អន្តរជាតិ
តំណាងមីយ៉ាន់ម៉ានៅ UN ថា សុវត្ថិភាពរបស់លោករងការគំរាម
05, Aug 2021 , 2:26 pm        
រូបភាព
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។
តំណាងមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun នៅថ្ងៃទី៤ ខែ សីហា បានប្រកាសថា សុវត្ថិភាពរបស់លោករងការគំរាម តែអាជ្ញាធរអាមេរិកបានបង្កើនការការពារ សន្តិសុខឱ្យរូបលោកហើយ។ ប្រេសិតរូបនេះ ត្រូវបានរបបយោធាមីយ៉ាន់ម៉ាបណ្ដេញពីតំណែងតាំងពី ចុងខែកុម្ភៈមក។

 
លោក Kyaw Moe Tun ធ្លាប់បានរិះគន់ជាសាធារណលើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងស្នើឱ្យអន្តរជាតិចាត់វិធានការរបបសឹក។ ជាការឆ្លើយតប មេដឹកនាំយោធាមីយ៉ាន់ម៉ាបានចោទ ប្រកាន់លោកពីបទក្បត់ប្រទេស និងសម្រេចដកតំណែងរបស់លោកជាអគ្គរដ្ឋទូតប្រចាំ UN ។ យ៉ាងណាមិញ បច្ចុប្បន្ន លោកនៅតែធ្វើការក្នុងតំណែងនេះពីព្រោះ UN មិនទាន់ទទួលស្គាល់រដ្ឋាភិបាលនោះទេ។
 
«ដូចដែលធ្លាប់បានរាយការណ៍ពីមុនមក សុវត្ថិភាពរបស់ខ្ញុំមានការគំរាម។ ប៉ូលិស កំពុងតែធ្វើការលើ រឿងនេះ ហើយប៉ូលិសបានផ្ដល់ការការពារសន្តិសុខដែលចាំបាច់»។ លោក​ Kyaw Moe Tun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
ព័ត៌មានលម្អិតជុំវិញការការពារសន្តិសុខសុវត្ថិភាពលោក ​ Kyaw Moe Tun មិនទាន់មានឡើយ។ ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​ (FBI) បដិសេធនិយាយរឿងនេះ ខណៈអ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក និយាយថា ព័ត៌មានលម្អិតអំពីប្រតិបត្តិការការពារអ្នកការទូតបរទេស មិនត្រូវបានអនុញ្ញាតឱ្យមានការពិភាក្សាអ្វីឡើយ។
 
ទាក់ទងតំណែងអគ្គរដ្ឋទូតមីយ៉ាន់ម៉ានេះ បញ្ហានឹងផ្ទុះជាថ្មីនៅខែកញ្ញា ពេលដែល UN ត្រូវសម្រេចថា បន្តទទួលស្គាល់លោក Kyaw Moe Tun ឬត្រូវធ្វើការជាមួយតំណាងដែលតែងតាំងដោយរដ្ឋាភិបាលយោធា។ មហាសន្និបាតអង្គការសហប្រជាជាតិ មានតួនាទីជាអ្នកសម្រេចលើបញ្ហាដោយ បន្ទាប់ពីទទួលអនុសាសន៍ពីគណៈកម្មាធិការលិខិតសារតាំង។ គណៈកម្មាធិការនេះ នឹងជួបប្រជុំនៅខែកញ្ញា មុនសម័យប្រជុំលើកទី៧៦នៃមហាសន្និបាត។ 
 
គួររំលឹកថា កាលពីខែឧសភា នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ាលោក Wunna Maung Lwin បាននិយាយថា លោកបានតែងតាំងលោក Aung Thurein ជាអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ាប្រចាំនៅ UN ។ លោក Aung Thurein​ ជាសមាជិកយោធាមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២១៕
 
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com