ជាតិ
ព្រោះតែស្រឡាញ់ និងលើកកម្ពស់ការអាន លោក យាន រស្មី តែងទិញសៀវភៅចែកមិត្តភក្តិ និងអ្នកស្គាល់គ្នា
23, Jul 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក យាន រស្មី ដែលចូលចិត្តអានសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ សាសនា ប្រពៃណីនៃខ្មែរ និងក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ភាគច្រើនលោកប្រមូលទិញសៀវភៅទាំងនោះលើសពី១ក្បាល។ ហេតុផលដែលលោកធ្វើបែបនេះ គឺដើម្បីបង្ការក្រែងលោបាត់មួយក្បាលនៅសល់មួយក្បាល និងសម្រាប់ចែកឲ្យអ្នកដែលចូលចិត្តការអានសៀវភៅ។


រៀនផ្នែកប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌អាស៊ីអាគ្នេយ៍ ថ្នាក់ក្រោយបរិញ្ញាបត្រពីប្រទេសអង់គ្លេស និងថ្នាក់អនុបណ្ឌិតពីប្រទេសសិង្ហបុរី លោក យាន រស្មី ថាខ្លួនចូលចិត្តប្រមូលទិញសៀវភៅមកទុក ពិសេសសៀវភៅដែលកម្រៗ ឬមិនមានការបោះពុម្ពបន្ត។
 
មានអាយុជិត៣០ឆ្នាំ លោក យាន រស្មី បានកំពុងប្រកាសផ្ដល់សៀវភៅ២ចំណងជើង គឺសៀវភៅ”ស្បែកធំ” និងសៀវភៅ “គ្រឿងប្រាក់ខ្មែរ” ដែលមានប្រមាណ១០ក្បាល ទៅជូនមិត្តក្នុងហ្វេសប៊ុក។ លោកថាការផ្ដល់ជូននេះ ស្ថិតក្នុងលក្ខខណ្ឌ ពោលគឺទាល់តែអ្នកដែលចង់បាននោះ ជាអ្នកចូលចិត្តអានសៀវភៅ ឬមានទម្លាប់អានសៀវភៅ ទើបលោកផ្ដល់ជូន។
 
«សៀវភៅខ្លះគេបោះពុម្ពមានកំណត់ ហើយជាសៀវភៅកម្រ ដូច្នេះខ្ញុំគិតថា ប្រសិនបើមានគេខ្ចី ហើយបាត់ ខ្ញុំក៏នៅសល់មួយដែរ។ សៀវភៅខ្លះធូរថ្លៃ ដូច្នេះខ្ញុំប្រមូលទិញឱ្យបានច្រើន។ ម្យ៉ាងប្រសិនបើមានអ្នកណាគេចូលចិត្តអាន ខ្ញុំអាចជូនជាកាដូទៅគេ។ មិត្តក្នុងហ្វេសប៊ុករបស់ខ្ញុំភាគច្រើន ខ្ញុំស្គាល់ និងធ្លាប់ប្រាស្រ័យទាក់ទងគ្នា ដឹងថាគេធ្វើការអ្វី និងចូលចិត្តអ្វី ដូច្នេះបើខ្ញុំមើលឃើញថា គេចាប់អារម្មណ៍ការអាន ទើបខ្ញុំឱ្យ»។ 
 
មានបណ្ណាល័យផ្ទាល់ខ្លួនមួយឈ្មោះទីទុយ នៅក្នុងវិចិត្រសាលត្រជាក់ភ្នែក ក្នុងសណ្ឋាគារមួយ ជិតស្ថានទូតរុស្សី លោក រស្មី ថាលោកមិនផ្ដល់ជូនសៀវភៅនោះទៅបណ្ណាល័យ ក៏ព្រោះបណ្ណាល័យភាគច្រើន មានសៀវភៅទាំងនេះហើយ។ ទោះជាយ៉ាងណា បុរសមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ ក៏យល់ឃើញថា ប្រជាជនខ្មែរពុំទាន់មានទម្លាប់ ទៅអានសៀវភៅនៅបណ្ណាច្រើនល័យនៅឡើយ ទើបបានជាលោកឱ្យទៅបុគ្គលផ្ទាល់តែម្ដង។
 
«ខ្មែរយើងភាគច្រើនមិនទាន់មានទម្លាប់ទៅអានសៀវភៅនៅបណ្ណាល័យទេ។ ម្យ៉ាងបណ្ណាល័យរបស់យើងភាគច្រើន មិនទាន់មានកន្លែងអានស្រួល មានផាសុខភាព ឬក៏ជាកន្លែងគួរឱ្យទាក់ទាញ លើកលែងតែបណ្ណាល័យខេមរសិក្សានៅវត្តដំណាក់ក្នុងខេត្តសៀមរាប ដែលជាបណ្ណាល័យល្អជាងគេ ព្រោះមានទេសភាពស្អាត ហើយមានកន្លែងអង្គុយស្រួល ហ្នឹងជាបញ្ហាមួយដែរ»។
 
បុរសដែលមានសៀវភៅនៅក្នុងផ្ទះប្រមាណជិត២០០ក្បាលរូបនេះ ថាការផ្ដល់ជូនសៀវភៅដែលខ្លួនបានរក្សាទុកលើសចំនួនទៅជូនមិត្តនោះ មិនមែនជាលើកទីមួយឡើយ។ ពោលគឺលោក តែងតែធ្វើបែបនេះកន្លងមក តាមរយៈការប្រកាសតាមហ្វេសប៊ុក និងការជូនមិត្តដោយផ្ទាល់តែម្ដង។ 
 
លោក យាន រស្មី ដែលជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវ ប្រវត្តិសិល្បៈ វប្បធម៌ សាសនា និងទំនៀមទម្លាប់ខ្មែរ ក៏ដូចជាប្រវត្តិសាស្រ្ដសិល្បៈអាស៊ីអាគ្នេយ៍នោះ ថាលោកទទួលបានចំណេះ និងប្រយោជន៍ច្រើនពីសៀវភៅ ដោយពិបាកនឹងពណ៌នា។ ប៉ុន្តែលោកបញ្ជាក់ថា ការអានសៀវភៅច្រើនប្រភេទ ដែលមានទាំងប្រវត្តិសាស្ត្រសិល្បៈ នយោបាយ វប្បធម៌ សាសនា ធ្វើឱ្យលោកទទួលបានបទពិសោធជីវិត យល់ពីសង្គម ចេះសង្កេតពិនិត្យបានច្រើន និងមានជំនាញសរសេរជាដើម៕
 
 

Tag:
 សៀវភៅ
  អប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com