ជាតិ
ការប្រកួតប្រជែងតស៊ូមតិគឺជាកីឡានៃបញ្ញា
08, Aug 2021 , 9:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតប្រជែងតស៊ូមតិបានទាញយកចំណាប់អារម្មណ៍ជាច្រើនពីសំណាក់ក្រុមសិស្សានុសិស្សនៅឯសាកលវិទ្យាល័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ បង្រៀនឲ្យសិស្សចេះរៀនប្រើប្រាស់ពាក្យពេចនិយាយ និងគ្រប់គ្រងអារម្មណ៍ ជាពិសេសជាមួយនឹងសិល្បៈនៃការប្រជែងគំនិតនៅលើឆាក។

 
 
កញ្ញា សុង ដាភា ដែលជាអ្នកដឹកនាំក្រុមម្នាក់នៃក្លិបហាត់រៀនការតស៊ូមតិនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ហើយក៏ជានិស្សិតឆ្នាំទីបីដែរនោះ បានពន្យល់ពីលក្ខណៈសម្បត្តិផ្សេងៗ ពីទិដ្ឋភាពក្នុងនាមជាយុវជនម្នាក់ អំពីសកម្មភាពនៃការតស៊ូមតិ។ ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងកញ្ញា សុង ដាភា ដូចតទៅ៖


 
គី ចំណា៖ តាមតែខ្ញុំបានដឹងនោះ កាលពីរយៈពេលប្រមាណជាពីរទៅបីឆ្នាំមុន កញ្ញាបានស្ថិតនៅក្នុងចំណោមអ្នកឈ្នះនៃការប្រកួតប្រជែងតស៊ូមតិនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានលើកទី៦ស្តីពីប្រធានបទសិទ្ធិមនុស្ស និងការប្រក្ួតប្រជែងមតិមួយទៀតដែលធ្វើឡើងដោយអង្គការតម្លាភាពកម្ពុជា។ តើអ្វីដែលជម្រុញទឹកចិត្តកញ្ញាឲ្យស្រឡាញ់ការប្រជែងមតិ ហើយធ្វើសកម្មភាពទាំងនេះឡើង?
 
សុង ដាភា៖ ការជម្រុញទឹកចិត្តនេះបានកើតឡើងចេញពីរូបនាងខ្ញុំផ្ទាល់។ ខ្ញុំហៅឆ្នាំដំបូងនៃការប្រកួតប្រជែងតស៊ូមតិរបស់ខ្ញុុំថាជាឆ្នាំនៃការសិក្សា។ ខ្ញុំធ្លាប់បានជៀសវាងមិនចូលទៅក្នុងការប្រកួតមួយនេះតាំងពីពេលដែលខ្ញុំរៀននៅវិទ្យាល័័យមកម្លេ៉ះ។ នេះគឺដោយសារតែនៅពេលដែលខ្ញុំមើលទៅកាន់អ្នកតស៊ូមតិ ពួកគេមើលទៅហាក់បីដូចជាមានសភាពកាចខ្លាំងណាស់។ ខ្ញុំគិតថា វាដូចជាមិនសាកសមជាមួយនឹងធម្មជាតិនៃចរិកខ្ញុំនោះទេ។ ខ្ញុំជាមនុុស្សម្នាក់ដែលចូលចិត្តភាពរាក់ទាក់ និងសន្តិភាព។ ប៉ុន្តែនៅពេលដែលខ្ញុំបានឈានជើងចូលមកសិក្សានៅឯសាកលវិទ្យាល័យ ខ្ញុំបានគិតមកកាន់ខ្លួនឯងថា មុននឹងខ្ញុំវាយតម្លៃទៅលើការតស៊ូមតិនេះ ខ្ញុំគួរតែរៀនយល់ដឹងអំពីវាបន្តិចដែរ។ ហេតុដូចនេះហើយ ខ្ញុំបានចូលរួមតស៊ូមតិនៅក្នុងកម្មវិធីនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនរបស់ខ្ញុំ។ បន្ទាប់ពីពេលនោះមក ខ្ញុំក៏បានចូលរួមកម្មវិធីតស៊ូមតិច្រើនទៀតជាបន្តបន្ទាប់់។ តាមពិតទៅ ការបរាជ័យគឺជាអ្វីដែលបានជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យខិតខំតាំងពីឆ្នាំដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ខ្ញុំចាំបានថា កាលពីឆ្នាំ២០១៩ ខ្ញុំ និងក្រុមរបស់ខ្ញុំបានចូលរួមកម្មវិធីតស៊ូមតិជាលើកដំបូងរបស់សាលារៀន ខេមអាស៊ាន (CamASEAN)។ ពួកខ្ញុំបានធ្វើការយ៉ាងមុះមុត តែពួកខ្ញុំមិនបានទទួលជ័យជំនះនោះទេ។ ការបរាជ័យនេះក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍លំបាកខ្លាំងដែរ។ ប៉ុន្តៃ ភាពបរាជ័យដដែលនេះបានធ្វើឲ្យខ្ញុំបន្តដំណើរទៅមុខ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំគួរតែសាកល្បងវាម្តងទៀត។ ខ្ញុំបានដឹងថា ក្នុងពេលវេលានោះ ខ្ញុំមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ទៅកាន់ការប្រកួតប្រជែងតស៊ូមតិនោះទេ។ ខ្ញុំមានអារម្មណ៍ថាចង់សាកល្បងវាម្តងទៀត។ តាំងពីពេលនោះមក ខ្ញុំនៅតែបន្តចូលរួមកម្មវិធីប្រភេទនេះរហូតមកដល់ពេលសព្វថ្ងៃ។ 


