ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ដើមឆ្នាំ២០២២ ទើបតុលាការពាណិជ្ជកម្ម អាចដំណើរការបាន
03, Aug 2021 , 10:30 pm        
រូបភាព
លោក ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំជាមួយតំណាងស្ថាប័នពាក់ព័ន្ធកាលពីខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការរៀបចំតុលាការការងារ។ រូបពីក្រសួងយុត្តិធម៌
លោក ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំជាមួយតំណាងស្ថាប័នពាក់ព័ន្ធកាលពីខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការរៀបចំតុលាការការងារ។ រូបពីក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារឲ្យបាន នៅចុងឆ្នាំ២០២១នេះ តែមិនបានសម្រេច ដោយសារជួបផលលំបាកមួយចំនួន។ លុះឈានចូលដើមឆ្នាំ២០២២ទៅ ទើបតុលាការពាណិជ្ជកម្ម អាចដំណើរការបាន ហើយបន្ទាប់មក គឺតុលាការការងារ។



លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ហើយក៏ជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ លើកឡើងថា បញ្ហាធនធានមនុស្ស និងបញ្ហារៀបចំនីតិវិធីច្បាប់ផ្សេងៗ គឺជាបញ្ហាចម្បង ដែលធ្វើឲ្យតុលាការទាំងពីរវិស័យនេះ មិនអាចដំណើរការ នៅចុងឆ្នាំ២០២១ តាមការចង់បាន។ លោក បន្តថា ទោះនៅដើមឆ្នាំ២០២២ ក៏ក្រសួងយុត្តិធម៌ មិនអាចរៀបចំដាក់ឲ្យដំណើរការតុលាការទាំងពីរនេះ ក្នុងពេលជាមួយគ្នាដែរ ដោយអាចដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មជាមុនសិន ហើយបន្ទាប់មក ទើបដាក់ឲ្យដំណើរការតុលាការការងារតាមក្រោយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក ជីវ សុងហាក់ សង្កត់ធ្ងន់លើបញ្ហាធនធានមនុស្សថា៖«យើង ត្រូវបណ្តុះបណ្តាលធនធានមនុស្ស រាប់ចាប់តាំងពីចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការ ឲ្យយល់ដឹងពីរឿងពាណិជ្ជកម្ម និងច្បាប់ទាក់ទងនឹងពាណិជ្ជកម្ម។ [ត្រឹមចុងឆ្នាំ២០២១] យើង បណ្តុះបណ្តាលមិនទាន់ទេ»។

នៅចុងខែកក្កដា ឆ្នាំ២០២១នេះ លោក ជីវ សុងហាក់ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងស្ថាប័នរដ្ឋនិងឯកជនផ្សេងទៀត អំពីការដាក់ដំណើរការតុលាការពាណិជ្ជកម្ម ខណៈកន្លងមក លោក បានដឹកនាំកិច្ចប្រជុំជាច្រើនលើករួចមកហើយ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា កិច្ចប្រជុំនៅចុងខែកក្កដានេះ បានសម្រេចរួមគ្នាហើយ គឺតុលាការពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់រូបនេះ ប្រាប់ថា ក្រសួងយុត្តិធម៌ កំពុងបន្តរៀបចំបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំនីតិវិធីច្បាប់ សម្រាប់ដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅដើមឆ្នាំ២០២២។ លោក អះអាងថា បើមានលទ្ធភាព ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ អាចនឹងបង្កើតអគារតុលាការពាណិជ្ជកម្ម និងអគារតុលាការការងារដាច់ដោយឡែក ពីអគារតុលាការព្រហ្មទណ្ឌ និងអគារតុលាការរដ្ឋប្បវេណី។ លោក បន្ថែមថា អគារតុលាការពាណិជ្ជកម្ម និងអគារតុលាការការងារនេះ គឺអាចចាប់ផ្តើមបង្កើតនៅតាមរាជធានី-ខេត្តមួយចំនួន ដែលមានភាពចាំបាច់ជាមុនសិន ដោយមិនទាន់អាចបង្កើតនៅគ្រប់រាជធានី-ខេត្តនោះទេ។

លោក និយាយទៀតថា បើមិនទាន់មានលទ្ធភាពបង្កើតអគារដាច់ដោយឡែកទេ ពេលដាក់ឲ្យដំណើរការ តុលាការពាណិជ្ជកម្ម និងតុលាការការងារ នឹងត្រូវអាស្រ័យជាមួយនឹងអគារតុលាការព្រហ្មទណ្ឌ និងអគារតុលាការរដ្ឋប្បវេណី ពោលគឺ ប្រព័ន្ធតុលាការពាណិជ្ជកម្ម ប្រព័ន្ធតុលាការការងារ ការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្ម ការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិវាទការងារ ត្រូវប្រព្រឹត្តទៅក្នុងអគារតុលាការព្រហ្មទណ្ឌ និងអគារតុលាការរដ្ឋប្បវេណី។ បើតាមការពន្យល់របស់លោករដ្ឋលេខាធិការខាងលើ ទោះមានអគារផ្ទាល់ខ្លួនដោយឡែកក៏ដោយ តុលាការពាណិជ្ជកម្ម និង តុលាការការងារ នៅតែស្ថិតក្រោមការគ្រប់គ្រង់របស់ប្រធានតុលាការរាជធានី-ខេត្តដដែល។

បច្ចុប្បន្ន កម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌនិងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្មនិងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យតុលាការរដ្ឋប្បវេណី កាត់ក្តី។ តុលាការពាណិជ្ជកម្ម និងតុលាការការងារ មានចែងក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការរួចមកហើយ ប៉ុន្តែមិនទាន់អាចដំណើរការបាន។

នៅដើមឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដោយតែងតាំងលោក ជីវ សុងហាក់ ជាប្រធាន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com