COVID-19
អន្តរជាតិ
កាណាដា អាចបើកប្រទេសទទួលជនបរទេសចាក់វ៉ាក់សាំងរួចនៅដើមខែកញ្ញា
16, Jul 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា លោកចាស្ទីន ទ្រូដូ។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីកាណាដា លោកចាស្ទីន ទ្រូដូ។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី១៥ ខែកក្កដា បានប្រកាសថា កាណាដា អាចអនុញ្ញាតឱ្យអ្នកដំណើរទទួលបានវ៉ាក់សាំងពេញលេញ ចូលមកក្នុងប្រទេស ត្រឹមដើមខែកញ្ញា ប្រសិនបើអត្រាផ្តល់វ៉ាក់សាំង និងលក្ខខណ្ឌសុខាភិបាលនៅតែមានភាពល្អប្រសើរដូចក្នុងពេលបច្ចុប្បន្ន។


កាណាដា គ្រប់គ្រងករណីឆ្លងជំងឺកូវីដ-១៩ បានល្អមួយនៅក្នុងប្រទេស ដោយករណីឆ្លងប្រចាំថ្ងៃមានមិនលើសពី១០០០ករណីឡើយ។ នៅថ្ងៃទី១៥ ខែកក្កដា កាណាដា បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ត្រឹមតែ៤១៥ករណីប៉ុណ្ណោះ និងអ្នកស្លាប់មានចំនួន ១៤នាក់។ 
 
ដោយស្ថានភាពជំងឺកូវីដ-១៩ ហាក់មានភាពល្អប្រសើរ កាណាដា អាចនឹងបើកប្រទេសទទួលអ្នកដំណើរទទួលវ៉ាក់សាំងពេញលេញ ត្រឹមដើមខែកញ្ញាខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាករដ្ឋមន្រ្តី លោកចាស្ទីន ទ្រូដូ បានកត់សម្គាល់ថា ប្រសិនបើអត្រាផ្តល់វ៉ាក់សាំង និងលក្ខខណ្ឌសុខាភិបាលនៅតែល្អប្រសើរ កាណាដា អាចនឹងទទួលអ្នកដំណើរមកពីប្រទេសទាំងអស់ នៅត្រឹមដើមខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
 
ទន្ទឹមនេះ កាណាដា ក៏កំពុងចរចាជាមួយអាមេរិក លើគម្រោងបើកប្រទេសឡើងវិញ ដោយកាណាដា អាចទទួលពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្រ្តៃយ៍នៅកាណាដាទទួលវ៉ាក់សាំងរួចរាល់ ត្រឹមពាក់កណ្តាលខែសីហា សម្រាប់ការធ្វើដំណើរមិនចាំបាច់។ 
 
ប្រជាជនកាណាដា ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ មានចំនួន៧៨ភាគរយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់១ដូស។ លើសពីនេះ ចំនួនប្រជាជនប្រមាណ ៤៤ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីដឹកជញ្ជូន ក៏បានប្រកាសផងដែរថា កាណាដា នឹងទទួលនាវាដឹកភ្ញៀវទេសចរវិញ នៅក្នុងខែវិច្ឆិកា ប៉ុន្តែនាវាទាំងនោះ ត្រូវគោរពតាមគោលការណ៍សុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ ។ កាណាដា បានហាមឃាត់នាវាដឹកភ្ញៀវទេសចរចូលមកក្នុងប្រទេសរយៈពេលជាង ១ឆ្នាំហើយ ដោយបារម្ភពីករណីឆ្លងក្នុងនាវាកើតឡើង។ 
មកទល់ពេលនេះ កាណាដា មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១,៤លាននាក់ ដោយអ្នកស្លាប់មានចំនួនជាង ២ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១,៣លាននាក់៕ 
 

Tag:
 កាណាដា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com