 
ក្នុងឆ្នាំបន្ទាប់ ខ្ញុំហៅវាថាឆ្នាំនៃការ«រៀនហើយធ្វើ»។ នៅក្នុងឆ្នាំនេះ ខ្ញុំបានទទួលចំណេះដឹងមួយចំនួនអំពីរបៀបនៃការតស៊ូមតិ រួចយកចំណេះដឹងទាំងនោះមកអនុវត្តវាឲ្យបានច្រើនជាងមុនបន្ថែមទៀតក្នុងការចូលរួមកម្មវិធីជាច្រើនផ្សេងៗ។ ខ្ញុំក៏បានចូលរួមជាមួយនឹងក្លិបអ្នកតស៊ូមតិនៅក្នុងសាកលវិទ្យាល័យខ្ញុំផងដែរ។ នៅក្នុងឆ្នាំទីបី ខ្ញុំហៅវាថា«ពេលវេលាសប្បាយ និងពេលចែករំលែក»។ និយាយឲ្យត្រង់ទៅ ខ្ញុំចូលរួមកម្មវិធីទាំងនេះគឺដោយសារតែខ្ញុំមានមិត្តភក្តិជាអ្នកតស៊ូមតិដែរ។ រយៈពេលប្រមាណជាពីរឆ្នាំមកហើយដែលខ្ញុំបានខិតខំប្រឹងធ្វើការយ៉ាងម៉ត់ចត់។ ហេតុដូច្នេះ នៅក្នុងឆ្នាំទីបីនេះ ខ្ញុំគួរតែយកពេលវេលាមកប្រកួតជាមួយនឹងមិត្តរបស់ខ្ញុំដោយផ្សាភ្ជាប់ជាមួយនឹងភាពសប្បាយនៅក្នុងចិត្ត។ ខ្ញុំបានចូលទៅក្នុងកម្មវិធីតស៊ូមតិដោយសារតែខ្ញុំអាចធ្វើការជាមួួយនឹងមិត្តរបស់ខ្ញុំបាន។ ខ្ញុំក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្ញុំទៅកាន់មនុស្សផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍មកកាន់ការប្រកួតប្រជែងប្រភេទនេះផងដែរ។ 
 
គី ចំណា៖ បច្ចុប្បន្ន កញ្ញាបាននឹងកំពុងតែដឹកនាំសិស្សនៃការរៀនតស៊ូមតិមួយក្រុម ហើយតាមតែខ្ញុំបានដឹងដែរនោះ ក្រុមរបស់កញ្ញាក៏បានភ្ជាប់និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នាផងដែរ។ តើកញ្ញាមានតួរនាទីអ្វីនៅក្នុងក្រុមនោះ ហើយកញ្ញាមានកាតព្វកិច្ចអ្វីខ្លះ?
 
