កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះមេដាយមាសអូឡាំពិក ប៉ុន្តែមិនជាប់ទំព័រមុខកាសែត L’Equipe កីឡាការិនី Handball បារាំង អន់ចិត្ត
10, Aug 2021 , 8:29 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាការិនី Handball បារាំង បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo 2020) ប៉ុន្តែការសម្រេចបានជាប្រវត្តិសាស្ត្រនេះ មិនត្រូវបានសារព័ត៌មានកីឡាដ៏ល្បីល្បាញ L'Équipe ចុះផ្សាយដាក់ទំព័រមុខនោះឡើយ។ កីឡាការិនី Cleopatre Darleux អាក់អន់ចិត្តយ៉ាងខ្លាំង ដោយកាសែតបែរជាផ្តោតខ្លាំងទៅលើព័ត៌មានទាក់ទងនឹងវត្តមាន Lionel Messi ជាក្លិប PSG ទៅវិញ។

 
កាសែត L’Equipe ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែសីហា បានចេញផ្សាយទំព័រមុខដោយដាក់រូប Messi និង Tour Eiffel ជាមួយនឹងចំណងជើងថា «ប៉ារីសសក្តិសមសម្រាប់ Messi» (Paris Vaut Bien Un Messi)។ នៅផ្នែកខាងលើ កាសែតបានដាក់រូបតូចមួយ ជាមួយនឹងចំណងជើងខ្លីថា «Handball (ក្រុមនារីក្នុងវគ្គផ្តាច់ព្រ័ត្រ)។
 
ឃើញបែបនេះ កីឡាការិនី Cleopatre Darleux ដែលជាអ្នកចាំទី បានចោទជាសំណួរនៅលើ Twitter ថា៖ «ប្រវត្តិសាស្ត្រ បានកើតឡើង យើងពិតជាមិនសក្តិសមនៅលើទំព័រមុខ [La Une] របស់ L’Equipe មែនឬ?»។ សំណររបស់ម្ចាស់មេដាយមាសអូឡាំពិករូបនេះ ទទួលបាននូវមតិយោបល់គាំទ្រជាច្រើន។ ប៉ុន្តែជាមួយគ្នានេះ អ្នកចូលរួមមួយចំនួនក៏យល់ច្បាស់ពីហេតុផលរបស់សារព័ត៌មានផងដែរ ជាពិសេសតួអង្គ Messi ដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពិភពលោក។
 
ក្រុមកីឡាការិនី Handball បារាំង បានទទួលមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយបានយកឈ្នះក្រុមពីគណៈកម្មការអូឡាំពិករុស្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ នេះក៏លើកដំបូងផងដែរ ដែលបានបានឈ្នះមេដាយមាសទាំងក្រុមបុរស និងនារី ដោយក្រុម Handball បុរសបានយកឈ្នះដាណឺម៉ាកដើម្បីក្លាយជាម្ចាស់មេដាយមាសជាលើកទីបី។
 
ក្នុងបទសម្ភាសជាមួយ JT de France 2 កីឡាការិនីចាំទីជម្រើសជាតិបារាំងរូបនេះ បានអះអាងថា៖ «ខ្ញុំមិនបានទាមទារឲ្យកាសែតដាក់តែទំព័រក្រុមនារីនោះឡើយ ប៉ុន្តែគួរមានផងដែរជាមួយក្រុមបុរស ពីព្រោះនេះជាការឈ្នះជើងឯកដំណាលគ្នាជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបារាំង។
 
តាមពិតទៅ L’Equipe ដែលជាកាសែតកីឡាដ៏ធំបំផុតនៅបារាំង តែងតែចុះផ្សាយរាល់ជោគជ័យរបស់អត្តពលិកជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ជាពិសេសការដាក់ទំព័រមុខសម្រាប់ជ័យលាភីមេដាយ ក្នុងនោះក៏មានក្រុមកីឡាករ Handball ផងដែរ ប៉ុន្តែករណីក្រុមកីឡាការិនី Handball បានកើតឡើងចំពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ដំណើរចាកចេញរបស់ Messi ពី Barcelona ទៅ PSG៕
 

រូបថតទាំងអស់ Xinhua
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com