ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តវ៉ាមុខស្ថានទូតចិន៖ លោក ហូរ វ៉ាន់ និងមនុស្ស៨នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី១ឆ្នាំទៅ
03, Aug 2021 , 6:59 pm        
រូបភាព
ប្រជាពលរដ្ឋ យកញត្តិទៅដាក់នៅស្ថានទូតអាមេរិក បន្ទាប់ពីពួកគាត់ ចេញពីការតវ៉ានៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅមុខស្ថានទូតអាមេរិក ពួកគាត់ លើកបដាដែលមានសរសេរថា «ចិនត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។ រូបដោយសហការី
ប្រជាពលរដ្ឋ យកញត្តិទៅដាក់នៅស្ថានទូតអាមេរិក បន្ទាប់ពីពួកគាត់ ចេញពីការតវ៉ានៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅមុខស្ថានទូតអាមេរិក ពួកគាត់ លើកបដាដែលមានសរសេរថា «ចិនត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។ រូបដោយសហការី
លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងមនុស្ស៨នាក់ទៀត ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រមកាលពីទី២ ខែសីហា ឆ្នាំ២០២១ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី១ឆ្នាំឡើងទៅ និងពិន័យជាប្រាក់មួយចំនួនផងដែរ។

 
 
កំណត់ហេតុរបស់លោក សំ សុគង់ ជាមេធាវីការពារក្តី ដែលផ្ញើមកសារព័ត៌មានថ្មីៗ បានឲ្យដឹងថា ក្នុងចំណោមកូនក្តីរបស់លោកទាំង៩នាក់ លោក ហូរ វ៉ាន់ លោក សាន សីហៈ ត្រូវជាប់ពន្ធនាគារ២០ខែ ពីបទផ្តើមគំនិត (ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម), អ្នកស្រី ហុង អាន ត្រូវជាប់ពន្ធនាគារ១៨ខែ ពីបទផ្តើមគំនិត (ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម), អ្នកស្រី លឹម សាន អ្នកស្រី យ៉យ ស្រីមុំ លោក តុន និមល ត្រូវជាប់ពន្ធនាគារ១៨ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម, អ្នកស្រី សាត ផា អ្នកស្រី សាន់ ស្រីនាថ អ្នកស្រី ប៉ៃ រ៉េន ត្រូវជាប់ពន្ធនាគារ១២ខែ ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ ក្រៅពីជាប់ពន្ធនាគារ អ្នកទាំង៩នាក់ ត្រូវតុលាការពិន័យឲ្យបង់ប្រាក់២លានរៀលស្មើៗគ្នា។ 
 
លោក សំ សុគង់ ប្រាប់ថា មានតែលោក ហូរ វ៉ាន់ និងលោក សាន សីហៈ ទេ ដែលមិនជាប់ឃុំ ឯកូនក្តី៧នាក់ទៀត កំពុងជាប់ឃុំ។ បើតាមព័ត៌មានពីលោកមេធាវី លោក ហូរ វ៉ាន់ កំពុងរស់នៅឯសហរដ្ឋអាមេរិក ហើយលោក សាន សីហៈ បានគេចទៅថៃ។ លោកមេធាវី មានប្រសាសន៍ថា៖«កូនក្តីស្នើសុំឲ្យមេធាវី រៀបចំបណ្តឹង ប្តឹងទៅសាលាឧទ្ធរណ៍ចំពោះសាលក្រមនេះ»។ 
 
លោក ហូរ វ៉ាន់ លោក សាន សីហៈ និង អ្នកស្រី ហុង អាន ត្រូវចោទពីបទផ្តើមគំនិត (ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម) គឺដោយសារអ្នកទាំង៣ ត្រូវរកឃើញថា បានរៀបគម្រោងឲ្យមនុស្សទៅតវ៉ានៅមុខស្ថានទូតចិន រួមទាំងដង្ហែញត្តិទៅដាក់នៅស្ថានទូតនៃប្រទេសធំៗ គឺស្ថានទូតអាមេរិក និង ស្ថានទូតបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែក មនុស្ស៦នាក់ទៀត ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារបានចូលរួមតវ៉ានៅមុខស្ថានទូតចិន ព្រមទាំងដង្ហែញត្តិទៅដាក់នៅស្ថានទូតអាមេរិក និង ស្ថានទូតបារាំង។ ក្រោយទៅតវ៉ានៅមុខស្ថានទូតចិន រួមទាំងដង្ហែញត្តិដាក់នៅស្ថានទូតអាមេរិក និងស្ថានទូតបារាំង ពួកគេ ក៏ត្រូវចាប់ខ្លួនជាបន្តបន្ទាប់។ 
 
