ជាតិ
​​​ន​យោ​បាយ​ជាតិ​
មានបក្សថ្មីលេចឡើង ក៏មានបក្សចាស់ ត្រូវលុបចេញដែរ
05, Aug 2021 , 8:59 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពីធីចូលកាន់តំណែងអភិបាលថ្មីនៃខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។_
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពីធីចូលកាន់តំណែងអភិបាលថ្មីនៃខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។_
ស្របពេលគណបក្សថ្មី ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ក៏មានគណបក្ស ដែលត្រូវបានបង្កើតឡើងពីមុនៗ ត្រូវបានលុបចេញពីបញ្ជីដែរ។


នៅដើមខែសីហា ឆ្នាំ២០២១ មានបណ្តុំមនុស្សមួយក្រុមទៀត ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក្នុងការបង្កើតគណបក្សថ្មី គឺគណបក្សសំឡេងសហគមន៍កម្ពុជា។ ការទទួលបានការអនុញ្ញាតនេះ បន្ទាប់ពីលោក សា លីម ដែលសាធារណជន មិនធ្លាប់ស្គាល់ពីមុនមក បានធ្វើជាតំណាងដាក់សំណើសុំបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជាទៅក្រសួងមហាផ្ទៃ។ 
 
នៅមុនគណបក្សសំឡេងសហគមន៍កម្ពុជា លេចឈ្មោះឡើង មានគណបក្សមួយចំនួនរួចមកហើយ ដែលត្រូវបានបង្កើតឡើង។ គណបក្សថ្មីទាំងនោះ មានដូចជា គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ, គណបក្សកែទម្រង់កម្ពុជារបស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សខ្មែរស្រឡាញ់ជាតិរបស់លោក ជីវ កក្តា និងលោក កង គឹមហាក់, គណបក្សខ្មែរអភិរក្សរបស់លោក រៀល ខេមរិន្ទ្រ, និង គណបក្សបេះដូងជាតិរបស់លោក សៀ ភ្លុក ជាដើម។ 
 
ជាការកត់សម្គាល់ គណបក្សថ្មីទាំងនោះ សុទ្ធតែកើតចេញពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លើកលែងតែគណបក្សសំឡេងសហគមន៍កម្ពុជា ដែលសាធារណជន មិនទាន់ដឹងច្បាស់លាស់ថា មានប្រវត្តិចេញពីណាមក។ គេ មិនដឹងថា ទម្រាំតែដល់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងមានគណបក្សថ្មីចំនួនប៉ុន្មានទៀតទេ ដែលនឹងត្រូវបង្កើតឡើង។ 
 
ជាមួយគ្នានេះ មានគណបក្ស៣ រួមមាន គណបក្សសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យខ្មែរ និង គណបក្សវង្គតខេមរៈមហានគរ ត្រូវបានតុលាការកំពូល រំលាយចោល កាលពីចុងខែកក្កដា ឆ្នាំ២០២១ ដោយសារតែល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដូចជា ខកខានរយៈពេលយូរ ក្នុងការផ្ញើរបាយការណ៍អំពីហិរញ្ញវត្ថុនិងសកម្មភាពរបស់ខ្លួនទៅក្រសួងមហាផ្ទៃ។ គណបក្សទាំងនេះ ហាក់មិនដែលមានសកម្មភាពនយោបាយឡើយ។ ក្រោយតុលាការកំពូលរំលាយចោល នៅដើមខែសីហានេះ ក្រសួងមហាផ្ទៃ ក៏សម្រេចលុបឈ្មោះគណបក្សទាំង៣នេះ ចេញពីបញ្ជីគណបក្សនយោបាយ។ 
 
របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញកាលពីឆ្នាំ២០១៨ បង្ហាញថា កម្ពុជា មានគណបក្សនយោបាយចំនួន៤១៕ 
 
 
 

Tag:
 គណបក្សថ្មី
  លុបគណបក្ស
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com