កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ ថ្ងៃ​ទី​១៧​ ខែ​ធ្នូ កម្ពុជា​បាន​មេដា​យមា​ស​១ និង​សំរិ​ទ្ធ១ ពី​ប៉េតង់
17, Dec 2013 , 11:49 pm        
រូបភាព
កីឡាការិនី កែ ឡេង បាន​សាង​កិត្តិយសជាច្រើន​ជូន​ជាតិ​ទាំង​ក្នុង​តំបន់ និងពិភពលោក។ រូបថត NagaWorld/Kem Sovanna
កីឡាការិនី កែ ឡេង បាន​សាង​កិត្តិយសជាច្រើន​ជូន​ជាតិ​ទាំង​ក្នុង​តំបន់ និងពិភពលោក។ រូបថត NagaWorld/Kem Sovanna
ដោយ: រួបរួម
នៅ​ថ្ងៃអង្គារ ទី​១៧ ខែ​ធ្នូ មាន​តែ​កីឡាកា​រិនី កែ ឡេង និង កីឡា​ករ ឌី សុបញ្ញា ប៉ុណ្ណោះ​ដែល​ដណ្តើម​បាន​មេដាយ​សម្រាប់​ក្រុម​កម្ពុជា​ក្នុងព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម។ កីឡាការិនីប៉េតង់ កែ ឡេង សម្រេច​បាន​ស្នាដៃយ៉ាង​ត្រចះត្រចង់ក្នុងការ​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញាសាស៊ុតផ្នែក​នារី ខណៈ​កីឡាករ ឌី សុបញ្ញា ទទួល​បាន​ត្រឹម​មេដាយ​សំរិទ្ធ​លើ​វិញ្ញាសាស៊ុត​ផ្នែក​បុរស។

 

នាការ​ប្រកួត​វិលជុំ កែ ឡេង បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដោយរក​បាន​ត្រឹម​២៥ពិន្ទុ ហើយ​ត្រូវ​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនី​វៀត​ណាម Nguyen Thi Thi ដែលរក​​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​រហូត​ដល់​ទៅ៤៦ពិន្ទុ។   

នៅ​ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កែ ឡេង បាន​បំបាក់កីឡាការិនីវៀតណាម​ក្នុងលទ្ធ​ផល ៣៤-១៧ ហើយ​បន្ត​យក​ជ័យ​ជម្នះ​លើកីឡាការិនី​ថៃ Potjanaseni Pawinee ក្នុងលទ្ធ​ផល ៣០-១៦ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។  

កីឡាការិនី កែ ឡេង បាន​ក្លាយ​ជាជ័យលាភី​មេដាយ​មាស​ទី​៥​របស់កម្ពុជា ខណៈមេដាយមាស​ចំនួន​៤​ទៀត​ទទួល​បាន​ពី​កីឡា​ចំបាប់។ ក្នុងវិញ្ញាសានេះ កែ ឡេង បាន​មេដា​យមា​ស ថៃបាន​ប្រាក់ ខណៈវៀត​ណាម និងឡាវ បាន​សំរិទ្ធ។  

ដោយ​ឡែក កីឡាករ ឌី សុបញ្ញា បាន​ទទួល​ត្រឹម​មេដាយ​សំរិទ្ធ ដោយ​សាររូប​គេ​បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡា​ករវៀតណាម Nguyen Van Quang ក្នុងលទ្ធផល ២២-៤០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ សុបញ្ញា បាន​មេដាយ​សំរិទ្ធស្ទួនជាមួយកីឡាករថៃ ខណៈ​ឡាវ​បាន​មាស វៀតណាម​បាន​ប្រាក់។  

រីឯការ​ប្រកួត​ប្រភេទ​កីឡា​ផ្សេងទៀត​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ រួមមាន ហុកគីនារី អត្តព​ល​កម្ម វាយកូនគោល បាល់ទះ ខេម​បូ និងវាយកូន​ឃ្លីលើតុ ជាដើម មិនទទួល​បាន​លទ្ធ​ផល​អ្វី​ជា​ដុំកំ​ភួន។  

គិត​ត្រឹម​ថ្ងៃអង្គារ ​កម្ពុជា​រក​បាន​មេដាយ​សរុប​ចំនួន​២៥ ដែលក្នុងនោះមានមេដាយ​មាស​៥ ប្រាក់​៧ និង​សំរិទ្ធ​១៣។ ថៃ​បន្ត​ឈាន​មុខ​គេ​លើ​ចំនួនមេដាយ​ (មាស​៦៤ ប្រាក់​៥៥ និង​សំរិទ្ធ​៥៤) វៀតណាម​ស្ថិតនៅ​លំដាប់​លេខ​២ (៤៨-៤៣-៥២) បន្ទាប់មក ឥណ្ឌូនេស៊ី (៤៥-៥៦-៥៦) មីយ៉ាន់ម៉ា (៤២-៣៩-៤៦) ម៉ាឡេ​ស៊ី (២៧-២៥-៤៦) សិង្ហបុរី (២២-២០-៣១) និងហ្វីលីពីន (១៤-២០-២៥)។  

យោងតាម​តារាងមេដាយមាស កម្ពុជា (៥-៧-១៣) ស្ថិ​តនៅពី​លើឡាវ (៤-៧-២២) ប្រ៊ុយណេ (១-១-៤) និង​ទីម័រ​ខាង​កើត ដែល​ទើប​ដណ្តើម​បានមេ​ដាយមាស​១លើវិញ្ញាសា Kempo៕  

© រក្សាសិទ្ធិដោយ thmeythmey.com