អន្តរជាតិ
ការសិក្សា៖ កម្រិតអូមេហ្គា-៣ ខ្ពស់នៅក្នុងឈាម អាចជួយឱ្យមនុស្សរស់បានយូរជាងមុន៥ឆ្នាំ
08, Aug 2021 , 7:29 pm        
រូបភាព
រូបថត Pixabay
រូបថត Pixabay
អូមេហ្គា-៣ ជាអាស៊ីតខ្លាញ់ល្អដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង។អ្នកស្រាវជ្រាវបានរកឃើញថា កម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣ ខ្ពស់នៅក្នុងគោលិកាឈាមក្រហម គឺជាលទ្ធផលល្អនៃការព្យាករណ៍អំពីការសង្ឃឹមភាពរស់របស់មនុស្សម្នាក់ៗ។ នេះបើតាមការសិក្សាចុះផ្សាយលើទំព័រវិទ្យាសាស្ត្រ ScienceDaily។

 
ថ្មីៗនេះ ការសិក្សាមួយ ដែលចុះផ្សាយលើទិនានុប្បវត្តិផ្នែកអាហារូបត្ថម្ភរបស់អាមេរិក បានបង្ហាញថា ការមានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣ នៅក្នុងឈាមខ្ពស់ ដែលទទួលបានពីការបរិភោគខ្លាញ់ត្រី បានជួយបង្កើនក្តីសង្ឃឹមភាពរស់ជិត ៥ ឆ្នាំបន្ថែមទៀត។ លោក Aleix Sala-Vila អ្នកស្រាវជ្រាវផ្នែកបេះដូង និងអាហារូបត្ថម្ភរបស់វិទ្យាស្ថាន IMIM បានអះអាងបែបនេះ។ លោក Aleix ក៏បន្ថែមថា សម្រាប់អ្នកជក់បារីម្នាក់ ជាធម្មតាត្រូវបានកាត់បន្ថយក្តីសង្ឃឹមភាពរស់ ៤,៧ឆ្នាំ ប៉ុន្តែប្រសិនបើអ្នកទាំងនោះមានកម្រិតអាស៊ីតអូមេហ្គា-៣ ខ្ពស់នៅក្នុងឈាម ក្តីសង្ឃឹមភាពរស់នោះ នឹងបាត់បង់ជំនួសវិញ។
 
អំណះអំណាងខាងលើផ្អែកលើការសិក្សាដែលបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវផ្នែកអាស៊ីតខ្លាញ់របស់អាមេរិករួមសហការជាមួយសកលវិទ្យាល័យវេជ្ជសាស្ត្រអាមេរិក និងកាណាដាផ្សេងទៀត។ ការសិក្សាបានធ្វើឡើងលើសពី១១ឆ្នាំមកហើយ ដោយវិភាគលើកម្រិតអាស៊ីតខ្លាញ់ក្នុងឈាមរបស់អ្នកចូលរួម ២២៤០នាក់ មានវ័យលើសពី៦៥ឆ្នាំ។ 
 
លទ្ធផល នៃការសិក្សា បានបង្ហាញថាអាស៊ីតខ្លាញ់ ៤ ប្រភេទរួមទាំងអូមេហ្គា-៣ អាចជួយឱ្យមនុស្សមានអាយុវែងជាងធម្មតាជិត ៥ឆ្នាំ។ ក្នុងចំណោមអាស៊ីតខ្លាញ់ទាំង៤ប្រភេទនោះ មាន២ប្រភេទគឺជាអាស៊ីតខ្លាញ់ឆ្អែត ជាទូទៅត្រូវបានកំណត់ថាបង្កហានិភ័យដល់សរសៃឈាមបេះដូង ប៉ុន្តែឥឡូវនេះវាត្រូវបានរកឃើញថាអាចជួយជម្រុញឱ្យមនុស្សមានអាយុវែងជាងមុន ដូចអូមេហ្គា-៣ ដែរ។ ស្របគ្នានេះលោក Sala-Vila បានបញ្ជាក់ថា៖«មិនមែនអាស៊ីតខ្លាញ់ឆ្អែតទាំងអស់សុទ្ធតែអាក្រក់នោះទេ»។ 
 
សូមបញ្ជាក់ថា ដើម្បីទទួលបានអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវរៀបចំរបបអាហាររបស់ខ្លួនឱ្យបានល្អ។ ខ្លាញ់អូមេហ្គា-៣ ត្រូវបានរកឃើញក្នុងចំណីអាហារជាច្រើនជាពិសេសសាច់ត្រី រួមមាន ត្រីសាលម៉ុន, ត្រីធូណា, ត្រី Mackerel និងពពួកត្រីបរទេសជាច្រើនទៀត។ អូមេហ្គា-៣ ក៏សម្បូរផងដែរក្នុងបន្លែផ្លែឈើ, គ្រាប់ធញ្ញជាតិ, សារ៉ាយសមុទ្រ, សណ្តែកសៀង, និងផ្លែប័រផងដែរ៕ 
 

Tag:
 សុខភាព
  អូមេហ្គា-៣
© រក្សាសិទ្ធិដោយ thmeythmey.com