ជាតិ
សង្គមជាតិ
កូវីដ-១៩ ជំរុញពលរដ្ឋឱ្យប្រើប្រាស់ប្លាស្ទិកកាន់តែច្រើន
10, Aug 2021 , 11:26 am        
រូបភាព
 សំរាមពោរពេញដោយប្លាស្ទិក ដែលកម្មករស៊ីនទ្រី ប្រមូលពីផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧សីហា ឆ្នាំ២០២១។
សំរាមពោរពេញដោយប្លាស្ទិក ដែលកម្មករស៊ីនទ្រី ប្រមូលពីផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧សីហា ឆ្នាំ២០២១។
ដោយ៖អ៊ូ សុខមាន និង ស៊ូ សុគន្ធា

ភ្នំពេញ៖ កូវីដ-១៩ ជំរុញពលរដ្ឋឱ្យប្រើប្រាស់ប្លាស្ទិកកាន់តែច្រើន ដូចជាសម្ភារៈប្រើប្រាស់បង្ការជំងឺ និងអាហារវេចខ្ចប់ ដោយប្រភេទថង់ប្លាស្ទិកជាដើម។ បើតាមរបាយការណ៍របស់ UNEP (United Nations Environment Programme) ប្លាស្ទិកទាំងនោះ ភាគច្រើនត្រូវបានមនុស្សយកទៅប្រើប្រាស់តែមួយដងគត់ ហើយឈប់ប្រើឬបោះចោល ដើម្បីបញ្ចៀសនូវហានិភ័យ នៃការចម្លងមេរោគកូរ៉ូណា។

 
កញ្ញា ឪ សុភ័ក្ររ៉ាត់  ជាយុវតីមួយរូបដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់ដបទឹកសម្រាប់ច្រកកាហ្វេ ឬភេសជ្ជៈផ្សេងៗពីកន្លែងលក់នានា។ មិនតែប៉ុណ្ណោះ សុភ័ក្ររ៉ាត់ ក៏ប្រើចានស្រាក់ ឬប្រអប់បាយធ្វើពីថ្ម សម្រាប់ដាក់ចំណីអាហារ ដែលនាងត្រូវទិញយកមកបរិភោគនៅផ្ទះ និងនៅកន្លែងធ្វើការជាដើម។ ប៉ុន្តែសកម្មភាពវេចខ្ចប់ចំណីអាហារប្រចាំថ្ងៃរបស់នាងទាំងនេះ ត្រូវបានជំនួសវិញ ដោយការប្រើប្រាស់បា្លស្ទិក ចាប់ពីពេលផ្ទុះជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មក។ 
 
ថង់ កំប៉ុង ទុយោដែលធ្វើពីប្លាស្ទិក ប្រអប់ស្នោ និងម៉ាស់...ជាដើម ត្រូវបានកញ្ញា សុភ័ក្ររ៉ាត់ ប្រើប្រាស់ និងបោះចោលវិញ មិនក្រោម១០នោះទេ នៅក្នុងមួយថ្ងៃៗ។ សំណល់ប្លាស្ទិករបស់កញ្ញា សុភ័ក្ររ៉ាត់ ទាំងនោះ បានពីការទិញចំណីអាហារវេចខ្ចប់នៅតាមហាងនានា និងបញ្ជាទិញពីសេវាដឹកជញ្ជូនតាមប្រព័ន្ធអនឡាញ។ 


ភេសជ្ជ និងចំណីអាហារនានា ដែលកញ្ញា ឪ សុភក្ររ៉ាត់ វេចខ្ចប់ដោយប្លាស្ទិក យកមកទទួលទាននៅកន្លែងធ្វើការងារ។ 

«រាល់ថ្ងៃ ខ្ញុំដឹងថាខ្លួនឯងប្រើប្លាស្ទិកច្រើនជាងមុន ដោយសារខ្ញុំលែងទៅហូបអាហារនៅខាងក្រៅ ព្រោះតែខ្លាចឆ្លងកូវីដ-១៩។ បច្ចុប្បន្ន បើខ្ញុំចង់ហូបអាហារឬភេសជ្ជៈអីខាងក្រៅ ខ្ញុំបញ្ជាទិញពីសេវាដឹកជញ្ជូនទំនិញនានា ដោយអាហារទាំងនេះមានការវេចខ្ចប់ និងប្រើប្រាស់ដោយប្លាស្ទិកទាំងអស់»។ នេះជាលើកឡើងរបស់កញ្ញា សុភ័ក្ររ៉ាត់។  
 
