អន្តរជាតិ
ថៃ បន្តវិធានការបិទខ្ទប់២សប្ដាហ៍ទៀត ខណៈខេត្ត១៦ទៀតត្រូវបញ្ចូលក្នុងបញ្ជីហានិភ័យខ្លាំង
02, Aug 2021 , 11:07 am        
រូបភាព
រដ្ឋាភិបាលថៃ នៅថ្ងៃទី១ ខែសីហា សម្រេចបន្តវិធានការបិទខ្ទប់ និងបម្រាមគោចរចំនួន២សប្ដាហ៍ទៀតក្នុងខេត្តដែលរងគ្រោះខ្លាំងដោយសាររលកឆ្លងជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះ ខេត្តចំនួន១៦ ក៏ត្រូវបញ្ចូលក្នុងបញ្ជីតំបន់មានហានិភ័យខ្ពស់ដែលត្រូវរឹតត្បិត។​

 
ការបន្តវិធានការបិទខ្ទប់នៅទីក្រុងបាងកក និងខេត្ត២៨ទៀត ត្រូវបានអនុម័តក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងកូវីដ-១៩ នៅថ្ងៃទី១ ខែសីហា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ។ លោកស្រី Apisamai Srirangson អ្នកនាំពាក្យរងមជ្ឈមណ្ឌលបញ្ជាក់ថា វិធានការបិទខ្ទប់ និងបម្រាមគោចរម៉ោង៩យប់ដល់ម៉ោង៤ព្រឹក ចាប់អនុវត្តពីថ្ងៃទី២ ខែសីហា ហើយមជ្ឈមណ្ឌលនឹងពិនិត្យស្ថានការណ៍ជាថ្មីនៅថ្ងៃទី១៨ ខែសីហា។
 
អ្នកនាំពាក្យដដែលនេះក៏ព្រមានទុកមុនដែរថា​ ការបិទខ្ទប់ អាចបន្តដល់ថ្ងៃទី៣១ ខែសីហាឯណោះ បើស្ថានការណ៍បច្ចុប្បន្នមិនធូរស្រាល។ យ៉ាងណាមិញ ក្នុងតំបន់ក្រហមក្រមៅដែលជាតំបន់រងគ្រោះខ្លាំង រដ្ឋាភិបាលថៃអនុញ្ញាតឱ្យភោជនីយដ្ឋាន និងហាងអាហារលក់តាមការបញ្ជាទិញអនឡាញបាន តែការបរិភោគក្នុងហាងបន្តហាមឃាត់ដដែល។
 
មិនខុសពីកន្លងមកឡើយ ក្រោមវិធានការបិទខ្ទប់ដែលត្រូវរឹតបន្តឹងតាំងពីថ្ងៃទី១២ ខែកក្កដា ហាងទំនិញ និងហាងសហគមន៍ ត្រូវបិទដដែល លើកលែងផ្សារទំនើប ឱសថស្ថាន និងកន្លែងចាក់វ៉ាក់សាំង។ ប្រជាជនក្នុងតំបន់ក្រហមក្រមៅ ត្រូវបន្តធ្វើការពីផ្ទះ លើកលែងការធ្វើដំណើររបស់ប្រជាជនដែលមានហេតុផលសុខភាព និងការដឹកជញ្ជូនទំនិញ។ បើតាមកាសែតបាងកកប៉ុស្តិ៍ ខេត្ត១៦ទៀតត្រូវបានដាក់ក្នុងតំបន់ក្រហមក្រមៅ។
 
នៅថ្ងៃទី២​ ខែសីហា ថៃរាយការណ៍ករណីឆ្លងថ្មីចំនួនជាង១៧០០០នាក់ទៀត និងស្លាប់១៧៨នាក់។ ករណីឆ្លងសរុបកើនដល់ជាង៦០ម៉ឺននាក់ និងស្លាប់សរុបជាង៥ពាន់នាក់៕
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com