កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ ២០នាក់ស្លាប់ ក្នុងហេតុការបំផ្ទុះឡានដឹកកីឡាករនៅសូម៉ាលី
02, Aug 2021 , 10:13 am        
រូបភាព
យ៉ាងហោចណាស់កីឡាករបាល់ទាត់២០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងឡានដឹកកីឡាកររបស់ក្រុម JCCI FC នៃលីគកំពូលសូម៉ាលី។ ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេជឿជាក់ថា បង្កឡើងដោយក្រុមភេរវជន Al-Shabaab។


ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី៣១ ខែកក្កដានៅក្នុងទីក្រុង Kismayo ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រ ពីរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។ វាបានកើតឡើងអំឡុងពេលកីឡាករចូលរថយន្តក្រុងរបស់ក្រុម JCCI FC មុនចេញដំណើរទៅទីតាំងហ្វឹកហាត់ដើម្បីត្រៀមការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មីរបស់ពួកគេ។ 
 
ជាអកុសល មិនទាន់បានចេញដំណើរផងរថយន្តបានផ្ទុះឡើង ខណៈប៉ូលិសក្រុង Kismayo ដែលនៅជិតកន្លែងកើតហេតុនោះ អះអាងថាជាការបំផ្ទុះគ្រាប់បែក ដែលបង្កប់ក្នុងរថយន្តទុកជាមុន។
 
បើយោងតាមសារព័ត៌មាន Europa Press មានកីឡាករយ៉ាងតិច៤នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់។ បើទោះមានការចុះផ្សាយបែបនេះក្តី ប៉ុន្តែមានការចុះផ្សាយពីកាសែតផ្សេងៗ និងតាមរយៈការបង្ហោះលើបណ្តាញសង្គមជាច្រើនពីសំណាក់ក្រុមអ្នកគាំទ្ររបស់ក្រុមក្នុងតំបន់អាហ្វ្រិកថា មកទល់ពេលនេះ មានចំនួនកីឡាករស្លាប់កើនឡើងដល់ទៅ២០នាក់ហើយ។
 
ក្រោយហេតុការណ៍ដ៏អាក្រក់នេះ ប្រធានាធិបតីសូម៉ាលីលោក Mohamed Abdulahi Mohamed បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងជំរុញឱ្យមានការស៊ើបអង្កេតរកមូលហេតុឱ្យបានច្បាស់។ លោក Mohamed បានសន្មត់ខ្លួនឯងថា នេះជាអំពើរបស់ក្រុមភេរវជន Al-Shabaab ដែលមានមូលដ្ឋានធំនៅប្រទេសសូម៉ាលីស្រាប់៕
 
 

Tag:
 JCCI FC
  Al-Shabaab
© រក្សាសិទ្ធិដោយ thmeythmey.com