កីឡាអន្តរជាតិ
អន្តរជាតិ
មិនមែនតែកូវីដ-១៩ទេ គ្រោះរញ្ជួយដី ព្យុះទីហ្វុងក៏គំរាមអូឡាំពិកក្រុងតូក្យូដែរ
13, Jul 2021 , 9:29 am        
រូបភាព
ជំងឺកូវី-១៩ ជាហានិភ័យចម្បងបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ២០២០។ ក្រៅពីនេះ អ្នកជំនាញព្រមានថា អ្នករៀបចំកម្មវិធីកីឡារដូវក្តៅនៅប្រទេសជប៉ុន នឹងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងទៀតដោយគ្រោះមហន្តរាយធម្មជាតិ។


លោក Hirotada Hirose អ្នកឯកទេសខាងការសិក្សាអំពីហានិភ័យនៃគ្រោះមហន្តរាយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រៅពីជំងឺរាតត្បាយ ជប៉ុននឹងជួបគ្រោះរញ្ជួយដី និងព្យុះទីហ្វុងអំឡុងពេលដំណើរការកីឡាអូឡាំពិក ដែលរៀបចំចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា។
 
លោកសាស្រ្តាចារ្យនៅសកលវិទ្យាល័យគ្រី Tokyo Woman's Christian University ក្រុងតូក្យូបានបន្ថែមថា៖ «សម្រាប់អ្នករៀបចំវិធានការការឆ្លងគឺជាបញ្ហាប្រឈមបន្ទាន់មួយ។ ប៉ុន្តែហានិភ័យនៃការរញ្ជួយដីដ៏ធំ អ្នកមិនត្រូវបំភ្លេចឡើយនៅពេលអូឡាំពិករៀបចំឡើងដោយប្រទេសជប៉ុន»។
 
«Ring of Fire» ដែលជាធ្នូនៃសកម្មភាពរញ្ជួយខ្លាំងដែលលាតសន្ធឹងពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងទឹកប៉ាស៊ីហ្វិក។
 
ប្រទេសជប៉ុនស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាធ្នូនៃសកម្មភាពរញ្ជួយ និងជាជម្រកនៃភ្នំភ្លើងសកម្មជាច្រើនផងដែរហើយតែងតែទទួលរងការវាយប្រហារដោយព្យុះទីហ្វុង ដែលចាប់ផ្តើមកើតឡើងចន្លោះពីខែឧសភា ដល់តុលា ហើយកម្រិតធ្ងន់ធ្ងរនៅក្នុងខែសីហា និងខែកញ្ញា។
 
ជប៉ុន ធ្លាប់ធ្វើជាម្ចាស់ផ្ទះបាល់ឱបពិភពលោក Rugby World Cup នៅឆ្នាំ ២០១៩ ប៉ុន្តែ ជំនួបចំនួន៣ប្រកួត ត្រូវបានលុបចោលដោយសារតែព្យុះទីហ្វុង Hagibis ដែលបានសម្លាប់មនុស្សជាង១០០នាក់ និងបង្កជាទឹកជំនន់ផង។
 
ដោយឡែកលោក Toshiyasu Nagao អ្នកជំនាញផ្នែកសិក្សាអំពីការព្យាករណ៍ការរញ្ជួយដីបាន និយាយថាហានិភ័យគឺពិតជាមាន។ «គ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើការរញ្ជួយដីដ៏ធំមួយបានវាយប្រហារក្រុងតូក្យូនៅថ្ងៃស្អែក។ មិនត្រឹមតែក្រុងតូក្យូទេ ហានិភ័យនៃការរញ្ជួយដីគឺមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន»។ លោក Nagao ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូច្នេះ។
 
ត្រឡប់មកវិញ ម្ចាស់ផ្ទះជប៉ុន រួមទាំងអត្តពលិកទាំងទាំងអស់ដែលទៅចូលរួមអូឡាំពីរដូវក្តៅ មិនត្រឹមតែជួបបញ្ហាជំងឺកូវីដ-១៩ ហើយថែមទាំងមានហានិភ័យខ្ពស់ជាមួយគ្រោះធម្មជាតិ ដូចជារញ្ជួយដី និងព្យុះទីហ្វុងជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com