COVID-19
ជាតិ
ពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ជាង៣ពាន់នាក់ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស
08, Aug 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ពលរដ្ឋកម្ពុជាជាង៨លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ក្នុងនោះក្រុមគ្រូពេទ្យស្មគ្រចិត្ត ស.ស.យ.ក ជាង៣ពាន់នាក់ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះផងដែរ។ លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងសមាជិកទាំងអស់ដែលបានស្មគ្រចិត្តក្នុងកាលៈទេសៈលំបាកនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលចុះបំពេញភារកិច្ចខ្លួន។



ក្រុមគ្រូពេទ្យស្ម័គ្រ ស.ស.យ.ក ជាង៣ពាន់នាក់ បានចូលរួមជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលចាប់ផ្ដើមឡើងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតមកបច្ចុប្បន្នបានចាក់ជូនពលរដ្ឋជាង៦០ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋជាង៨លាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។


 
ក្រៅពីការចាក់វ៉ាក់សាំង សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ប្រមាណ៦ពាន់នាក់ទៀត ក៏បានចូលរួមជួយសម្របសម្រួលនៅតាមទីតាំងចាក់វ៉ាក់សាំងនានាតាមបណ្ដារាជធានីខេត្ត និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលសែនសុខ១ផងដែរ។ ក្នុងនោះ ក្រុមគ្រូពេទ្យ ស.ស.យ.ក បានទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ជាង៧ពាន់ និងបានជាសះស្បើយជាង៦ពាន់នាក់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។


 
លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា៖«ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺដ៏សាហាវនេះ។នៅតាមមូលដ្ឋានគ្រប់ច្រកល្ហក យុវជន ស.ស.យ.ក បានមមាញឹកចូលរួមផ្សព្វផ្សាយ អំពីការការពារខ្លួន ជៀសវាងការឆ្លងជំងឺកូវីដ-១៩»។ ជាមួយគ្នានេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក៏បានចូលក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការព្យាបាលអ្នកជំងឺកូវីដ-១៩ថែមទៀតផង។ 
លោក ម៉ានី ផ្ដាំផ្ញើដល់សមាជិកទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតដោយត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព និងវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរាល់ពេលចុះបំពេញភារកិច្ចរបស់ខ្លួន៕
 

Tag:
 គ្រូពេទ្យស្មគ្រចិត្ត
 ស.ស.យ.ក
© រក្សាសិទ្ធិដោយ thmeythmey.com