សុង ដាភា៖ វាគ្មានច្បាប់ទម្លាប់អ្វីឲ្យច្បាស់លាស់នៅក្នុងការដឹកនាំក្រុមនេះនោះទេ។ នៅពេលដែលអ្នកក្លាយទៅជាមេក្រុម អ្នកនឹងមិនមាននរណាមកចង្អុលប្រាប់ទិសដៅឲ្យដើរបានច្បាស់លាស់នោះឡើយ។ ក្នុងនាមជាមេក្រុម អ្នកគួរតែដឹងអំពីតួរនាទី និងការងារបស់ខ្លួនឯងផ្ទាល់។ សម្រាប់ខ្ញុំ ក្នុងនាមជាមេក្រុម ខ្ញុំមានការងារមួយចំនួនដើម្បីអនុវត្ត។ ដំបូងគេបង្អស់ ខ្ញុំផ្តល់អាទិភាពខ្ពស់ទៅកាន់សមាជិកក្រុមរបស់ខ្ញុំ។ សមាជិកទាំងអស់មានប្រមាណជា២៣នាក់។ ខ្ញុំបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់បានទទួលភាពស្វាគមន៍ មានអារម្មណ៍រំភើបក្នុងការប្រជែងមតិ និងមានភាពកក់ក្តៅពេលនៅក្នុងក្រុម។ ខ្ញុំក៏បានឲ្យជាមេរៀនទៅកាន់ពួកគាត់ផងដែរ។ ខ្ញុំបានបង្រៀនពួកគេអំពីមូលដ្ឋានគ្រឹះមួយចំនួននៃការតស៊ូមតិ។ ការងាររបស់ខ្ញុំបន្ទាប់គឺការបង្កើតភាពរីករាយនៅក្នុងក្រុម។ ខ្ញុំបានណែនាំពេលវេលាសម្រាក ហើយនៅក្នុងសប្តាហ៍ខ្លះ ខ្ញុំបានណែនាំវាគ្មិនមកបញ្ចេញមតិផ្សេងៗមួយចំនួនមកកាន់ក្រុម។ ពេលខ្លះទៀត ពួកខ្ញុំបានផ្អាកបន្តិចពីការរៀនតស៊ូមតិ។ ខ្ញុំបានឲ្យសមាជិកក្រុមទាំងនោះជួបជុំគ្នា និងណែនាំខ្លួនឯងទៅកាន់សមាជិកក្រុមដទៃៗទៀតដើម្បីបង្កើតភាពស្និទស្នាលរវាងគ្នានឹងគ្នា។ 
 
គី ចំណា៖ ការប្រកួតប្រជែងតស៊ូមតិគឺជាកម្មវិធីមួយដែលពោរពេញទៅដោយច្បាប់ទម្លាប់ និងវិន័យ។ ដោយហេតុនេះ តើមានលក្ខណៈអ្វីខ្លះដែលញែកការប្រកួតប្រជែងតស៊ូមតិ ពីការប្រជែងមតិបែបទាស់គ្នាធម្មតា? 
 
សុង ដាភា៖ និយាយទៅ ការប្រកួតប្រជែងតស៊ូមតិនេះគឺជាទម្រង់មួយនៃការទាស់គ្នាបាត់ទៅហើយ។ អ្នកត្រូវតែបង្ហាញពីជំហរគំនិតរបស់អ្នកទៅកាន់គណៈកម្មការ និងអ្នកចូលរួមទស្សនា ហើយទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ឲ្យមកនៅខាងអ្នក។ បើតាមការគិតរបស់ខ្ញុំ ការតស៊ូមតិគឺជាសិល្បៈនៃពាក្យ និងការអំណត់។ ហេតុអ្វីបានជាខ្ញុំនិយាយថា«ពាក្យ»? នេះគឺដោយសារតែនៅក្នុងការតស៊ូមតិ អាវុធរបស់ពួកយើងគឺជាពាក្យ។ នៅលើឆាក យើងបង្ហាញអំពីគំនិតរបស់យើងទៅតាមការប្រើប្រាស់ពាក្យសម្តី។ បើយើងប្រើពាក្យខុស វានឹងធ្វើឲ្យយើងខាត។ ផ្ទុយពីនេះ បើយើងប្រើពាក្យត្រូវ វានឹងធ្វើឲ្យយើងចំណេញ។ បើនិយាយអំពីការអត់ធ្មត់វិញ វាគឺជាអ្វីមួយដែលយើងបង្រៀនចិត្តអារម្មណ៍។ អ្នកត្រូវដឹងច្បាស់ថា អ្នកត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពទៅលើការងារដែលកើតឡើងមុន ក្នុងពេល និងបន្ទាប់ពីពេលតស៊ូមតិ។ ការតស៊ូអំណត់គឺសំខាន់ខ្លាំងណាស់នៅពេលដែលអ្នកជួបជាមួួយនឹងគូរប្រកួតដែលមានសមត្ថភាពខ្លាំងគួរសមដែរ។  ក្រៅពីការគោរពពេលវេលាបញ្ចេញមតិឲ្យបានទៀងទាត់មែនទែននោះ អ្នកតស៊ូមតិក៏មិនអាចនិយាយទៅកាន់អ្នកប្រកួតដទៃទៀតដោយប្រើប្រាស់កំហឹង ឬអារម្មណ៍ផ្ទាល់ខ្លួនឯកជនបានដែរ ដោយសារតែរឿងនេះជាសកម្មភាពអសិលធម៍មួយ។ ការតស៊ូមតិគឺជាការស្វែងរកចំណុចខ្សោយ ឬចន្លោះប្រហោងនៅក្នុងមតិនៃក្រុមប្រកួតដទៃទៀត។ 
 
