កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ ហ្វីលីពីន និងឥណ្ឌូណេស៊ី ជោគជ័យខ្ពស់ ខណៈសិង្ហបុរី និងវៀតណាម ស្ថិតក្នុងចំណោមក្រុមគ្មានមេដាយ
10, Aug 2021 , 8:29 am        
រូបភាព
ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ សហរដ្ឋអាមេរិក ឈ្នះមេដាយច្រើនជាងគេគ្រប់ប្រភេទមេដាយ ចិនលេខ២ និងម្ចាស់ផ្ទះជប៉ុនលេខ៣។ ៩១ប្រទេស/ក្រុមក្នុងចំណោម២០៥ បានវិលត្រឡប់វិញជាមួយមេដាយ។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី សុទ្ធតែចូលក្នុងតារាងមេដាយ ខណៈ សិង្ហបុរី និងវៀតណាម ដែលធ្លាប់បានជោគជ័យកន្លងមក រួមទាំងកម្ពុជា ឡាវ និងព្រុយណេ សុទ្ធតែគ្មានមេដាយ។

 
 
 ហ្វីលីពីន ឈ្នះមេដាយមាសជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩២៤មក រួមទាំងប្រាក់២ សំរឹទ្ធ១ ហើយក៏ជាក្រុមជោគជ័យ ជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។ ឥណ្ឌូណេស៊ី បានមេដាយសរុបចំនួន៥ដែលច្រើនជាងគេក្នុងតំបន់ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ៣។ ថៃបានមាស១ និងសំរឹទ្ធ ខណៈម៉ាឡេស៊ី បានប្រាក់១ និងសំរឹទ្ធ១។
 
ផ្ទុយទៅវិញ វៀតណាម និងសិង្ហបុរី ដែលធ្លាប់ទទួលបានមេដាយកន្លងមកក្នុងព្រឹត្តិការណ៍អូឡាំពិក និងមានរំពឹងខ្ពស់ថា ទទួលបានមេដាយបន្ថែមទៀតនោះ បានវិលត្រឡប់ទៅផ្ទះវិញ ដៃទទេដូច កម្ពុជា ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងទីម័រខាងកើតយ៉ាងដូច្នោះដែរ។


 
ក្នុងព្រឹត្តិការណ៍ Tokyo 2020 នេះ វៀតណាម និងសិង្ហបុរី មានអត្តពលិកច្រើន និងច្រើនប្រភេទកីឡាដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី  ថៃ និងម៉ាឡេស៊ី ខណៈកម្ពុជា បានបញ្ជូនអត្តពលិក៣រូបលើ២ប្រភេទកីឡា (ហែលទឹក និងអត្តពលម្ម), ព្រុយណេ មានអត្តពលិក២រូប (ហែលទឹក និងអត្តពលកម្ម), ឡាវ៤រូប (យូដូ, ហែលទឹក និងអត្តពលកម្ម), មីយ៉ាន់ម៉ា មាន២រូប (វាយសី និងបាញ់កាំភ្លើង) ទីម័រខាងកើត ៣រូប (ហែលទឹក និងអត្តពលកម្ម)។ ប្រទេសទាំង៥សុទ្ធតែមិនដែលឈ្នះមេដាយសោះពីអូឡាំពិក។
 
អូឡាំពិករដូវក្តៅ ដែលពន្យារយៈពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩ បានបើកកម្មវិធីប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់វិញនៅថ្ងៃទី៨ ខែសីហា។ ព្រឹត្តិការណ៍នេះ មានអត្តពលិកទូទាំងពិភពលោក ចូលរួមសរុប១១,៥០០នាក់ ក្នុងនោះអត្តពលិកពីតំបន់អាស៊ានមានចំនួន១៧៣នាក់ ដើម្បីប្រកួតប្រជែងក្នុង៣៣ប្រភេទកីឡា។ 
 
 
ក្រោយឆ្លងកាត់ការប្រកួតប្រជែងគ្នាអស់រយៈពេល ១៨ថ្ងៃ យើងបានរកឃើញប្រទេសដែលមានអត្តពលិកឈ្នះមេដាយមានតែ៩១ប្រទេសប៉ុណ្ណោះ ខណៈ១១៤ប្រទេសផ្សេងទៀតត្រឡប់ទៅផ្ទះវិញដោយដៃទទេ។ 
 
មេដាយសរុបចំនួន ១០៨០មេដាយ ក្នុងនោះមាស៣៤០ ប្រាក់៣៣៨ និងសំរឹទ្ធិ ៤០២ ត្រូវបានផ្តល់ជូនអត្តលិកក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកលើកទី៣២នេះរួចរាល់ហើយ។
អាមេរិក ក្តោមយកមេដាយច្រើនជាងគេគ្រប់ប្រភេទមេដាយ ក្នុងនោះមាស៣៩ ប្រាក់៤១ និងសំរឹទ្ធ៣៣ សរុប១១៣ តាមពីក្រោយដោយគូប្រជែងចិន ដែលរកបានមេដាយសរុប៨៨ ក្នុងនោះមាស៣៨ ប្រាក់៣២ និងសំរឹទ្ធិ១៨។ ម្ចាស់ផ្ទះជប៉ុន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ដោយរកបានមេដាយមាស២៧ ប្រាក់១៤ និងសំរឹទ្ធ១៧ សរុប៥៨។


 
 
ប្រទេសទាំង១០ (Top10) ដែលរកបានមេដាយច្រើនជាងគេបន្ទាប់ពីអាមេរិក ចិន និងជប៉ុន មានចក្រភពអង់គ្លេសដែលឈ្នះមេដាយមាស២២ ប្រាក់២១ និងសំរឹទ្ធិ២២ សរុប៦៥។ អត្តពលិកតំណាងរុស្ស៊ី មាស២០ ប្រាក់២៨ និងសំរឹទ្ធិ២៣ សរុប៧១។ អូស្ត្រាលី មាស១៧ ប្រាក់៧ និងសំរឹទ្ធ២២ សរុប៤៦។ ហូឡង់ មាស១០ ប្រាក់១២ សំរឹទ្ធ១៤ សរុប៣៦។ បារាំង មាស១០ ប្រាក់១២ សំរឹទ្ធ១១ សរុប៣៣។ អាល្លឺម៉ង់ មាស១០ ប្រាក់១១ និងសំរឹទ្ធិ១៦ សរុប៣៧ និងអ៊ីតាលីមាស១០ ប្រាក់១០ និងសំរឹទ្ធិ២០ សរុប៤០។
ចំណោមប្រទេសដែលរកបានមេដាយទាំង៩១ ភាគច្រើនជាប្រទេសក្នុងទ្វីបអឺរ៉ុប ខណៈអត្តពលិកពីតំបន់អាហ្វ្រិក អាស៊ីកណ្តាល និងអាស៊ី ក្នុងចំនួនច្រើនលើសលុបមិនបានឈ្នះមេដាយឡើយ៕
 





Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com