ជាតិ
បាក់រលំសំណង់អគារផ្ទះសំណាក់មួយនៅប៉ោយប៉ែត បណ្តាលឲ្យ​កម្មករ៣នាក់របួស
07, Aug 2021 , 9:28 pm        
រូបភាព
អគារផ្ទះសំណាក់មួយ បានបាក់រលំប្លង់សេពេលកំពុងសាងសង់នៅក្រុងប៉ោយប៉ែត ធ្វើឱ្យមនុស្ស៣នាក់រងរបួស។ ជនរងគ្រោះទាំង៣នាក់នោះ មានកម្មការិនីម្នាក់របួសជើងធ្ងន់ធ្ងរ ចំណែកឯ កម្មករ២នាក់ទៀតរងរបួសស្រាល។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។


 
តាមការសន្និដ្ឋានរបស់លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត អគារផ្ទះសំណាក់នេះ បាក់រលំដោយសារតែការសាងសង់ខុសបច្ចេកទេស។ «ដោយសារតែជន្ទល់ទម្រប្លង់សេវែងៗពេក ហើយយោងញ័រនៅពេលទ្រទម្ងន់ស៊ីម៉ងត៍ធ្ងន់ និងបុកពីរថយន្តក្រឡុងផង ទើបបណ្ដាលឱ្យបាក់បែបនេះ»។ នេះបើតាមការលើកឡើងរបស់លោកអធិការនគរបាលក្រុងប៉ោយប៉ែតដដែល។ 
 
ចំពោះជនរងគ្រោះទាំង៣នាក់នោះ បានបញ្ជូនទៅគ្លីនិកភ្លាម ដោយមានតែកម្មការិនីម្នាក់ប៉ុណ្ណោះដែលរងរបួសជើងខ្លាំង ចំណែកឯ កម្មករ២នាក់ទៀត រងរបួសស្រាលប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកអធិការ បានបញ្ជាក់ថា ការបាក់រលំនេះកើតឡើងនៅពេលវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដោយទីតាំងអគារ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងឯកសារសំណង់នោះ មានច្បាប់អនុញ្ញាតសាងសង់ ស្នើត្រឹមការិយាល័យច្រកចេញ-ចូលតែមួយនៃសាលាក្រុងប៉ោយប៉ែត។ ដូច្នេះអាជ្ញាធរ នឹងស្រាវជ្រាវបន្ថែមទៀតលើករណីនេះ។ លោក បញ្ជាក់ដូច្នេះថា៖«សំណង់នេះត្រូវផ្អាកបណ្ដោះអាសន្ន រង់ចាំការសម្រេចពីអ្នកជំនាញ និងអាជ្ញាធរ»។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិដដែល។

រហូតមកដល់ពេលនេះ ម្ចាស់សំណង់អគារ និងក្រុមជាងដែលសាងសង់ មិនត្រូវបានអាជ្ញាធរឃាត់ខ្លួនឡើយ។ ដ្បិតកម្មការិនីដែលរងធ្ងន់នោះ បានបញ្ជូនមកមន្ទីរពេទ្យខេត្តហើយ។ នេះបើតាមលោក ព្រំ ពិសិដ្ឋ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com