គី ចំណា៖ នៅពេលដែលមានពាក្យពេច ឃ្លាឃ្លោង និងសម្លេងចេញចូលទៅវិញទៅមកយ៉ាងច្រើននៅលើឆាក តើសិល្បៈនៃការតស៊ូមតិនេះបានបង្រៀនកញ្ញាឲ្យចេះគិតស៊ីជម្រៅ នៅក្នុងស្ថានភាពតានតឹងបានដោយរបៀបណា?
 
សុង ដាភា៖ ចាស ការតស៊ូមតិបានបង្រៀនខ្ញុំឲ្យរៀនគិត និងវែកញែកក្រោមសម្ពាធ។ ក្នុងនាមជាអ្នកតស៊ូមតិ អ្នកគួរគិតទៅលើរឿងបីចំណុចសំខាន់៖ គំនិតនៃក្រុមអ្នក គំនិតនៃក្រុមម្ខាងទៀត និងចន្លោះប្រហោងនៃគំនិតរបស់ក្រុមអ្នក និងក្រុមម្ខាងទៀតនោះ។ បន្ទាប់មកទៀត អ្នកត្រូវតែរៀបចំឲ្យបានមុននូវពាក្យនិយាយបន្ថែមនៅពេលដល់វេនអ្នក ដើម្បីការពារភាពចន្លោះប្រហោងរបស់អ្នក និងបង្ហាញអំពីភាពចម្លោះប្រហោងរបស់គេ។ អ្នកត្រូវគិតច្រើនអំពីបច្ចុប្បន្នភាព និងអនាគតភាព។ បើម្ខាងទៀតនិយាយបែបនេះ តើអ្នកនឹងនិយាយអ្វីជាពាក្យឆ្លើយតប? បើក្រុមម្ខាងទៀតបង្ហាញពីភាពចន្លោះប្រហោងរបស់អ្នក តើអ្នកនឹងធ្វើដូចម្តេច? សកម្មភាពនេះតម្រូវឲ្យខ្ញុំចេះបត់បែនច្រើននៅលើឆាក។ 
 
គី ចំណា៖ ជាលក្ខណៈបច្ចេកទេស តើកញ្ញាធ្វើដូចម្តេចដើម្បីឲ្យការបញ្ចេញគំនិត និងពាក្យពេចប្រព្រឹត្តទៅបានល្អ? មួយវិញទៀត តើកញ្ញា និងក្រុមរបស់កញ្ញាត្រូវទាក់ទងគ្នាដោយដូចម្តេច ដើម្បីឲ្យការតស៊ូមតិនោះមានលក្ខណៈស៊ីចង្វាក់គ្នាទៅវិញទៅមក?
 
