កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona នឹងខាតរាប់រយលានដុល្លារ ដោយសារការចាកចេញរបស់ Messi
10, Aug 2021 , 4:59 pm        
រូបភាព
Lionel Messi និងក្លិប Barcelona បានប្រកាសលាគ្នារួចរាល់ហើយ ក្រោយរួមរស់ជាមួយគ្នា១៨រដូវកាល។ ការចាកចេញរបស់តារាឆ្នើម Messi នឹងធ្វើឱ្យក្លិបយក្សអេស្ប៉ាញមួយនេះ បាត់ចំណូលរាប់រយលានដុល្លារអាមេរិក។


ការចាកចេញរបស់ Messi នឹងជួយ Barcelona កាត់បន្ថយចំណាយក្នុងចំនួនច្រើនលើថ្លៃពលកម្ម។ ក៏ប៉ុន្តែ ក្លិបរហស្សនាមអ្នកមានបុណ្យ ក៏ទំនងជាត្រូវខាតបង់ចំណូលវិញមិនស្ទើរដែរ ដ្បិតលែងមានវត្តមានរបស់ប្រធានក្រុមរូបនេះ ​នៅរដូវកាល ២០២១-២២។ នេះបើតាមការផ្សាយរបស់កាសែត Marca នៅថ្ងៃទី១០ ខែសីហា។
 
កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន បានបន្សល់ទុកអនុស្សាវរីយជាច្រើននៅ Camp Nou ហើយក្រុមរបស់អ្នកចាត់ការទូទៅលោក Ronald Koeman ក៏នឹងសល់ចន្លោះប្រហោង ដែលមិនទាន់អាចមានអ្នកជំនួស Messi បានភ្លាមៗនោះទេ នៅរដូវកាលនេះ។ 
 
យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនវិភាគលើចំណូលចំណាយទីផ្សារ Brand Finance  ការចាកចេញរបស់ Messi នឹងធ្វើឱ្យតម្លៃស្លាកយីហោរបស់ Barcelona ធ្លាក់ចុះ១១ភាគរយ ដែលមានន័យថា ពួកគេអាចខាតបង់១៦០លានដុល្លារ នៅឆ្នាំ២០២១ នេះ។
 
របាយការណ៍របស់ Brand Finance សម្រាប់ឆ្នាំ ២០២១ បង្ហាញថា ក្រុម Barcelona នៅពីក្រោយតែក្រុមគូប្រជែង Real Madrid ប៉ុណ្ណោះ ក្នុងនាមក្លិបកីឡាបាល់ទាត់ មានស្លាកយីហោមានតម្លៃថ្លៃបំផុតលើលោក។
 
មិនតែប៉ុណ្ណោះ ក្លិបយក្សអេស្ប៉ាញមួយនេះ ក៏នឹងត្រូវខាតបង់លើថ្លៃពាណិជ្ជកម្មផងដែរ ក្នុងនោះសម្លៀកបំពាក់កីឡាករ និងទំនិញផ្សេងទៀត រំពឹងថា នឹងលក់បានតិចបើគ្មាន Messi។ ទាំងនេះអាចនាំឱ្យ Barca ខាតបង់ប្រាក់ចំណូលពាណិជ្ជកម្មយ៉ាងច្រើនរហូតដល់ ៩០ លានដុល្លារឯណោះ។ ក្រៅពីនេះ ចំនួនអ្នកចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាននាជំនួបផ្សេងៗរបស់ Barcelona ជាពិសេសនៅរដូវកាលនេះ អាចនឹងធ្លាក់ចុះខ្លាំង។
 
សូមរម្លឹកថា នៅពេល Cristiano Ronaldo ចាកចេញពី Real Madrid ក្នុងឆ្នាំ ២០១៨ តម្លៃក្លិបបានធ្លាក់ចុះរហូតដល់ទៅ ១៩ ភាគរយឯណោះ៕
 

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com