អន្តរជាតិ
ប្រមុខ WHO ទទូចឱ្យគិតគូរប្រទេសគ្មានវ៉ាក់សាំងគ្រប់គ្រាន់ ជាជាងរឿងដូសទី៣
13, Jul 2021 , 11:59 am        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបថត Xinhua
ដោយ: ថ្មីៗ
ប្រទេសអ្នកមាន មិនគួរបញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាជនទទួលបានវ៉ាក់សាំងពេញលេញឡើយ ខណៈប្រទេសផ្សេងទៀត មិនទាន់មានវ៉ាក់សាំងសម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន។ អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែកក្កដា ដោយបន្ថែមថា ពេលនេះ វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា កំពុងតែអុកឡុកខ្លាំងនៅលើពិភពលោក។

 
បណ្តាប្រទេសមួយចំនួន ដូចជាអាមេរិក ប្លុកអឺរ៉ុប និងអាស៊ីខ្លះ  កំពុងគិតគូផ្តល់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាជនខ្លួន ដោយសារករណីឆ្លងនៅតែបន្តកើតមាន បើទោះប្រជាជនបានទទួលវ៉ាក់សាំងពេញលេញហើយក្តី។ 
 
ទាក់ទិននឹងបញ្ហានេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក  Tedros Adhanom Ghebreyesus បានជំរុញឱ្យគិតគូរពីប្រទេសមួយចំនួន ដែលមិនទាន់មានវ៉ាក់សាំងចាក់ឱ្យប្រជាជន ជាជាង គិតគូវ៉ាក់សាំងដូសទី៣។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១២ ខែកក្កដា លោក Tedros បានសង្កត់ធ្ងន់ថា ករណីស្លាប់ បានហក់ឡើងជាថ្មី និងវីរុសទម្រង់ដែលតា កំពុងតែរីកសាយលើពិភពលោក ស្របពេលបណ្តាប្រទេសមួយចំនួន មិនមានវ៉ាក់សាំងចាក់។ មកទល់ពេលនេះ វីរុសដែលតា បានរកឃើញនៅក្នុងប្រទេសចំនួន១០៤ ហើយ។
 
«គម្លាតនៃការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើពិភពលោក គឺមិនស្មើភាព និងសមភាព»។ ប្រមុខអង្គការ WHO បានបន្តបែបនេះ ដោយបន្ថែមថា ប្រទេស និងតំបន់ជាច្រើន បានបញ្ជាទិញវ៉ាក់សាំងជាច្រើនលានដូសសម្រាប់ដូសទី៣ ដល់ប្រជាជនរបស់ខ្លួន មុនពេលបណ្តាប្រទេសផ្សេងទៀតទទួលបានវ៉ាក់សាំងសម្រាប់ចាក់ឱ្យគ្រូពេទ្យ និងក្រុមមនុស្សងាយរងគ្រោះ។ 
 
ក្នុងសន្និសីទដដែលនេះ លោក Tedros បានចង្អុលបង្ហាញថា ក្រុមហ៊ុនផលិតឱសថដូចជាPfizer និងModerna ដែលនឹងផ្តល់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រទេសអ្នកមាន គួរតែផ្តល់វ៉ាក់សាំងរបស់ខ្លួន តាមរយៈយន្តការ COVAX ឱ្យទៅប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ ប្រធានអ្នកវិទ្យាសាស្រ្តរបស់អង្គការ WHO លោកស្រីSoumya Swaminathan បានលើកឡើងថា អង្គការសុខភាពពិភពលោក មិនទាន់ឃើញមានភស្តុតាងចាំបាច់ណាមួយ សម្រាប់ចាក់វ៉ាក់សាំងបន្ថែមដល់អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញនៅឡើយទេ។ បើតាមប្រធានអ្នកវិទ្យាសាស្រ្តរូបនេះ ការបញ្ជាក់ខាងលើ គឺផ្អែកតាមវិទ្យាសាស្រ្ត និងទិន្នន័យ ប៉ុន្តែវាមិនមែនតាមក្រុមហ៊ុនឱសថឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រី Soumya ក៏បានព្រមានការផ្តល់វ៉ាកសាំងក្រុមហ៊ុនខុសគ្នា ដល់ប្រជាជនផងដែរ ថា វាគឺជារឿងគ្រោះថ្នាក់មួយ ដោយសារ ពេលនេះ វាមិនទាន់មានទិន្នន័យគ្រប់គ្រាន់។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ពិភពលោក មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៨៨លានករណីហើយ ខណៈអ្នកស្លាប់បានកើនដល់ជាង ៤លាននាក់។ អ្នកជាសះស្បើយមានចំនួនជិត ១៧២លាននាក់៕ 
 

Tag:
 WHO
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com