កីឡាអន្តរជាតិ
អន្តរជាតិ
ការរង់ចាំត្រូវបានបញ្ចប់! Messi ចុះកិច្ចសន្យា២ឆ្នាំលេងឲ្យ PSG
11, Aug 2021 , 6:59 am        
រូបភាព
Messi ពាក់លេខ៣០នៅ PSG។ រូបថត PSG
Messi ពាក់លេខ៣០នៅ PSG។ រូបថត PSG
Lionel Messi អាយុ៣៤ឆ្នាំ បានចុះកិច្ចសន្យា២ឆ្នាំលេងឲ្យក្លិប Paris Saint Germain និងអាចពន្យាពេលបាន១ឆ្នាំបន្ថែមទៀត។ Messi ត្រូវពាក់លេខ៣០។ ក្លិបបានអះអាងយ៉ាងដូច្នេះក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ។

 
Messi ដែលធ្លាប់មានចំណូលប្រមាណ១៤០លានអឺរ៉ូក្នុង១ឆ្នាំនៅ Barcelona បានបង្ខំចិត្តចាកចេញពីក្លិបទាំងអាល័យ។ ការចរចាកន្លងមក Messi បានយល់ព្រមបញ្ចុះប្រាក់ខែ៥០ភាគរយ ប៉ុន្តែមិនអាចបញ្ចុះច្រើនជាងនេះនោះឡើយ ពីព្រោះវាខុសច្បាប់អេស្ប៉ាញ ក៏ដូចច្បាប់ហិរញ្ញវត្ថុ ក្របខណ្ឌ La Liga ។ ទោះបីជាយ៉ាងណាក៏ដោយ Barcelona នៅតែមិនមានលទ្ធភាពរក្សាទុកខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន ដែលនៅតាំងពីយុវជននោះឡើយ។
 

ក្រុម PSG ដែលដឹកនាំដោយលោក Mouricio Pochettino បានបញ្ចប់ចំណាត់ថ្នាក់លេខ២ Ligue 1 កាលពីរដូវកាលមុន។ Messi ក្លាយជាកីឡាករចំណូលថ្មីទី៤របស់ក្លិប បន្ទាប់ពីខ្សែបម្រើ Georginio Wijnaldum ខ្សែការពារ Sergio Ramos និងអ្នកចាំទី Giangluigi Donnarumma។
 
ចូលរួមជាមួយ Barcelona តាំងពីអាយុ១៣ឆ្នាំ Messi ត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ ដោយបានស៊ុតបាលបញ្ចូលទី៦៧២គ្រាប់ក្នុង៧៧៨ប្រកួត។ គេបានឈ្នះ Ballon d’Or ៦លើក និងលើកពានរង្វាន់៣៥ដងជាមួយក្លិបនៅកាតាឡាំងមួយនេះ។

ក្នុងបទសម្ភាសដំបូងជាមួយក្លិប Messi បាននិយាយថា៖ «ខ្ញុំរីករាយណាស់ដែលបានចាប់ផ្តើម​ប្រវត្តិអាជីពថ្មីនៅ Paris Saint-Germain។ [...] ខ្ញុំប្តេជ្ញាចិត្តជួយកសាងភាពពិសេស​សម្រាប់ក្លិប និងក្រុមអ្នកគាំទ្រ»៕
 
 


© រក្សាសិទ្ធិដោយ thmeythmey.com