ជាតិ
ពលរដ្ឋវិវាទដីធ្លី នៃគម្រោងព្រលានយន្តហោះថ្មី ស្នើឲ្យក្រុមហ៊ុនOCIC ចុះសិក្សាតម្លៃដីឡើងវិញ
10, Aug 2021 , 5:44 pm        
រូបភាព
វិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន(OCIC) នៃគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី ថ្ងៃទី៩សីហា ឆ្នាំ២០២១។ (រូបពី លោក សំណាង)
វិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន(OCIC) នៃគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី ថ្ងៃទី៩សីហា ឆ្នាំ២០២១។ (រូបពី លោក សំណាង)
ភ្នំពេញ៖ ពលរដ្ឋដែលមានវិវាទដីធ្លី ស្នើឲ្យក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ OCIC ចុះសិក្សាតម្លៃដីឡើងវិញ ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដី ដែលអូសបន្លាយជិតបីឆ្នាំមកនេះ។ អភិបាលខេត្តកណ្ដាល អះអាងថា ខ្លួនកំពុងរកដំណោះស្រាយលើករណីនេះ។


ភាគីក្រុមហ៊ុន OCIC និងពលរដ្ឋ ដែលមានទីតាំងដីនៅគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី បានប៉ះទង្គិចគ្នា កាលពីថ្ងៃទី៩ សីហា ស្របពេលដែលភាគីក្រុមហ៊ុន បានយកគ្រឿងចក្របម្រុងទៅឈូសឆាយផ្លូវលំមួយកន្លែង ក្នុងដីដែលកំពុងមានវិវាទ។ នេះបើតាមអ្នកស្រី ខឹម ម៉ាលី ដែលនៅក្នុងហេតុការណ៍នោះ។
 
អ្នកស្រី ម៉ាលី បានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC នេះ ដោយសារក្រុមហ៊ុនផ្ដល់តម្លៃដីមិនសមរម្យ។ បើតាមអ្នកស្រី ម៉ាលី ក្រុមហ៊ុនផ្ដល់តម្លៃដី៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ពលរដ្ឋដែលមានដី ស្ថិតក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ។ សម្រាប់អ្នកស្រី តម្លៃដី៨ដុល្លារ គឺពលរដ្ឋមិនអាចទទួលយកបានឡើយ ព្រោះដីពលរដ្ឋនៅទីនោះ សុទ្ធតែមានប្លង់រឹងត្រឹមត្រូវ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះ ម្ចាស់ដី ដែលមានវិវាទជាមួយក្រុមហ៊ុន OCIC រូបនេះ បានបញ្ជាក់ដូច្នេះ៖ «អាជ្ញាធរគេនៅតែខាងអ្នកមានលុយមានអំណាច បើគាត់ចេះជួយប្រជាជន មិនមែនអ៊ីចឹងទេ។ មានតែបង្ខិតបង្ខំឲ្យពលរដ្ឋព្រមយកតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលក្រុមហ៊ុនឲ្យហ្នឹងទៅ [ប្រាប់ពលរដ្ឋ] ជួយរដ្ឋទៅ ហើយដាក់ឈ្មោះក្នុងប្រវត្តិសាស្រ្ត»។ 
 
ពលរដ្ឋតវ៉ានេះ មិនមែនចង់រារាំងដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន OCICឡើយ។ នេះជាការបញ្ជាក់របស់លោក លោក សួង ពៅ ដែលបានអះអាងថា ក្រុមពលរដ្ឋរីករាយនឹងការអភិវឌ្ឍ ហើយក៏ចង់ឲ្យវិវាទដីធ្លីនេះ ឆាប់បញ្ចប់ដែរ។
 
«ខ្ញុំស្នើឲ្យភាគីក្រុមហ៊ុន(OCIC)មានអ្នកតំណាងដែលមានសិទ្ធិចរចាលើតម្លៃដី អាជ្ញាធរ ហើយក្រុមពួកខ្ញុំដោយយកតែអ្នកតំណាង៥ទៅ១០នាក់ក៏បាន ចុះសិក្សាតម្លៃទីផ្សារដី។ ហើយចរចាគ្នាជាមួយ ដើម្បីឲ្យដោះស្រាយឆាប់ចប់ ពួកខ្ញុំក៏មិនចង់ដេកយាមដីទាំងថ្ងៃទាំងយប់ដែរ»។ នេះបើតាមលោក សួង ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីថា ក្រុមលោកបានដូរវេនគ្នាដេកយាមដី អស់ប្រមាណ៤ខែហើយ ព្រោះខ្លាចភាគីក្រុមហ៊ុនឈូសឆាយដី ដោយមិនផ្ដល់សំណងសមរម្យ។ 
 
