COVID-19
ជាតិ
លោក ឃួង ស្រេង សម្រេចបិទផ្សារកណ្តាល១៤ថ្ងៃ តែបើកផ្សារបឹងកេងកេងឡើងវិញ
12, Jul 2021 , 8:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រចបិទផ្សារកណ្តាល  រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា ក្រោយពីមានអាជីករមួយចំនួនឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏បានសម្រេចបើកដំណើរផ្សារបឹងកេងកេងឡើងវិញ។



លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១២ ខែកក្កដាថា ការបិទផ្សារនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ក្នុងអំឡុងបិទផ្សារកណ្តាលនេះ ហាមអាជីវករ និងពលរដ្ឋជួបជុំ និងចេញចូលផ្សារជាបណ្តោះអាសន្ន។ 

លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករ ឬអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រួសរាន់ទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនឲ្យបានខ្ជាប់ខ្ជួន។
 
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ប្រសិនជាអាជីវករទាំងអស់ មិនគោរពតាមការណែនាំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទេនោះ ពួកគេមិនអាចបើកដំណើរការលក់ដូរ ក្រោយពេលដែលផ្សារបើកដំណើរកាលឡើងវិញឡើយ។ 

ទន្ទឹមនឹងផ្សារកណ្តាលត្រូវបានផ្អាកដំណើរការ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល២សប្តាហ៍កន្លងមក ដោយសារមានអាជីករមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។

បច្ចុប្បន្នផ្សារធំៗចំនួន២ហើយដែលនៅតែបន្តផ្អាកដំណើរការ នោះគឺផ្សារអូឡាំពិក និងផ្សារកណ្តាល។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦១៨៧០ នាក់ ក្នុងនោះករណីនាំចូលមានចំនួន ៤៨៧៣នាក់។ អ្នកជាសះស្បើយមាន ៥៣៤៧៧ នាក់ និងស្លាប់សរុប ៩២៥នាក់៕ 
 

Tag:
 សង្គម
 កូវីដ-១៩
  ផ្សារកណ្ដាល
  ផ្សារបឹងកេងកង
© រក្សាសិទ្ធិដោយ thmeythmey.com