យុវតីវ័យ២៦ឆ្នាំរូបនេះ បានបន្តរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey ដូច្នេះថា៖«ក្នុងមួយថ្ងៃ បើគិតតាំងព្រឹកមក ខ្ញុំទិញកាហ្វេមួយកែវ គឺមានថង់ប្លាស្ទិកមួយ កំប៉ុងប្លាស្ទិកមួយ និងទុយោប្លាស្ទិកមួយ ហើយខ្ញុំទិញនំបុ័ងក៏មានច្រកថង់ប្លាស្ទិកមួយទៀត ដែរ។ ដល់ពេលថ្ងៃត្រង់ ខ្ញុំក៏ត្រូវកម្ម៉ងអាហារ និងភេសជ្ជពីកន្លែងលក់ ក៏មានច្រកប្លាស្ទិកដែរ។ និយាយទៅ គឺប្រើប្លាស្ទិកច្រើនតែម្តង»។ 
 
ចំណែកកញ្ញា ប៉ុន ច័ន្ទបូរមី ក៏បានប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃកាន់តែច្រើនជាងមុនដែរ ។ បូរមី ប្រើប្រាស់ប្លាស្ទិកទាំងនោះ តែ១ដងហើយ ក៏បោះចោលតែម្ដង ។ ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ទើបនិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញរូបនេះ ត្រូវបង្ខំចិត្តឈប់ចេញទៅញាំអាហារនៅតាមហាង ឬភោជនីយដ្ឋាននានា ដែលខ្លួនចូលចិត្តដូចមុនឡើយ។ 


សំណល់សំរាមប្លាស្ទិក នៅម្ដុំផ្សារបឹងត្របែក ខណ្ឌចំការម៉ន រាជធានីភ្នំពេញ

«កាលមុន[មានវិបត្តិកូវីដ-១៩]  យើងអាចទៅហាង ដើម្បីញ៉ាំអាហារនៅកន្លែងអ្នកលក់តែម្តង ដោយ គេប្រើជាចាន, សា្លបព្រាឬកែវមកស្រាប់។ ប៉ុន្តែឥឡូវ ដែលយើងកំពុងស្ថិតក្នុងកាលៈទេសៈនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ហ្នឹង នៅពេលដែលខ្ញុំត្រូវការទិញចំណីអាហារ ឬសម្ភារផ្សេងៗ ខ្ញុំគឺត្រូវវេចខ្ចប់ដោយប្លាស្ទិកទាំងអស់ ដើម្បីយកមកញុំានៅផ្ទះ»។ នេះជាការបញ្ជាក់របស់កញ្ញា ប៉ុន ច័ន្ទបូរមី ។
 
ជំងឺកូវីដ-១៩ ជាង២ឆ្នាំនេះ បានធ្វើឱ្យមនុស្សផ្លាស់ប្ដូរឥរិយាបថរស់នៅ និងការហូបចុកជាដើម ខណៈសេវាដឹកជញ្ជូនទំនិញ ចំណីអាហារ ឬភេសជ្ជៈ ដែលមានការបញ្ជាទិញតាមប្រព័ន្ធអនឡាញនោះ ក៏កើនឡើងដែរ។ 
 
ជាម្ចាស់ហាងបាយ និងបបរមាន់ មួយកន្លែងនៅម្ដុំទួលទំពូង ខណ្ឌចំការម៉ន រាជធានីភ្នំពេញ អ្នកស្រី ហេ ឃីហ្គេចជូ បានកត់សម្គាល់ឃើញថា ភ្ញៀវដែលធ្លាប់ពិសាបាយ ឬបបរនៅក្នុងហាងខ្លួន ភាគច្រើនបានប្តូរទៅជាការទិញបែបវេចខ្ចប់យកទៅពិសានៅផ្ទះ ឬនៅកន្លែងធ្វើការងាររៀងៗខ្លួនវិញ។ ចំពោះការវេចខ្ចប់ចេញពីហាងរបស់អ្នកស្រី ហ្គេចជូ ភាគច្រើនជាប្រភេទកំប៉ុងប្លាស្ទិក ប្រអប់ស្នោ និងថង់ប្លាស្ទិកតូចធំជាច្រើនផ្សេងៗទៀត។ បើតាមម្ចាស់ហាងរូបនេះ តម្រូវការប្រើប្រាស់ប្លាស្ទិកគ្រប់ប្រភេទកាន់តែច្រើន នៅក្នុងសកម្មភាពរស់នៅ និងអាជីវកម្មប្រចាំថ្ងៃ ក្នុងបរិបទកូវីដ-១៩នេះ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey អ្នកស្រី ហេ ឃីហ្គេចជូ បាននិយាយថា៖«មួយថ្ងៃ បើខ្ញុំលក់បាយឬបបរបាន៥០ចាន គឺមានប្រហែល ៣០ទៅ៣៥ចានហើយ ដែលគេកម្ម៉ងខ្ចប់ ហើយការកម្ម៉ងខ្ចប់របស់ភ្ញៀវគឺខុសមុនទៅទៀត។ ពីមុនកូវីដ-១៩ ភ្ញៀវមកទិញបាយឬបបរ៥ប្រអប់អី យើងអាចដាក់នៅក្នុងថង់តែមួយរួមគ្នាបាន។ ប៉ុន្តែឥឡូវ បើភ្ញៀវកម្ម៉ង់បាយ៥ប្រអប់ គឺគាត់សុំឱ្យយើងដាក់ក្នុងថង់ផ្សេងៗពីគ្នាទាំង៥ប្រអប់ហ្នឹង»។ 
 
