អត្ថបទពាណិជ្ជកម្ម
ភោជនីយដ្ឋានកម្រិតស្តង់ដារអន្តរជាតិ PIZZA HUT មានវត្តមាននៅ​កម្ពុជាហើយ ដោយប្តេជ្ញា​ផ្តល់ជូន​នូវការទទួលទានភីហ្សាជាមួយបទពិសោធន៍លំដាប់ថ្នាក់ពិភពលោក​!
06, Aug 2021 , 2:44 pm        
រូបភាព
 ភ្នំពេញ សីហា ២០២១៖ ភីហ្សាហាត់ ដែលជាម៉ាកខ្នាតយក្សរបស់សហរដ្ឋអាមេរិក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅខែសីហា​នេះ ដែលនាំមកនូវរសជាតិ និងបទពិសោធន៍នៃប្រណិតភាពទីកន្លែង បទពិសោធន៍នៃការទទួលទានភីហ្សា ជាមួយភាពទាន់សម័យបែបលំដាប់ថ្នាក់ពិភពលោក។

សាខាដំបូងបង្អស់ ដែលនឹងបើកនៅទីក្រុងភ្នំពេញ គឺនៅសង្កាត់ទួលទំពូង ដែលជាសង្កាត់ពេញនិយមរបស់ជនបរទេស ក៏ដូចជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកផងដែរ ខណៈដែលសាខា២ទៀត គ្រោង​បើកនៅខែក្រោយ។
 
ក្រុមហ៊ុន United Food Group ទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខ មានផែនការពង្រីកសាខាចំនួន ៣០ហាង ក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ។ United Food Group ជាក្រុមហ៊ុនក្នុងស្រុ កដែលមានបុត្រសម្ព័ន្ធភោជនីយដ្ឋាន Park Café​ ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយប្រតិបត្តិការចំនួន ២០សាខា នៅទូទាំងប្រទេស។
 
លោក Unnat Varma, អគ្គនាយកភីហ្សាហាត់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា ៖«​ក្រុមហ៊ុនភីហ្សាហាត់លំដាប់អន្តរជាតិ ពិតជាមានមោទកភាព នឹងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន យូណាតធីត ហ្វូតគ្រុប សម្រាប់ការបើកទំព័រប្រវត្តិសាស្ត្រដំបូង របស់ភីហ្សាហាត់នៅទីផ្សារប្រទេសកម្ពុជា​»។
 
លោក Unnat Varma បន្តថាលោកមានក្តីរំភើបយ៉ាងខ្លាំង ក្នុងការឈានចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីដ៏សម្បូរបែបនៃវប្បធម៌ និងកេរដំណែលបេតិកភណ្ឌ។ ភីហ្សាហាត់ថ្មីដំបូង នឹងផ្តល់ជូនបទពិសោធន៍ដែលមានលក្ខណៈ ទំនើប ទាន់សម័យ និងបទពិសោធន៍ទទួលទាន អាហារភីហ្សាដ៏ឈ្ងុយឆ្ងាញ់បំផុត តាមគ្រប់សេវាកម្មទាំងអស់រួមមាន៖ ការញ៉ាំនៅក្នុងហាង សេវាកម្មវេចខ្ចប់ និងសេវាកម្មដឹកជញ្ជួនដោយឥតគិតថ្លៃដល់កន្លែង ជាមួយបច្ចកវិទ្យាឌីជីថលចុងក្រោយបង្អស់ដើម្បីផ្តល់ភាពងាយស្រួលបំផុត ជូនដល់អតិថិជននៅកម្ពុជា ក្នុងការទទួលបានបទពិសោធន៍ នៃរសជាតិភីហ្សាឆ្ងាញ់បំផុតនៅលើពិភពលោក។
 
«យើងជឿជាក់ថា ភីហ្សាហាត់ដែលជាម៉ាកល្បីល្បាញពីសហរដ្ឋអាមេរិក លំដាប់ថ្នាក់ពិភពលោក គឺជាជម្រើសថ្មីមួយទៀតរបស់ប្រជានកម្ពុជា។ ហើយពួកយើង មានគោលបំណងលើកកម្ពស់បទពិសោធន៍ទំនើប នៃអាហារភីហ្សាតាមការផ្តល់ជូនរសជាតិលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថជនជាមួយនឹងតម្លៃ ដ៏សមរម្យបំផុត»។ នេះជាប្រសាសន៍របស់លោក ហេង សេងលី អគ្គនាយកក្រុមហ៊ុនយូណាយ ធីតហ្វូតគ្រុប ដោយលោកបានបន្តថា ស្របពេលដែលកម្រិតនៃប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឲ្យពួកគាត់ មានលទ្ធភាពចំណាយទៅលើផលិតផលរបស់ម៉ាកល្បីៗ ដើម្បីបង្កើនភាពស៊ីវីល័យ នៃការរស់នៅរបស់ពួកគាត់។ 
 
លោក ហេង​ សេងលី បន្តទៀតថា៖«ស្របពេលដែលប្រជាជនកម្ពុជា កាន់តែមមាញឹកជាមួយការប្រកបការងារ និងអាជីវកម្ម ហើយពួកគេមានលទ្ធភាពចំណាយ ទៅលើការកម្សាន្ត និងអាហារលក្ខណៈប្រណិត។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការចម្អិនអាហារ និងទទួលទានអាហារនៅផ្ទះ មានការធ្លាក់ចុះ ដូច្នេះហើយពួកយើងចង់ចូលរួម ក្នុងវិស័យនេះដើម្បីបង្កើនភាពងាយស្រួល ជូនអតិថិជន កម្ពុជាក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ លំដាប់ថ្នាក់ពិភពលោកពីភីហ្សាហាត់។


 
អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប
ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group​ វិនិយោគជាមួយ EMIA កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូនម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើប ជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោក ជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនភោជនីយដ្ឋានផាក​ កាហ្វេ ដែលបង្កើតឡើង តាំងពីឆ្នាំ ២០០៤។ គិតត្រឹមចុងឆ្នាំ២០២០ ភោជនីយដ្ឋានផាក​ កាហ្វេមានសាខាទាំងអស់២០ សាខា ទូទាំងរាជធានីភ្នំពេញ កំពង់ចាម និង​ក្រុងព្រះសីហនុ។ 
 
អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ ១៩៥៨ នៅ Witachi រដ្ឋ Kan​sas ភីហ្សាហាត់ មានប្រតិបិត្តិការណ៍ជាង ១៨.០០០​ហាង នៅជាង ១០០ប្រទេសលើពិភពលោក។ ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួល ការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។
 
ឥឡូវនេះ លើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់ បានប្តេចជ្ញាចូលរួមចំណែក ដើម្បីដើរតួនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាព ដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាព ជូនដល់អតិថិជនពួកគាត់ អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែង ដែលមិនប៉ះពាល់ផ្ទាល់៕
 
(អត្ថបពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com