ជាតិ
សង្គមជាតិ
COVID-19៖ រដ្ឋាភិបាលផ្ដល់ថវិកា១០០លានរៀល ដល់គ្រួសារសព ២០នាក់ នៅកំពង់ស្ពឺ
13, Jul 2021 , 8:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
រូបភាពពីហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលផ្ដល់ថវិកា១០០លានរៀល ដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២០នាក់ នៅកំពង់ស្ពឺ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

 
លោក វ៉ី សំណាង បានប្រគល់ថវិកា ៥លានរៀល ក្នុងមួយគ្រួសារ ដែលមានសមាជិក ស្លាប់ដោយសារជំងឺកូវីដ-១៩ហើយ។ បើតាមអភិបាលរូបនេះ ការផ្ដល់ថវិកាជូនគ្រួសារសពទាំងនេះ គឺជាជំហានទីមួយប៉ុណ្ណោះ ពោលបានន័យថា គ្រួសារស្លាប់ដោយសារកូវីដ-១៩ ផ្សេងទៀត ក៏ទទួលបានថវិកា ៥លានរៀលដូចគ្នាដែរ នៅដំណាក់កាលបន្ទាប់។ 
 
អភិបាលខេត្តកំពង់ស្ពឺរូបនេះ បញ្ជាក់បែបនេះ៖«ជំងឺនេះមិនរើសវ័យទេ តែយើងសង្កេតឃើញថា ក្នុងខេត្តកំពង់ស្ពឺ អ្នកស្លាប់ដោយសារជំងឺនេះ មានវ័យចំណាស់ និងអ្នកមានជំងឺប្រចាំកាយ។ ម្យ៉ាងទៀត បណ្ដាលមកពីពួកគាត់ មានភាពយឺតយ៉ាវ ក្នុងការទៅទទួលការព្យាបាលជំងឺ»។
 
គិតត្រឹមថ្ងៃទី១២ ខែកក្កដា ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ សរុប ៣ ២៣២នាក់។ រីឯ អ្នកកំពុងសម្រាកព្យាបាល សរុប ៨០៤នាក់ ខណៈអ្នកស្លាប់ មានចំនួន ៧២នាក់។ នេះបើតាមលោក វ៉ី សំណាង។
 
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងខេត្ត ដែលមានអាយុចាប់ពី ១៨ឆ្នាំ
ជាង ២៨ម៉ឺននាក់ហើយ ក្នុងចំណោមពលរដ្ឋ ៨៧ម៉ឺននាក់ ។ ជាគោលការណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ មានផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋឱ្យបាន ៧៨ម៉ឺននាក់។
 
បន្ថែមពីនេះអភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ក្លាហាន ទៅរកសេវាព្យាបាលជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺនេះ។
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ៦២ ៧០០នាក់។ អ្នកជាសះស្បើយ សរុប ៥៤ ៤៨៩នាក់ ខណៈអ្នកស្លាប់កើនដល់ ៩៥៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com