អន្តរជាតិ
ឥណ្ឌា៖ មនុស្ស១១នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងថតសែលហ្វី
12, Jul 2021 , 10:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ដោយ៖ឈួ ស៊ាវយីងជាវ

ហេតុការណ៍រន្ទះបាញ់ នៅថ្ងៃទី១១ ខែកក្កដា បានសម្លាប់មនុស្សយ៉ាងណាស់ណាស់ ១១នាក់ ដែលកំពុងថតសែលហ្វី និងរបួសជាច្រើននាក់ នៅទីក្រុង Jaipur ប្រទេសឥណ្ឌា។ នៅតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌា ក៏បានរាយការណ៍ ករណីស្លាប់ដោយសាររន្ទះបាញ់ផងដែរ។

 
ឧបទ្ទវហេតុរន្ទះបាញ់ដ៏សាហាវ បានកើតឡើងនៅរដ្ឋ Rajasthan ក្នុងក្រុង Jaipur ភាគខាងជើងនៃឥណ្ឌា បណ្តាលឱ្យមានអ្នកស្លាប់ចំនួន១១នាក់ និងរបួសជាច្រើននាក់។ អ្នកទាំងនោះ បានឈរថតរូបនៅលើកំពូលកំពែង Amer Fort ខណៈពេលកំពុងភ្លៀង។ ស្របពេលហេតុការណ៍រន្ទះបាញ់នោះ វាក៏មានវត្តមាន មនុស្សចំនួន ២៧នាក់កន្លែងនោះដែរ។ មន្រ្តីប៉ូលិសឥណ្ឌា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភាគច្រើននៃអ្នកស្លាប់ គឺជាយុវវ័យ។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ India TV មនុស្សយ៉ាងហោចណាស់ ចំនួនយ៉ាងហោចណាស់ ១៨នាក់ បានទទួលមរណភាព ដោយសាររន្ទះបាញ់នៅក្នុងរដ្ឋ Rajasthan។ ទាក់ទិននឹងបញ្ហានេះ ប្រធានរដ្ឋមន្រ្តីរដ្ឋ Rajasthan លោក Ashok Gehlot បានប្រកាសផ្តល់ថវិការចំនួន ៦៧០០ដុល្លារ ដល់គ្រួសារសព។  នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្រ្ទា ម៉ូឌី បានផ្ញើសារចូលរួមរំលែកទុក្ខផង។
 
ក្នុងថ្ងៃដដែល ប្រជាជនឥណ្ឌាស្លាប់ ដោយសាររន្ទះបាញ់ ក៏កើតមាននៅតំបន់ផ្សេងដែរ។ ស្រុកចំនួន១១ក្នុងរដ្ឋ Uttar Pradesh រាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៨នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់។ គិតត្រឹមរយៈពេល ២៤ម៉ោង រដ្ឋទាំងពីរខាងលើ មានអ្នកស្លាប់ដោយសាររន្ទះបាញ់កើនដល់ប្រមាណ ៦០នាក់។ 
 
រដូវមូសុងឥណ្ឌា តែងតែមានភ្លៀងធ្លាក់ខ្លាំងចាប់ពីខែ មិថុនា ដល់ខែ កញ្ញា។ បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ករណីស្លាប់ដោយសាររន្ទះ បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ១៩៦០មក។ មូលហេតុនៃការកើនឡើងនេះ ត្រូវកំណត់ថាមកពីវិបត្តិអាកាសធាតុ។
 
ទិន្នន័យមួយទៀត បង្ហាញថា ឧបទ្ទវហេតុនៃរន្ទះបាញ់បានកើនឡើងខ្លាំងចន្លោះពី៣០ភាគរយ ទៅ៤០ភាគរយចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ កាលពីឆ្នាំ២០១៨ រដ្ឋ Andhra Pradesh មានកត់ត្រារន្ទះបាញ់ ប្រមាណ ៣៦៧៤៩ ដងត្រឹមរយៈពេល១៣ម៉ោងប៉ុណ្ណោះ៕ 
 

Tag:
 ឥណ្ឌា
  រន្ទះបាញ់
© រក្សាសិទ្ធិដោយ thmeythmey.com