ជាតិ
ឧតុនិយម៖ តំបន់សមុទ្រនឹងមានខ្យល់ខ្លាំង ហើយភ្លៀងក៏ខ្លាំងដែលធ្វើឲ្យរលកមានកម្ពស់ខ្ពស់
27, Jul 2021 , 11:53 am        
រូបភាព
ភ្លៀងធ្លាក់កន្លងមកនៅក្នុង ខេត្តកែប។ រូបថត ក្រសួងធនធានទឹក និងឧតុនិយម
ភ្លៀងធ្លាក់កន្លងមកនៅក្នុង ខេត្តកែប។ រូបថត ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៧ ខែកក្កដា នេះ បានចេញសេចក្តីជូនដំណឹង ណែនាំឲ្យពលរដ្ឋ ជាពិសេសអ្នក នៅតំបន់មាត់សមុទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូតធម្មជាតិ ខណៈ បច្ចុប្បន្នកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងលើប្រទេសថៃ ឡាវ និងវៀតណាម រួមទាំងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។

 
«តំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង ដោយនៅលើផ្ទៃសមុទ្រ មាន ខ្យល់ខ្លាំង ភ្លៀងក៏ខ្លាំងដែលធ្វើឲ្យរលកមានកម្ពស់ខ្ពស់»។ នេះជាការព្យាកររបស់ក្រសួងជំនាញ។
 
ទាក់ទងនឹងស្ថានភាពអាកាសធាតុពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដដែល  ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ទ្រាក់។ ដោយឡែក ខេត្តកំពង់ស្ពឺ, តាកែវ, កំពត, កណ្ដាល និងរាជធានីភ្នំពេញ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្គួរ។
 
ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ទ្រាក់។ 
ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសអ្នករស់នៅតំបន់មានមាត់សមុទ្រ និងលំហសមុទ្រ៕
 
 

Tag:
 អាកាសធាតុ
  សម្ពាធទាប ITCZ
© រក្សាសិទ្ធិដោយ thmeythmey.com