កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ កីឡាករហែលទឹកអាមេរិក Dressel Caeleb ឈ្នះមេដាយមាស៥
02, Aug 2021 , 8:59 am        
រូបភាព
ដោយ: រួបរួម
កីឡាករហែលទឹកអាមេរិក Dressel Caeleb បានឈ្នះមេដាយមាសចំនួន៥ក្នុងចំណោម៦វិញ្ញាសាដែលគេចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។

 
មេដាយមាស៣របស់ Dressel បានក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ Dressel ដោយនាំមុខ កីឡាករ បារាំង និងប្រេស៊ីល។ ការសម្រេចបានក្នុងថិរវេលា ២១.០៧វិនាទី បានក្លាយជាកំណត់ត្រាថ្មីនៅអូឡាំពិក។
 
សម្រាប់ ហែលសេរីចម្ងាយ១០០ម៉ែត្រ Dressel បានទៅដល់ទីមុនកីឡាករអូស្ត្រាលី និងអត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី ក្នុងថិរវេលា៤៧.០២វិនាទី ដែលជាកំណត់ត្រាថ្មីនៅអូឡាំពិកផងដែរ។ 
 
រីឯមេដាយមាសក្នុងវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ គេបានបញ្ចប់ទីមុនកីឡាករហុងគ្រី និងស្វីស ដោយប្រើថិរវេលា ៤៩.៤៥វិនាទី ដែលជាកំណត់ត្រាថ្មីលើពិភពលោក។
 
សម្រាប់វិញ្ញាសាជាក្រុម កីឡាករវ័យ២៤ឆ្នាំរូបនេះ បានមេដាយមាសលើវិញ្ញាសាហែលបណ្តាក់សេរី 4x100 ម៉ែត្រ ដោយនាំមុខក្រុមអ៊ីតាលី និងអូស្ត្រាលី។ ក្នុងវិញ្ញាសា 4x100m Medley Relay ក្រុមអាមេរិករបស់ Dressel បានឈ្នះក្រុមចក្រភពអង់គ្លេស និងអ៊ីតាលី។
 
ដោយឡែកសម្រាប់វិញ្ញាសាហែលចម្រុះបណ្តាក់ 4x100 ម៉ែត្រ ក្រុមរបស់ Dressel បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ ខណៈចក្រភពអង់គ្លេសបានមេដាយមាស ចិនបានមេដាយប្រាក់ និងអូស្ត្រាលី បានមេដាយសំរឹទ្ធ។
 
នេះជាមេដាយមាសសរុបចំនួន៧របស់ Dressel ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ២០១៦នៅ Rio de Janeiro គឺបានឈ្នះមេដាយមាសពីរលើវិញ្ញាសាសេរី 4x100m និងវិញ្ញាសា 4x100m Medley៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com