COVID-19
ជាតិ
កូវីដ-១៩៖ សម្តេច ហ៊ុន សែន ចាត់ទុកជំនួយជប៉ុនថា បានផ្តល់ភាពកក់ក្តៅដល់ប្រជាជនខ្មែរទាំងមូល
06, Aug 2021 , 11:13 pm        
រូបភាព
វ៉ាក់សាំងអាស្រ្តាហ្ស៊ីណេកា ដែលជាជំនួយរបស់ជប៉ុន បានដឹកមកដល់ព្រលានយន្តហោះភ្នំពេញ (ជើងទី២) នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
វ៉ាក់សាំងអាស្រ្តាហ្ស៊ីណេកា ដែលជាជំនួយរបស់ជប៉ុន បានដឹកមកដល់ព្រលានយន្តហោះភ្នំពេញ (ជើងទី២) នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនព័ត៌មានលើទំព័រហ្វេសប៊ុក ពីការមកដល់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណេកាជើងទី២ ដែលជាជំនួយរបស់ជប៉ុន នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។ ភ្ជាប់ជាមួយនឹងព័ត៌មានអំពីការមកដល់វ៉ាក់សាំង សម្តេច ក៏បានរំលេចពីទឹកចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។



ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរដូច្នេះថា៖«រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឲ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទានជាបន្តបន្ទាប់នាពេលកន្លងមក»។

វ៉ាក់សាំងជាជំនួយរបស់ជប៉ុន ដែលដឹកមកដល់កម្ពុជានៅជើងទី២នេះ មានចំនួនជាង៦៦ម៉ឺនដូស ខណៈជើងទី១ ដែលដឹកមកកាលពីចុងខែកក្កដា មានចំនួនជាង៣២ម៉ឺនដូស។ សរុបវ៉ាក់សាំងដែលដឹកមកដល់កម្ពុជាទាំង២លើកនេះ មានចំនួន១លានដូស ជាចំនួន ដែលជប៉ុន ប្រកាសផ្តល់ជូនកម្ពុជា។ ការដឹកមកជើងទី១ សម្តេចនាយករដ្ឋមន្រ្តី បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះភ្នំពេញ តែសម្រាប់ជើងទី២នេះ សម្តេច ពុំបានទៅទទួលឡើយ។ 

តាមរយៈទំព័រហ្វេសប៊ុក សម្តេចប្រមុខរដ្ឋាភិបាល អះអាងថា ជប៉ុន បានរួមចំណែកជាច្រើនជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ សម្តេច បន្តថា ការផ្ដល់ជំនួយវ៉ាក់សាំងអាស្រ្តាហ្ស៊ីណេកា១លានដូសនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ហើយដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។

គិតពីខែកុម្ភៈ ឆ្នាំ២០២១មក ជាពេលដែលរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន រហូតដល់ដើមខែសីហា ឆ្នាំ២០២១នេះ ប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានជាង៧,៧លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំង។ លើសពីនេះ នៅដើមខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំដល់អាយុ១៧ឆ្នាំថែមទៀត៕

Tag:
 COVID-19
  វ៉ាក់សាំង
  AstraZeneca
  កម្ពុជា-ជប៉ុន
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com