សុង ដាភា៖ ពិតណាស់។ ការតស៊ូមតិគឺជាការងារបែបក្រុម។ ខ្ញុំតែងតែប្រាប់ទៅកាន់សមាជិករបស់ក្រុមខ្ញុំថា ពួកយើងត្រូវយកជ័យជំនះជាក្រុម មិនមែនយកជ័យជំនះតែម្នាក់ឯងនោះទេ។ ក្នុងនាមជាក្រុម អ្នកត្រូវរក្សាទំនាក់ទំនងឲ្យបានល្អ និងរៀបចំប្រធានបទតស៊ូមតិឲ្យបានម៉ត់ចត់ជាមុនដោយខ្លួនឯង។ ក្រោយមក អ្នកត្រូវរៀបចំម្តងទៀតជាមួយនឹងក្រុមរបស់អ្នក។ អ្នកត្រូវអានគំនិតរបស់អ្នកចេញមក ហើយឲ្យសមាជិកក្រុមរបស់អ្នកស្តាប់។ អ្នកត្រូវខិតខំរកចម្លោះប្រហោងដែលសមាជិកក្រុមរបស់អ្នកអាចមាន។ 
 
គី ចំណា៖ ជាមួយនឹងអ្នកដែលទើបនឹងចាប់ផ្តើមចូលប្រលូកនៅក្នុងកម្មវិធីប្រកួតប្រជែងតស៊ូមតិ ជាទូទៅ តើពួកគេទទួលរងភាពលំបាកអ្វីខ្លះ?
 
សុង ដាភា៖ សម្រាប់គំនិតរបស់ខ្ញុំ អ្នកដែលទើបតែចាប់ផ្តើមតែងតែជួបភាពលំបាកពីរប្រភេទ៖ ការមិនទុកចិត្តលើខ្លួនឯង និងការមិនទុកចិត្តលើគំនិតខ្លួនឯង។ នៅក្នុងការតស៊ូមតិ ការមិនទុកចិត្តលើគំនិតខ្លួនឯងមិនមែនជារឿងចម្លែកនោះទេ។ ពួកខ្ញុំមិនទុកចិត្តលើគំនិតរបស់ខ្លួនឯងគ្រប់តែពេលដូចគ្នាដែរទេ។ សមាជិកក្រុមមួយចំនួនបានសួរខ្ញុំ ហើយប្រាប់ខ្ញុំថា ពួកគេមិនសូវជាទុកចិត្តលើគំនិតរបស់ពួកគាត់ទេ។ ដើម្បីដោះស្រាយរឿងនេះ អ្នកត្រូវតែធ្វើការស្រាវជ្រាវឲ្យកាន់តែច្រើនបន្ថែម។ បន្ទាប់ពីរឿងនេះ ពួកគេក៏មានភាពមិនទុកចិត្តមកកាន់ខ្លួនឯង។ បើនិយាយឲ្យច្បាស់ទៅ ពួកគេមិនទុកចិត្តសមត្ថភាពរបស់ពួកគេ។ ពេលខ្លះ ការតស៊ូមតិមានសម្ពាធច្រើនណាស់។ សម្រាប់ពួកគាត់ ពេលខ្លះគាត់គិតថាគាត់មិនអាចធ្វើវាបាននោះទេ។ ពួកគាត់ព្រួយបារម្ភនូវអ្វីដែលនឹងកើតឡើងនៅលើឆាក។ ដើម្បីដោះស្រាយរឿងនេះ អ្នកត្រូវតែមានអារម្មណ៍រឹងមាំ និងធ្ងន់។ សម្រាប់ខ្ញុំ មុនពេលដែលខ្ញុំឡើងនិយាយ ខ្ញុំតែងតែហាត់និយាយឲ្យបានច្រើនជាមុន។ បើអ្នកបានហាត់មុន ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងអាចមានកំហុសតិច។ ពេលខ្លះ គំនិតរបស់អ្នកមិនមែនជាអ្វីសំខាន់ទៀតនោះទេ។ អ្វីដែលសំខាន់គឺអារម្មណ៍ដ៏រឹងមាំរបស់អ្នកទៅវិញទេ។ 
 
គី ចំណា៖ បើសមាជិកក្រុមរបស់កញ្ញាមានអារម្មណ៍ថាខ្លាចឆាក តើកញ្ញាជួយសម្របសម្រួលសមាជិកក្រុមរបស់កញ្ញាដោយរបៀបណា? 
 
