ អ្នកទាំងពីរ ជាសមាជិកបក្ស UMNO តែគាំទ្រលោក យ៉ាស៊ីន រហូតមក៕
 

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com