អន្តរជាតិ
កូរ៉េខាងត្បូង នឹងដាក់សេអ៊ូលនិងតំបន់ជុំវិញក្រោមវិធានគម្លាតសង្គមតឹងរ៉ឹងបំផុត
09, Jul 2021 , 12:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង​ ​Kim Boo-kyum ប្រកាសនៅថ្ងៃទី៩ ខែកក្កដា​បាននិយាយថា ទីក្រុង សេអ៊ូល និងតំបន់ជុំវិញ នឹងត្រូវអនុវត្តវិធានការគម្លាតសុវត្ថិភាពកម្រិតទីបួន ដែលជាកម្រិតតឹងរ៉ឹងបំផុតនៅកូរ៉េខាងត្បូង ខណៈករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងយ៉ាងគំហុករយៈពេលពីរថ្ងៃជាប់គ្នា។ វិធានការរឹតត្បិតនឹងអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា ដោយមានរយៈពេលពីរសប្ដាហ៍។

 
កាលពីថ្ងៃទី៧​​​ ខែកក្កដា កូរ៉េខាងត្បូងរាយការណ៍ករណីឆ្លងថ្មីចំនួន១,២៧៥ករណី ហើយនៅថ្ងៃ​ទី៨ ខែកក្កដា ករណីឆ្លងថ្មីមាន១,៣១៦នាក់។ អាជ្ញាធរក៏ព្រមានថា ករណីឆ្លងប្រចាំថ្ងៃនឹងហក់ឡើងក្នុងកម្រិតខ្ពស់នៅពេលខាងមុខទៀត។
 
ដើម្បីទប់ស្កាត់ករណីឆ្លង រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចដំឡើងកម្រិតសុវត្ថិភាពនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញដល់កម្រិតទីបួន ដែលជាកម្រិតខ្ពស់បំផុត។ ក្រោមវិធានការរឹតត្បិតដែលអនុវត្តនៅថ្ងៃទី១២ ខែកក្កដាទៅ ប្រជាជនត្រូវមិនអាចចេញពីផ្ទះតាមដែលអាចធ្វើទៅបាន។ សាលារៀន នឹងត្រូវបិទ ចំណែកឯការជួបជុំនៅទីសាធារណៈចាប់ពីម៉ោង៦ល្ងាច ត្រូវបានអនុញ្ញាតសម្រាប់មនុស្សចំនួនពីរ នាក់តែប៉ុណ្ណោះ។ 
 
រីឯការប្រមូលផ្តុំគ្នា និងការប្រារព្ធកម្មវិធីផ្សេងៗ នឹងត្រូវបានហាមឃាត់។ ក្លិបរាត្រី និងរង្គសាល ត្រូវបិទខណៈ​ភោជនីយដ្ឋាន និងហាងកាហ្វេត្រូវបានអនុញ្ញាតឱ្យមានភ្ញៀវចូលអង្គុយតែមានចំនួនកំណត់ ហើយត្រូវវេចខ្ចប់ចាប់ពីម៉ោង១០យប់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum និយាយក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ករណី ឆ្លងជំងឺកូវីដ-១៩ នៅទីក្រុងសេអ៊ូលតែឯងមានរហូតដល់៥០០ករណីបីថ្ងៃជាប់ៗគ្នា។ អ្នកផ្ទុកជំងឺកូវីដ-១៩ បួននាក់ក្នុងចំណោមប្រាំនាក់ គឺមកពីទីក្រុងសេអ៊ូល និងតំបន់សំខាន់ៗដែលនៅជុំវិញ។
 
ទាក់ទងនឹងការដាក់វិធានការដ៏តឹងរ៉ឹងខាងលើនេះ  លោក Kim ក៏បានណែនាំឱ្យ សាធារណជនជៀសវាងការជួបជុំគ្នាដោយឯកជនណាមួយចាប់ពីថ្ងៃទី៩​ខែកក្កដានេះទៅតែម្ដង ទោះបីជា វិធានការនេះនឹងដាក់ចេញនៅថ្ងៃទី១២ ខែកក្កដាក៏ដោយ។ ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏នឹងផ្អាកផែនការអនុញ្ញាតឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស មិនចាំបាច់ពាក់ម៉ាស និងអាចជួបជុំគ្នាខាងក្រៅបានទៀតផង។
 
បច្ចុប្បន្ន កូរ៉េខាងត្បូងមានករណីឆ្លងសរុបមានចំនួន១៦ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ២ពាន់នាក់។ ប្រជាជនដែលបានចាក់វ៉ាក់សាំងរួចរាល់មានចំនួន១០ភាគរយនៃប្រជាជនសរុប ៥២លាននាក់។ ប្រមាណ៣០ភាគរយនៃមនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស៕
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com