បច្ចុប្បន្ន នៅតាមដងផ្លូវ ទីសាធារណៈ តាមអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងលក់អាហារមួយចំនួន នៅរាជធានីភ្នំពេញ មិនសូវមានកាកសំណល់ ឬសំរាមឡើយ។ នោះក៏ព្រោះតែពលរដ្ឋលែងសូវទៅទទួលទានអាហារ នៅតាមទីកន្លែងទាំងនោះ។ ដ្បិតតាមហាងលក់ចំណីអាហារថមថយសំរាមក្តី ប៉ុន្តែសំរាមនៅតាមផ្ទះពលរដ្ឋវិញ បែរជាមានច្រើន ហើយពោរពេញទៅដោយសំរាមប្លាស្ទិកគ្រប់ប្រភេទ។ នេះជាការលើកឡើងរបស់លោក ឈុន សាវង្ស ជាកម្មករប្រមូលសំរាមតាមផ្ទះ របស់ក្រុមហ៊ុន ស៊ីនទ្រី នៅក្នុងខណ្ឌចំការមន។

 
លោក ឈុន សាវង្ស កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រចាំខណ្ឌចំការមន។

កម្មករប្រមូលសំរាមតាមផ្ទះរូបនេះ បាននិយាយដូច្នេះ៖«សំរាមប្លាស្ទិកនៅតាមផ្ទះពលរដ្ឋនីមួយៗ មានច្រើននិងកើនឡើងជាងមុនតែម្តង។សំរាមប្លាស្ទិកទាំងនោះ មានភាគច្រើនជា ប្រអប់ស្នោ និងកំប៉ុងប្លាស្ទិក ថង់ប្លាស្ទិកជាដើម...»។  
 
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈនេះ សំរាមទូទៅប្រចាំថ្ងៃ នៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង  មានការថយចុះ ជិតពាក់កណ្តាល ពោលគឺធ្លាក់ចុះពី៤០០តោន មកត្រឹម២០០តោនប៉ុណ្ណោះ។ ប៉ុន្តែបើនិយាយពីសំរាមប្លាស្ទិក ហក់ឡើងខ្ពស់ជាងមុន។ នេះបើតាមលោក អ៊ុន ផាន់ណា ប្រធានកម្មករបោសសម្អាតនិងប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី  ។
 
ថ្លែងប្រាប់សារព័ត៌មានThmeyThmey លោក ផាន់ណា បាននិយាយដូច្នេះ៖ «រាល់ថ្ងៃសំរាមប្រភេទស្នោ និងថង់ រួមទាំងកំប៉ុងប្លាស្ទិក មានច្រើននៅតាមផ្ទះពលរដ្ឋនីមួយៗ ព្រោះឥឡូវមានជំងឺកូវីដឆ្លងរាលដាលខ្លាំងអ៊ីចឹងទៅ ទាំងអ្នកលក់ និងអ្នកទិញចំណីអាហារ ប្រើប្រាស់នូវការវេចខ្ចប់ច្រើន។ ដល់អ៊ីចឹងទៅ! សំរាមប្រភេទហ្នឹង គឺមានការកើនឡើងច្រើន»។
 

លោក អ៊ុន ផាន់ណា ប្រធានកម្មករបោសសម្អាតនិងប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី​ ប្រចាំខណ្ឌចំការមន និងខណ្ឌបឹងកេងកង។  

បើតាមរបាយការណ៍របស់ UNEP (United Nations Environment Programme) ប្លាស្ទិកទាំងនោះ ភាគច្រើនត្រូវបានមនុស្សយកទៅប្រើប្រាស់តែមួយដងគត់ ហើយឈប់ប្រើឬបោះចោល ដើម្បីបញ្ចៀសនូវហានិភ័យ នៃការចម្លងមេរោគកូរ៉ូណា។ 
 
ដ្បិតការកាត់បន្ថយញាំចំណីអាហារតាមហាង ដោយងាកមកប្រើប្រាស់សេវាវេចខ្ចប់ ដែលជាជម្រើសល្អក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបញ្ហាប្រើប្រាស់ប្លាស្ទិកដូចជា ថង់ បំពង់បឺត កែវ ប្រអប់ស្នោរ និងដបប្លាស្ទិកជាដើមនេះ កំពុងគំរាមកំហែងដល់បរិស្ថានយ៉ាងខ្លាំង។
 
បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ហើយខ្លះទៀត អាចចំណាយពេលរាប់ពាន់ឆ្នាំ ។  សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទិចប្លាស្ទិកទំាងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។ នេះបើតាមក្រសួងបរិស្ថាន ។
 
ជុំវិញបញ្ហាប្រើប្រាស់ប្លាស្ទិកនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ពលរដ្ឋនៅរាជធានីភ្នំពេញ បានបង្កើតសំរាមពី២,៧០០ទៅ៣,០០០តោនជារៀងរាល់ថ្ងៃ ដោយនៅក្នុងនោះ មានជាង២០ភាគរយ ជាសំរាមប្រភេទប្លាស្ទិក។ ដ្បិតមិនទាន់មានរបាយការណ៍ជាក់លាក់ក្តី ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃមុនថា កំណើនប្លាស្ទិក អាចកើនឡើងនៅក្នុងស្ថានភាពនៃបរិបទកូវីដ-១៩ ដោយសារការប្រើប្រាស់ពីសំណាក់ពលរដ្ឋ ក្នុងកាលៈទេសៈទប់ស្កាត់ជំងឺឆ្លងទាំងអស់គ្នា។
  
លោកនេត្រ ភក្តា្រ បានប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី១០សីហានេះ ថា៖ «នៅក្នុងរាជធានីភ្នំពេញយើងនេះ តាមការសិក្សាកន្លងទៅចំនួននៃការប្រើប្រាស់ប្លាស្ទិកនៅក្នុងមួយថ្ងៃ គឺមានជាង១០លានថង់ប្លាស្ទិក ហើយចំនួននេះ អាចនឹងកើនឡើងបន្ថែមទៀត ជាមួយការប្រើប្រាស់ម៉ាស់ សម្លៀកបំពាក់ការពារជំងឺកូវីដ-១៩សម្រាប់នៅឈរមុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។ 
 
ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផលិតសំណល់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បន្តអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រ 4Rs+១។ ក្នុងនោះមាន ១. បដិសេធមិនប្រើប្រាស់ (Refuse) រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើប្លាស្ទិក។ ២. កាត់បន្ថយ (Reduce)៖ ការសម្រេចចិត្តទិញសម្ភារៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិតផលប្លាស្ទិក។ ៣. ប្រើប្រាស់ឡើងវិញ (Reuse)៖ ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី ៤. កែច្នៃ (Recycle)៖ កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម និងរំឭកឡើងវិញ (Remind)៖ រំឭកអ្នកដទៃទៀត អំពីភាពចាំបាច់ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត4R និងការធ្វើសកម្មភាពដើម្បីកាត់បន្ថយប្លាស្ទិក។
 
បើតាមលោក នេត្រ ភក្ត្រា រដ្ឋបាលរាជធានី-ខេត្ត គឺទាំងអស់ បានបែងចែកជាសំណល់ទៅតាមប្រភេទនីមួយៗ ដូចជា សំណល់ប្លាស្ទិក សំណល់សរីរាង្គ និងសំណល់គ្រោះថ្នាក់ ឬសំណល់វេជ្ជសាស្ត្រ បានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងសំណល់ក្នុងបរិបទកូវីដ-១៩នេះ ។
 
គួរបញ្ជាក់ថា ក្នុងមួយថ្ងៃ កម្ពុជាមានសំរាមទូទាំងប្រទេស ជាង១ម៉ឺនតោន និង ក្នុងមួយឆ្នាំៗ កម្ពុជាមានសំរាមរហូតជាង ៤លានតោន។  ក្នុងនោះមាន ៦៨ភាគរយ ជាប្រភេទសំណល់សរីរាង្គ, ជាង២០ភាគរយជាសំណល់ប្លាស្ទិក ជាង១០ភាគរយទៀត គឺជាប្រភេទសំណល់រឹង​ឬសំណល់គ្រោះថ្នាក់។ ដោយឡែក ខេត្ត-រាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញមានសំរាម ប្រមាណ៣,០០០តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ ២០ភាគរយជាសំណល់ប្លាស្ទិក។

ក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០តោនក្នុងមួយថ្ងៃ។ នេះ បើយោងតាមរបាយការណ៍ក្រសួងបរិស្ថាន ដែលចេញកាលពីចុងឆ្នាំ២០១៩កន្លងមក៕
 


សំរាមពោរពេញដោយប្លាស្ទិក នៅមុខផ្ទះរបស់ពលរដ្ឋមួយកន្លែង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧សីហា ឆ្នាំ២០២១។ 

Tag:
 ប្លាស្ទិក
  បរិស្ថាន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com