កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធដាណឺម៉ាក Braithwaite ជាកីឡាករមានជាងគេនៅ Barcelona បន្ទាប់ពី Messi
09, Jul 2021 , 7:29 pm        
រូបភាព
Martin Braithwaite ជាកីឡាករបាល់ទាត់មានទ្រព្យច្រើនជាងគេទី២ នៅ Barcelona បន្ទាប់ពី Lionel Messi។ បើតាមទស្សនាវដ្តី Fobes ខ្សែប្រយុទ្ធដែលជួយក្រុមជម្រើសជាតិដាណឺម៉ាក ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ជាម្ចាស់អាជីវកម្មអចលនទ្រព្យមួយដែលមានតម្លៃជិត៣០០លានដុល្លារអាមេរិក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនទៀត។
 
Messi ជាផ្លូវការមិនមែនជាសមាជិកក្រុម Barcelona ទៀតទេ ដ្បិតកិច្ចសន្យារបស់គេផុតកំណត់ទៅហើយ។ ដូច្នេះបើតាមបច្ចេកទេស Braithwaite ពាក់អាវលេខ៩ នៅ Camp Nou ជាកីឡាករដែលមានទ្រព្យច្រើនជាងគេបំផុតប្រចាំក្លិបរហ្សនាមអ្នកមានបុណ្យ។
 
Braithwaite សម្រេចក្តីសុបិនទៅចូលរួមជាមួយ Barca ពី Leganes ក្នុងតម្លៃ២១លានដុល្លារនៅពាក់កណ្តាលរដូវកាល ២០១៩-២០ ដោយបង្ហាញខ្លួន៤០ប្រកួត និងស៊ុតបញ្ចូលទី៣គ្រាប់។ មុនទៅប្រកបអាជីពនៅអេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក វ័យ៣០ឆ្នាំរូបនេះ ធ្លាប់លេងឱ្យក្រុមជាច្រើននៅអឺរ៉ុប ដូចជា Esbjerg fB, Toulouse, Middlesborough និង Bordeaux។ 
Braithwaite រួមចំណែកយ៉ាងសំខាន់ដើម្បីជួយដាណឺម៉ាកឈានដល់វគ្គ១/២ផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប តែអស់ឱកាសទៅវគ្គផ្តាច់ព្រ័ត្រក្រោយចាញ់អង់គ្លេស ២-១ នៅ Wembley។ 
 
ក្រៅពីជោគជ័យក្នុងអាជីពកីឡាបាល់ទាត់ Braithwaite ដែលចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យនៅឆ្នាំ ២០១៧ ជាសេដ្ឋីដែលមានទ្រព្យរាប់រយលានដុល្លារនាពេលបច្ចុប្បន្ន។ Braithwaite និងពូរបស់ខ្លួនជាសហម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅអាមេរិក ដែលគេជឿជាក់ថាមានតម្លៃរហូតដល់៣០០លានដុល្លារ។
 
លើសពីនេះ Braithwaite រួមជាមួយភរិយា ជាម្ចាស់ហាងសម្លៀកបំពាក់ Trente ដ៏ល្បី និងទទួលបានជោគជ័យបំផុតនៅប្រទេសបារាំង។ ភោជនីយដ្ឋាន Gavá ដែលល្បីឈ្មោះនៅបារាំងក៏ជារបស់ Braithwaite ដែរ៕


 

Tag:
 Martin Braithwaite
  Fobes
© រក្សាសិទ្ធិដោយ thmeythmey.com