លោក សួង ពៅ ដែលមានដី៣ហិកតា ស្ថិតនៅក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ បានអះអាងថា ដីនៅទីនោះ មានតម្លៃប្រមាណ៧០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែភាគីក្រុមហ៊ុនOCIC ឲ្យត្រឹម៨ដុល្លារ ដែលទាបជាងតម្លៃទីផ្សារបច្ចុប្បន្ន។
 
«តម្លៃ៨ដុល្លារហ្នឹង បើលក់ដីប្រមាណ៣ហិកតាហ្នឹងទៅ ទៅរកទិញដីក្បែរហ្នឹងវិញនៅមិនបានទេ។ ដូច្នេះ ពួកខ្ញុំមានតែស៊ូស្លាប់រស់លើដីនេះហើយ។ ពួកខ្ញុំមានតែសុំឲ្យសម្ដេច ហ៊ុន សែន ជួយពិនិត្យរឿងដីនេះ ព្រោះឃើញអាជ្ញាធរថ្នាក់ក្រោមជាតិ ដូចដោះស្រាយមិនចេញសោះ»។ នេះបើតាមលោក សួង ពៅ។
 
ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឆ្លើយតបយ៉ាងខ្លីថា អាជ្ញាធរស្រុកកណ្ដាលស្ទឹង កំពុងចុះពិនិត្យ និងដោះស្រាយករណីវិវាទនេះហើយ។ ចំពោះបញ្ហាតម្លៃដីវិញ លោក សោភ័ណ្ឌ អះអាងថា ក្រុមហ៊ុនគឺជាអ្នកកំណត់ថ្លៃ មិនពាក់ព័ន្ធនឹងអាជ្ញាធរទេ។ 
 
«អាជ្ញាធរមូលដ្ឋានស្រុកកំពុងពិនិត្យនិងពិភាក្សា ហើយណែនាំទៅក្រុមហ៊ុននិងប្រជានជន...។ ក្រុមហ៊ុននៃគម្រោងព្រលានយន្តនិងរដ្ឋាភិបាល គេមានដាក់គោលការណ៍ដាក់៨ដុល្លារក្នុងមួយការរ៉េ»។ នេះបើតាមអភិបាលខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។ 
 
ដោយឡែក លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ក៏ឆ្លើយយ៉ាងខ្លីដែរថា អាជ្ញាធរបានចុះដោះស្រាយរួចរាល់ ហើយលោកក៏ប្រាប់ថាជាប់ប្រជុំ ដោយផ្ដាច់ទូរស័ព្ទ បញ្ឈប់ការឆ្លើយតប។ 
 
ពាក់ព័ន្ធនឹងវិវាទគម្រោងដីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនេះ របស់ក្រុមហ៊ុន OCIC ដែលជារបស់លោកឧកញ៉ា ពុង ឃាវសែ នេះ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីលោកបានឡើយ ដោយទូរស័ព្ទទៅលោកប្រាប់ថា កំពុងជាប់ប្រជុំ។ 
 
ចំណែក លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC អះអាងថា មិនបានដឹងពីករណីវិវាទដីនេះឡើយ ព្រោះលោកមិនមែនជាអ្នកកាន់គម្រោងព្រលានយន្តហោះថ្មីនេះទេ។ អគ្គនាយករងក្រុមហ៊ុនOCIC រូបនេះ បាននិយាយដូច្នេះ៖ «សុំទោសខ្ញុំអត់បានដឹងរឿងហ្នឹងផង(ករណីហិង្សានៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី) ខ្ញុំអត់បានកាន់គម្រោងហ្នឹងផង ខ្ញុំអត់បានដឹងរឿងហ្នឹងទេ»។ 
 
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ប៉ុន្តែលោកអះអាងថា បញ្ហានេះ អត់មានពាក់ព័ន្ធនឹងក្រសួងលោកទេ ហើយលោករុញឲ្យសួរអាកាសចរស៊ីវិលវិញ។ 
 
លោក ជា អូន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ក៏សុំមិនឆ្លើយសំនួរដែរ ដោយរុញឲ្យសារព័ត៌មានថ្មីៗ សួរលោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាស ប៉ុន្តែ លោក សិរីវុត្ថា អត់លើទូរស័ព្ទ។
 
ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុនOCIC និង​ពលរដ្ឋ​ ប្រមាណ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល បាន​អូស​បន្លាយ​ប្រមាណ៣ឆ្នាំ​មក​ហើយ​ ដោយសារមិនត្រូវរ៉ូវគ្នា លើតម្លៃដី៨ដុល្លារនេះ។ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលាន​យន្តហោះ​ថ្មី​នេះ ក្នុង​ទឹកប្រាក់១,៥០០លាន​ដុល្លារ លើ​ផ្ទៃដី២,៦០០ហិកតា ដោយគ្រោង​នឹង​បញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ 
 

Tag:
 ដីធ្លី
  ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com