ការទៅប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដ្បិតអ្នកដែលទៅប្រមូលផ្តុំទាំងនោះ យល់ថា ចិន មិនបានគោរពអធិបតេយ្យកម្ពុជា ពិសេសពួកគេ នៅតែសង្ស័យថា ចិន បង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម ខេត្តព្រះសីហនុ ទោះរដ្ឋាភិបាលកម្ពុជា បដិសេធដដែលៗថា គ្មានមូលដ្ឋានទ័ពចិនលើកទឹកដីកម្ពុជាក្តី។ ការដង្ហែញត្តិទៅដាក់នៅស្ថានទូតអាមេរិក និងស្ថានទូតបារំាង គឺដើម្បីស្នើឲ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចទាំង២នេះ ជួយជំរុញឲ្យរដ្ឋាភិបាលចិន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏ចង់ឲ្យជួយជំរុញរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ដោយពួកគេ យល់ថា រដ្ឋាភិបាលកម្ពុជា មិនទាន់គោរពឬអនុវត្តកិច្ចព្រមព្រៀងនេះបានពេញលេញ។ អាមេរិក បារាំង និង ចិន ស្ថិតក្នុងចំណោមប្រទេស១៥ទៀត ដែលបានចូលរួមធ្វើជាហត្ថលេខីជាមួយកម្ពុជា ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
 
ក្រោយមក៣-៤ថ្ងៃនៃការធ្វើបាតុកម្មនៅមុខស្ថានទូតចិន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិយាយពីរឿងនេះក្នុងពិធីមួយ។ ក្នុងពិធីនោះ សម្តេច បានចាក់សំឡេងរបស់លោក ហូរ វ៉ាន់ ជាសាធារណៈ ដែលលោក និយាយតាមប្រអប់សារហ្វេសប៊ុកជាក្រុម (Chat Group) ដោយណែនាំដល់សមាជិករបស់លោក អំពីការធ្វើបាតុកម្មនៅមុខស្ថានទូតចិន។ សម្តេច ព្រមមានលោក ហូរ វ៉ាន់ នាពេលនោះថា៖«វ៉ាន់ អើយ ល្មមៗបានហើយ ឈប់បានឈប់ទៅវ៉ាន់ កូនប្រពន្ធឯងនៅភ្នំពេញនេះទេ ឯងកុំជ្រុលពេក»។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានបង្ហាញភាពធុញទ្រាន់ចំពោះការលើកឡើងថា កម្ពុជា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម។ មេដឹកនាំកម្ពុជា ទាមទារដូច្នេះថា៖«លោកឯង មានភស្តុតាងឯណា បញ្ចេញមក ដែលថា កម្ពុជា មានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន [ឲ្យចិន] ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាមរយៈពេល៣០ឆ្នាំ»។ សម្តេច បន្តថា៖«បើអ្នកឯង មិនបញ្ចេញភស្តុតាងហ្នឹង មានន័យថា អ្នកឯង ភូតកុហក»។
 
ថ្វីបើរដ្ឋាភិបាល ប្រឹងបកស្រាយយ៉ាងណាក៏ដោយ តែនៅតែមិនអាចលុបបំបាត់បានទាំងស្រុងនូវការសង្ស័យរបស់មនុស្សមួយចំនួន រួមទាំងសហគមន៍អន្តរជាតិខ្លះផង ដែលថា កម្ពុជា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានទ័ពនៅកំពង់ផែរាម៕    
 

Tag:
 ហូរ វ៉ាន់
  សកម្មជន
  បាតុកម្ម
  ផ្តន្ទាទោស
© រក្សាសិទ្ធិដោយ thmeythmey.com