ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រារព្ធខួបកំណើតចូលអាយុ៧០ឆ្នាំនៅថ្ងៃនេះ
05, Aug 2021 , 7:59 am        
រូបភាព
 រូបថត Xinhua
រូបថត Xinhua
សម្តេច ហ៊ុន សែន ប្រារព្ធខួបកំណើតគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះ។ កាលពីថ្ងៃទី១៤ ខែមករា សម្តេចទើបនឹងប្រារព្ធខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

 
ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ជាថ្ងៃកំណើតពិតប្រាកដរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចកើតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ ប្រមុខរដ្ឋាភិបាល ក៏ធ្លាប់បានបកស្រាយកន្លងមកផងដែរ ទាក់ទងនឹងថ្ងៃខួបកំណើតមួយទៀតដែលសម្តេចតែងទទួលបានសារជូនពរជាប្រចាំ នោះគឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១។ 
 
សម្តេចបានបញ្ជាក់ថា ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪ សម្តេចព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០ រីឯឆ្នាំ១៩៥១ ជាកំហុសខាងអ្នកវាយអង្គុលីលេខ។ «អ្នកវាយអង្គុលីលេខវាយច្រឡំ និងយកទៅផ្សាយនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រោយខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឲ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង»។ នេះជាការបកស្រាយកន្លងមករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១  សម្តេចបានឈានដល់ការប្រារព្ធខួប៣៦ឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា (១៤ មករា ១៩៨៥-១៤ មករា ២០២១)។ បច្ចុប្បន្នសម្តេចគឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេលើពិភពលោក ហើយសម្តេចប្រកាសជាញឹកញាប់ថា សម្តេចនឹងបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកក្រោយៗទៀត។


 
ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេច ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា និងសម្តេចជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥។
 
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បន្តពីលោក ចាន់ ស៊ី ហើយបន្តតួនាទីជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨៥ ដល់ ១៩៩១ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣  សម្តេចបន្តដឹកនាំរដ្ឋាភិបាលក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។
 
គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាបន្តបន្ទាប់ ដែលនាំឲ្យសម្តេច ហ៊ុន សែន បន្តរក្សាតំណែងជានាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។
 
សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ដែលជាភរិយា មានកូន៦នាក់ និងចៅសរុប២២នាក់។ កូនទាំង៦នាក់រួមមាន កូនច្បងឈ្មោះ ហ៊ុន កំសត់ កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ បានទទួលមរណភាពតាំងពីតូច។ រីឯកូនបន្ទាប់មាន លោក ហ៊ុន ម៉ាណែត (២០ កក្កដា ១៩៧៧), អ្នកស្រី ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), លោក ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១) លោក ហ៊ុន ម៉ានី (២៧ វិច្ឆិកា ១៩៨២) និង អ្នកស្រី ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com