COVID-19
ជាតិ
ត្រឹមពីរថ្ងៃ កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ Delta ១០៩នាក់ ដោយ៥នាក់នៅភ្នំពេញ
02, Aug 2021 , 5:59 am        
រូបភាព
អាជ្ញាធរខេត្តឧត្តរមានជ័យបិទច្រកទ្វារព្រំដែនដែលជាប់ថៃ។ រូបថតរដ្ឋបាលខេត្ត
អាជ្ញាធរខេត្តឧត្តរមានជ័យបិទច្រកទ្វារព្រំដែនដែលជាប់ថៃ។ រូបថតរដ្ឋបាលខេត្ត
ដោយ: រួបរួម
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ដល់ទៅ១០៩ករណី ក្នុងនោះ៥ករណីនៅក្នុងរាជធានីភ្នំពេញ ចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ អ្នកជំងឺភាគច្រើនបំផុតគឺពលករមកពីថៃ។

 
លទ្ធផលវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា ចំនួន៤៣នាក់ (ស្រី២១នាក់) ហើយនៅថ្ងៃទី១ ខែសីហា រកឃើញ៦៦នាក់ (ស្រី២៧នាក់) បន្ថែមទៀត។
 
រាជធានីភ្នំពេញ មាន៥ករណី ដោយមាន១ករណីរកឃើញនៅថ្ងៃទី៣១ ខែកក្កដា លើពលករមកពីថៃ ដែលសម្រាកនៅមណ្ឌលព្យាបាលសែនសុខ  ហើយ៤ករណីទៀតនៅថ្ងៃទី១ ខែសីហា លើអ្នកជំងឺដែលទៅពេទ្យកាល់ម៉ែត្រខាងរោគស្ត្រី, បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត និងម្នាក់ទៀតជាអ្នកដំណើរបរទេសមកពីម៉ាឡេស៊ី។
 
ឧត្តរមានជ័យ មានករណីច្រើនជាងគេដោយសរុបទាំងពីរថ្ងៃមាន ៣៤ករណី។ ក្នុងចំណោម១៣ករណីនាថ្ងៃទី៣១ ខែកក្កដា មាន៤នាក់ឆ្លងក្នុងសហគមន៍ រីឯក្នុងចំណោម២១ករណីនាថ្ងៃទី១ ខែសីហា ក្រសួងសុខាភិបាលអះអាងថា អ្នកជំងឺដែលជាពលករ១២នាក់មកពីថៃ អាចប៉ះពាល់ប្រជាជនដែលលក់ដូរនៅក្នុងសហគមន៍ ហើយបុគ្គលិកសុខាភិបាល៩នាក់ ក៏បានឆ្លងផងដែរ។
 
១ករណីនៅកំពង់ធំ ដែលរកឃើញនៅថ្ងៃទី១ ខែសីហា គឺជាកូនកម្មករលើកជ័រនៅឧត្តរមានជ័យ ដែលធ្លាប់ប៉ះពាល់ជាមួយកម្មករមកពីថៃ។ កំពង់ចាម មាន២ករណី ក្នុងនោះ ១ករណីកើតលើអ្នកភូមិស្គន់ ស្រុកជើងព្រៃ។
 
ខេត្តផ្សេងទៀតរួមមាន ប៉ៃលិន (២៩ករណី), សៀមរាប (២២ករណី), បន្ទាយមានជ័យ (៧ករណី), បាត់ដំបង (៥ករណី), ត្បូងឃ្មុំ (២ករណី), ព្រៃវែង (២ករណី) ដោយអ្នកជំងឺសុទ្ធតែជាពលករមកពីថៃ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com