សុង ដាភា៖ ជាដំបូង ក្នុងនាមជាអ្នកដឹកនាំក្រុម អ្នកត្រូវតែអារម្មណ៍ខ្លាំងដោយខ្លួនឯងជាមុនសិន។ អ្នកគួរតែចេះវិធីសាស្រ្តដោះស្រាយបញ្ហារបស់ខ្លួនមុននឹងអាចដោះស្រាយបញ្ហាឲ្យអ្នកដទៃ។ បន្ទាប់មក នៅពេលដែលខ្ញុំទៅជួបសមាជិកក្រុមដែលមានបញ្ហានោះ ខ្ញុំណែនាំគាត់ឲ្យចេះរៀនហាត់និយាយជាមុន ដូចរបៀបដែលខ្ញុំបានធ្វើដូចគ្នាដែរ។ មនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍ភ័យខ្លាចនៅពេលពួកគេឡើងទៅលើឆាក។ ហេតុដូចនេះ ខ្ញុំបានប្រាប់សមាជិកក្រុមថា ខ្ញុំមិនអាចគ្រប់គ្រង់អារម្មណ៍របស់គាត់ឲ្យមិនចេះខ្លាចនោះទេ។ គាត់ត្រូវតែទទួលស្គាល់អំពីភាពភ័យខ្លាចរបស់គាត់។ តែគាត់ត្រូវតែសន្យាទៅកាន់ខ្លួនឯងថា គាត់ត្រូវតែខិតខំអភិវឌ្ឍអារម្មណ៍របស់គាត់ឲ្យកាន់តែល្អទៅខាងមុខ។ 
 
គី ចំណា៖ បើតាមបទពិសោធន៍របស់កញ្ញានៅក្នុងការតស៊ូមតិនេះ តើកញ្ញាគិតថា ការប្រកួតប្រជែងតស៊ូមតិគួរតែរាប់បញ្ចូលឲ្យទៅជាផ្នែកមួយសំខាន់ខ្លាំងក្នុងកម្មវិធីសិក្សាដែរឬទេ? 

សុង ដាភា៖ ជាមួួយនឹងការស្រឡាញ់ការតស៊ូមតិរបស់ខ្ញុំ ហើយបើទោះបីជាការតស៊ូមតិបានជួយជម្រុញជីវិតខ្ញុំយ៉ាងច្រើនក៏ដោយមែន ខ្ញុំនៅតែគិតថាការតស៊ូមតិមិនគួរក្លាយទៅជាមុខវិជ្ជាមួយដែលសិស្សគ្រប់ៗគ្នាត្រូវរៀននោះទេ។ ហេតុអ្វី? ពីព្រោះមិនមែនមនុស្សគ្រប់គ្នាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូមតិនោះទេ។ បើតាមអ្វីដែលខ្ញុំមើល ការតស៊ូមតិគួរតែធ្វើឡើងដោយអារម្មណ៍សប្បាយ និងពេញចិត្ត។ បើអ្នកបង្ខំវា នោះវានឹងលែងមានភាពសប្បាយទៀតហើយ ហើយវាក៏អាចបន្សល់នូវអារម្មណ៍មិនល្អមួយចំនួនទៅកាន់សិស្សដែលចូលរួមផងដែរ។ មនុស្សផ្សេងៗគ្នា មានលក្ខណៈសម្បត្តិផ្សេងៗគ្នា។ ពួកគេមានជម្រើសផ្សេងៗជាច្រើនទៀតក្នុងការអភិវឌ្ឍខ្លួនឯងក្រៅពីការតស៊ូមតិ។ បើសាកលវិទ្យាល័យ ឬវិទ្យាស្ថានអប់រំណាបង្ខំឲ្យសិស្សចូលទៅក្នុងកម្មវិធីតស៊ូមតិ វាអាចធ្វើឲ្យគាត់ទទួលរងភាពភ័យខ្លាច។ នេះគឺដោយសារតែមិនមែនមនុស្សគ្រប់គ្នាអាចរងសម្ពាធបានដូចៗគ្នានោះឡើយ។ ហេតុដូចនេះ អ្នកមិនមែនជួយពួកគាត់ទេ។ តាមពិតទៅ អ្នកអាចនឹងធ្វើបាបគាត់វិញទេ។ មនុស្សទូទៅគួរចូលរួមកម្មវិធីតស៊ូមតិដោយគិតថាពួកគេមានសិទ្ធិក្នុងការចូលរួមដោយខ្លួនឯង និងចូលរួមដោយមានអារម្មណ៍ថាចង់រៀនបន្ថែមអំពីសកម្មភាពមួយនេះ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com