ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អន្តរជាតិ
ជំងឺខ្លាញ់រុំបេះដូង មិនមែនកើតតែលើអ្នកធាត់ឡើយ
14, Jul 2021 , 8:19 pm        
រូបភាព
មនុស្សជាច្រើនតែងគិតថា មានតែអ្នកធាត់ ឬលើសទម្ងន់ប៉ុណ្ណោះ ដែលប្រឈមហានិភ័យនៃជំងឺខ្លាញ់រុំបេះដូង ប៉ុន្តែវាមិនបែបនោះទេ។ ជំងឺខ្លាញ់រុំបេះដូង មិនបានជាប់ទាក់ទងនឹងបញ្ហាទម្ងន់ទាំងស្រុងឡើយ។ អ្នកមានជំងឺធាត់ មិនមែនសុទ្ធតែមានជំងឺខ្លាញ់រុំបេះដូង ហើយអ្នកស្គមក៏មិនប្រាកដថាមានសុខភាពបេះដូងល្អនោះដែរ។

 
ជំងឺខ្លាញ់រុំបេះដូង ពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះវាបង្កើនហានិភ័យនៃជំងឺខ្សោយបេះដូង។ របាយការណ៍នៃការសិក្សាថ្មី ដែលចេញផ្សាយក្នុងទិនានុប្បវត្តិមហាវិទ្យាល័យផ្នែកបេះដូងរបស់អាមេរិក បានបង្ហាញថា ជំងឺខ្លាញ់រុំបេះដូង ភាគច្រើនកើតលើស្ត្រី ហើយវាមិនពាក់ព័ន្ធជាមួយទម្ងន់របស់មនុស្សទាំងស្រុងទេ។ ភាពមានរាងកាយត្រឹមត្រូវតាមស្តង់ដា មិនបានបញ្ជាក់ថា អ្នកមិនមានជាតិខ្លាញ់ជុំវិញបេះដូងនោះទេ គ្រាន់តែអ្នកធាត់ទំនងជាអាចប្រឈមនឹងជំងឺនេះខ្ពស់ជាង។ 
 
អំណះអំណាងខាងលើ ត្រូវបានផ្អែកលើអ្នកចូលរួមចំនួន ៦៧៨៥នាក់។ ក្នុងការសិក្សានោះ គេបានរកឃើញថាអ្នកលើសទម្ងន់ដែលមានសន្ទស្សន៍ម៉ាស់រាងកាយចន្លោះ ២៥ ទៅ៣០ មានប្រមាណ ២៩ភាគរយ អាចកើតជំងឺខ្លាញ់រុំបេះដូង ខណៈអ្នកមានជំងឺធាត់ខ្លាំង ដែលមានសន្ទស្សន៍ម៉ាស់រាងកាយលើសពី ៣០ មានប្រមាណ ៥៥ភាគរយ។ ផ្ទុយទៅវិញ អ្នកមានសន្ទស្សន៍ម៉ាស់រាងកាយតិចជាង២៥ ឬមានទម្ងន់ល្អ ប្រឈម ប្រមាណ១០ភាគរយ នៃការកើតជំងឺខ្លាញ់រុំបេះដូងដែរ។
 
«ការសិក្សានេះ គឺជាឧទាហរណ៍ដ៏ល្អមួយ ដើម្បីបង្ហាញថាហេតុអ្វីអ្នកផ្តល់សេវាថែទាំសុខភាពណែនាំឱ្យអ្នកផ្តោតការយកចិត្តទុកដាក់លើឥរិយាបទ ធ្វើឱ្យមានសុខភាពល្អ ដោយមិនគិតត្រឹមតែទម្ងន់រាងកាយប៉ុណ្ណោះទេ»។ នេះបើតាមការពន្យល់របស់អ្នកនាំពាក្យបណ្ឌិតសភាផ្នែកអាហារូបត្ថម្ភ និងរបបអាហារ លោកស្រី Julie Stefanski។ 
 
ជំងឺខ្លាញ់រុំបេះដូងអាចបង្កឱ្យស្ទះសរសៃឈាម ឬខ្សោយបេះដូង។ ជំងឺនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា ការជក់បារី ជំងឺលើសឈាម ការមានជាតិកូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។ លើសពីនេះ ការមិនហាត់ប្រាណទៀងទាត់ ក៏អាចធ្វើឱ្យអ្នកប្រឈមនិងជំងឺខ្លាញ់រុំបេះដូងដែរ ហើយវាមិនអាស្រ័យលើទម្ងន់នោះទេ។ 
 
ដើម្បីចៀសផុតពីជំងឺមួយនេះ អ្នកជំនាញបានណែនាំឱ្យអ្នកទទួលទានអាហារល្អ ចំពោះសុខភាព និងហាត់ប្រាណឱ្យបានទៀងទាត់។ របបអាហារល្អចំពោះសុខភាព ត្រូវបានគេរាប់បញ្ចូលមានដូចជា បន្លែ ផ្លែឈើ ដែលសម្បូរជាតិសរសៃ គ្រាប់ធញ្ញជាតិ គ្រឿងសមុទ្រ និងទទួលទានអាហារសម្បូរជាតិអូមេហ្គា៣ ឬអាហារគ្មានពពួកសាច់ឱ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ចំណែកការហាត់ប្រាណវិញ អ្នកជំនាញបានណែនាំ ឱ្យធ្វើប្រហែលពី ៣០នាទី ទៅ ៤៥នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបានសុខភាពល្អ៕ 
 

Tag:
 ជំងឺខ្លាញ់រុំបេះដូង
© រក្សាសិទ្ធិដោយ thmeythmey.com