កីឡាអន្តរជាតិ
អន្តរជាតិ
Gattuso តូចចិត្តមិនបានដឹកនាំ Spurs ដោយសារការរិះគន់លើអ៊ីនធឺណិត
20, Jul 2021 , 10:29 pm        
រូបភាព
លោក Gennaro Gattuso នៅថ្ងៃទី១៩ ខែកក្កដា បង្ហាញការឈឺចាប់ បន្ទាប់ពីខកខានបំពេញការងារជាអ្នកចាត់ការទូទៅក្រុម Tottenham Hotspur ដោយសារតែពាក្យរិះគន់លោកជុំវិញការរើសអើងជាតិសាសន៍នៅលើប្រព័ន្ធអ៊ីនធឺណិត។


 
អតីតអ្នកចាត់ការ AC Milan និង Napoli រូបនេះ ស្ទើតែក្លាយជាអ្នកជំនួសលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងទៅហើយ។ ប៉ុន្តែដោយសារពាក្យចោទប្រកាន់មួយចំនួនរបស់អ្នកគាំទ្រ Spurs លើអ៊ីនធឺណិត ខណៈលោកក៏មិនបានការពារខ្លួនវិញនោះ ឱកាសក្លាយជាគ្រូរបស់ក្លិបដ៏ល្បីនៅ Premier League ក៏ត្រូវបញ្ចប់ទៅវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ក្រោយមកក្រុមរហស្សនាមមាន់ខ្នាយមាស ក៏បានសម្រេចតែងតាំងលោក Nuno Espirito Santo អតីតគ្រូ Wolves ជាអ្នកចាត់ការថ្មីរបស់ពួកគេនៅថ្ងៃទី៣០ ខែមិថុនា។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានអ្នកគាំទ្រ Spurs ចោទថាជាមនុស្សស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា និងរើសអើងស្ត្រីក្នុងវិស័យបាល់ទាត់ជាដើម ចាប់តាំងពីលោក និងក្រុមអង់គ្លេសមួយនេះចរចាកិច្ចព្រមព្រៀងសម្រាប់តំណែងអ្នកចាត់ការ។
 
លោក Gattuso សារភាពថា ខ្លួនមានការឈឺចាប់ជាងត្រូវគេបណ្តេចញចេញពីតំណែង ឬបរាជ័យក្នុងការប្រកួតទៅទៀត ក្រោយមិនបានដឹកនាំ Spurs ដោយសារតែការចោទប្រកាន់លើបណ្តាញអ៊ីនធឺណិត។
 
«នេះជាការខកចិត្តដ៏ធំធេង។ ខ្ញុំសុំទោស ហើយក៏សោកស្តាយ ដែលខ្ញុំមិនអាចការពារខ្លួនខ្ញុំ និងពន្យល់ថាខ្ញុំមិនមែនជាមនុស្សដូចដែលពួកគេកំពុងចោទប្រកាន់ខ្ញុំ នៅទឹកដីអង់គ្លេសនោះ។ ខ្ញុំឈឺចាប់ជាងការបរាជ័យ ឬការបណ្តេញចេញពីតំណែង នៅពេលដែលយើងមិនដឹងថា អ៊ីនធឺណិតមានគ្រោះថ្នាក់ដល់កម្រិតនេះ»។ Gattuso រៀបរាប់ប្រាប់កាសែត Il Messaggero។
 
Gattuso ដែលជួយអ៊ីតាលីឈ្នះ World Cup ឆ្នាំ២០០៦ បានចាកចេញពីតំណែងគ្រូ Napoli នៅចុងបញ្ចប់នៃរដូវកាលមុន ដើម្បីផ្លាស់ទៅ Fiorentina ប៉ុន្តែត្រឹមរយៈពេល៣សប្តាហ៍ប៉ុណ្ណោះ ក៏ត្រូវចែកផ្លូវគ្នាវិញ ដោយសារមានបញ្ហាមួយចំនួន៕
 

Tag:
 Gennaro Gattuso
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com