អន្តរជាតិ
អាមេរិក នឹងឱ្យលុយវៀតណាម៤,៥លានដុល្លារសម្រាប់ការទប់ស្កាត់សន្ទុះជំងឺកូវីដ-១៩
05, Aug 2021 , 9:29 pm        
រូបភាព
អាមេរិក បានយល់ព្រមផ្តល់ទឹកប្រាក់ចំនួន៤,៥លានដុល្លារដល់វៀតណាមដើម្បីជួយបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង និងពង្រឹងសមត្ថភាពផ្នែកសុខាភិបាលឱ្យកាន់តែប្រសើរ។ ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់បែបនេះនៅថ្ងៃទី៤ ខែសីហា។ ការផ្តល់ជំនួយនេះ ស្របពេលដែលវៀតណាមកំពុងព្យាយាមទប់ទល់នឹងការវាយលុកពីវីរុសបំប្លែងខ្លួនដែលតា។


បន្ថែមពីលើការផ្ដល់វ៉ាក់សាំងជាច្រើនលានដូសនាពេលកន្លងមក អាមេរិកក៏សម្រេចផ្ដល់លុយឱ្យវៀតណាមចំនួន៤,៥លានដុល្លារដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ វៀតណាម ក៏នឹងទទួលសម្ភារជាច្រើនទៀតពីអាមេរិកផងដែរ
 
នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៣ ខែសីហាជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Tanh Long និយាយថា ទូរសម្រាប់ស្តុកវ៉ាក់សាំងចំនួន៧៧គ្រឿងនឹងទៅដល់ទឹកដីវៀតណាមត្រឹមខែកញ្ញាខាងមុខនេះ។ ជំនួយនេះ ជាការសន្យារបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក ឡយ អូស្ទីន អំឡុងដំណើរទស្សនកិច្ចកាលពីខែកក្កដាកន្លងទៅ។
 
ទូរទាំងនេះនឹងជួយសម្រួលដល់ការស្តុកទុកវ៉ាក់សាំងរបស់វៀតណាម ខណៈវៀតណាមកំពុងត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ថែមទៀត។ បើតាមលោក Long  វៀតណាមបានចុះហត្ថលេខាទិញវ៉ាក់សាំងចំនួន៣១លានដូសពីក្រុមហ៊ុន Pfizer និងកំពុងចរចាទិញ២០លានដូសបន្ថែមទៀត ដោយ៤៧លានដូសនឹងទៅដល់វៀតណាមនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ។
 
ប៉ុន្តែលោក Long ក៏បានសង្ឃឹមថា USAID នឹងអាចជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកឱ្យពន្លឿនការនាំចេញវ៉ាក់សាំងទៅវៀតណាមនៅចន្លោះខែសីហា ឬខែកញ្ញានេះតែម្ដង។
 
បើតាមសារព័ត៌មាន Vietnam Express ក្រសួងសុខាភិបាលវៀតណាមក៏កំពុងបង្កើតបន្ទប់សង្គ្រោះបន្ទាន់ជាច្រើននៅទីក្រុងហូជីមិញ និងតំបន់មួយចំនួននៅភាគខាងត្បួង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺកូវីដ-១៩។ ត្រង់នេះ វៀតណាមក៏មានការស្នើសុំជំនួយពីទីភ្នាក់ងារ USAID និងមជ្ឈមណ្ឌល CDC លើការផ្គត់ផ្គង់ម៉ាស៊ីនជំនួយការដកដង្ហើម ធុងអុកស៊ីសែន និងឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀត ដើម្បីព្យាបាលអ្នកជំងឺកម្រិតធ្ងន់។
 
ចាប់តាំងពីខែមេសា វៀតណាមរងការវាយប្រហាររលកទី៤ ដោករណីឆ្លងក្នុងស្រុកហក់ឡើងយ៉ាងគំហុករហូតដល់ចំនួន១៨១,៧៥៦នាក់ និងស្លាប់ចំនួន២,៣២៧នាក់។ ទីក្រុងហូជីមិញមានចំនួនករណីឆ្លងច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងទាំង៦៣។
 
គួរបញ្ជាក់ថា កាលពីខែកក្កដា វៀតណាមបានទទួលជំនួយវ៉ាក់សាំងពីអាមេរិកតាមយន្តការ COVAX ប្រមាណជា៥លានដូសផងដែរ៕
 
 

Tag:
 អាមេរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com