ជាតិ
សង្គមជាតិ
គ្រាប់បែកដៃជាង៤០០គ្រាប់នៅរបងវិទ្យាល័យ១០មករា ត្រូវបានកប់តាំងពីមុនឆ្នាំ១៩៧០
12, Jul 2021 , 6:29 pm        
រូបភាព
រូបភាពពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
រូបភាពពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
ដោយ:
អ្នកជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានប្រមូលចេញនូវគ្រាប់បែកដៃមិនទាន់ផ្ទុះចំនួន៤២៥គ្រាប់ ដែលប្រទះឃើញនៅចំណុចរបងវិទ្យាល័យ១០មករា ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ។


បើតាមលោក ហេង រតនា  គ្រាប់បែកដៃទាំង៤២៥គ្រាប់នោះជាប្រភេទ No36 UK ដែលផលិតនៅប្រទេសអង់គ្លេស ដែលបន្សល់ទុកនៅកម្ពុជាមុនសម័យសង្គ្រាម១៩៧០។ «យើងអត់ដឹងកាលច្បាស់លាស់ទេ។ យើងគិតថាវានៅមុនសង្គ្រាមឆ្នាំ១៩៧០ទៅទៀត។ អ៊ីចឹងបានន័យថា នៅសល់តាំងពីពេលស្រុកយើងមានសង្គ្រាមបារំាង និងជប៉ុន ពីព្រោះយើងបានយកមកវិភាគការខូចខាត»។ នេះជាការលើកឡើងរបស់លោក ហេង រតនា ដោយបញ្ជាក់ថា គ្រាប់បែកដៃទាំងនោះគឺអាចបន្តផ្ទុះបាន។ 
 
សូមជម្រាបថា គ្រាប់បែកដៃទាំងនោះ ត្រូវបានរកឃើញនៅពេលក្រុមហ៊ុនខ្សែកាបមួយ បានជីកដាក់ខ្សែកាបក្រោមដី នៅចំណុចរបងវិទ្យាល័យ ១០មករា ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាថ្ងៃទី១០កក្កដា។
 
អគ្គនាយកស៊ីម៉ាក បានអះអាងថា អ្នកជំនាញបានប្រមូលគ្រាប់បែកដៃចេញពីទីតាំងនោះអស់ហើយ ហើយយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ នឹងត្រូវកម្ទេចចោល នាពេលខាងមុខ។ គិតត្រម ៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២,៣ម៉ឺនគ្រាប់ និងមានមនុស្សស្លាប់ និងរងរបួសចំនួន២១នាក់ ដោយសារគ្រាប់មីន។ នេះបើតាមលោក ហេង រតនា៕
 

Tag:
 គ្រាប់បែកដៃ
  CMAC
  ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com