ជាតិ
សង្គមជាតិ
ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ខណ្ឌដូនពេញ​ដែលជា​ជំនួយ​ជប៉ុន នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​សុក្រ​នេះ​
13, Jul 2021 , 8:15 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ការដ្ឋាន​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រឡាយ​លូ​ជំហាន​៤ ក្នុង​ខណ្ឌដូនពេញ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នឹងត្រូវ​ដាក់ឱ្យ​ដំណើរ​បណ្តោះអាសន្ន នៅ​ថ្ងៃ​សុក្រ ទី​១៦ កក្កដា​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរសាធារណការ ​និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ។



​តាម​ប្រភពដដែល បច្ចុប្បន្ន​ការសាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នេះ សម្រេចការ​បាន​៩៨​ភាគរយ​ហើយ ដោយ​ដាក់លូ​មេ ជា​ប្រភេទ​លូ​មូល និង​លូ​ប្រអប់​ខ្នាត​ធំ ដែលមាន​អង្កត់ផ្ចិត​១.៥​ម៉ែត្រ ដល់​២.៣​ម៉ែត្រ​។ អាង​ក្រោម​ដី ដែល​ស្តុក​ទឹកបាន​៦៥,០០០​ម៉ែត្រគូប និង​ស្ថានីយ៍​បូមទឹក​ថ្មី ដែល​អាច​បូមទឹក​ក្នុង​ទំហំ ១.៤​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ក៏ត្រូវ​បាន​សាងសង់ ក្នុង​គម្រោង​នេះដែរ​។ មន្ទីរ​សាធារណការរាជធានីភ្នំពេញ បញ្ជាក់ទៀតថា គម្រោង​នេះ នឹង​អាច​បញ្ឈប់​ការ​លិច​ទឹក​នៅ​តំបន់​ជុំវិញ និង​ខាងជើង​វត្តភ្នំ រួមមាន​ផ្លូវ​លេខ​៤៧, ផ្លូវ​លេខ​៩០ និង​ផ្លូវ​លេខ​៩២ ជាដើម​។​
 
​សូមជម្រាបថា ការសាងសង់​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​នេះ បានចាប់ផ្តើម​កាលពីដើម​ខែមីនា ឆ្នាំ​២០១៩​។ វា​ស្ថិត​ក្នុងចំណោម​គម្រោងកា​រពារ​ទឹកជំនន់​ចំនួន​៦ ដែល​សាងសង់ឡើង​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA៕

© រក្សាសិទ្ធិដោយ thmeythmey.com