ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំប្រហែស! រាងកាយអង្វរសុំអ៊ីយ៉ូដថែមហើយ បើអាការៈ ៨នេះលេចឡើង
11, Aug 2021 , 10:59 pm        
រូបភាព
កង្វះអ៊ីយ៉ូដក្រៅពីបង្កបញ្ហាដល់ក្រពេញទីរ៉ូអ៊ីតហើយនោះ ក៏អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភផ្សេងទៀតចំពោះសុខភាពផងដែរ។  ថាតើយើងអាចសម្គាល់ដឹងថារាងកាយកំពុងខ្វះអ៊ីយ៉ូដដោយរបៀបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលខ្វះអ៊ីយ៉ូដក្នុងរាងកាយ ៖

 
១. ចាញ់ត្រជាក់
 
កង្វះជាតិអ៊ីយ៉ូដអាចបណ្ដាលឱ្យអត្រានៃការដុតរំលាយអាហារយឺតជាងមុន។ ជាលទ្ធផលរាងកាយផលិតថាមពលតិចជាងមុនដែលធ្វើឱ្យអ្នកទទួលបានកម្ដៅមិនគ្រប់គ្រាន់តាមនោះដែរ។ បន្ថែមពីនេះកង្វះជាតិអ៊ីយ៉ូដអាចជះផលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត ហើយភាពប្រែប្រួលក្នុងកម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតអាចរាំស្ទះដល់សមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ ប្រអប់ដៃនិងជើងត្រជាក់ ឬការមានអារម្មណ៍ត្រជាក់សឹងគ្រប់ពេលសូម្បីក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្ដៅអាចបណ្ដាលមកភាពអសកម្មនៃក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែក្រពេញទីរ៉ូអ៊ីតដែលសកម្មហួសអាចបណ្ដាលឱ្យបែកញើសខ្លាំងនិងមិនអាចទ្រាំនឹងកម្ដៅបាន។
 
២. កើនទម្ងន់ខុសធម្មតា
 
ផលប៉ះពាល់មួយដែលលេចឡើងនៅពេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត គឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនៃការកើនទម្ងន់ខុសប្រក្រតី។ ក្រៅពីមានរបបអាហារត្រឹមត្រូវនិងធ្វើលំហាត់ប្រាណជាប្រចាំហើយនោះ អ្នកក៏អាចស្រកទម្ងន់ដែលលើសបានយ៉ាងប្រសើរតាមរយៈការរក្សាក្រពេញទីរ៉ូអ៊ីតឱ្យមានសុខភាពល្អ។
 
៣. អស់កម្លាំងនឿយហត់ជាប់ជានិច្ច
 
ការដុតរំលាយអាហារយឺតពេកមិនត្រឹមតែបង្កបញ្ហាឡើងទម្ងន់ហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលផងដែរ។ នេះជាអ្វីមួយដែលកើតឡើងជាធម្មតានៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមិនបានល្អ ហើយមិនអាចបំលែងកាបូអ៊ីដ្រាតនិងខ្លាញ់ទៅជាថាមពលដើម្បីឱ្យកោសិកាបានប្រើប្រាស់។
 
៤​​​​​. មានអារម្មណ៍ធ្លាក់ទឹកចិត្ត
 
ប្រសិនបើអាការៈនេះថែមទាំងអមមកជាមួយនូវបញ្ហាគេងមិនលក់ បាត់បង់ចំណង់អាហារនិងខ្សោយទៀតនោះ អ្នកគួរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយអ៊ីយ៉ូដក្នុងរបបអាហារប្រចាំថ្ងៃហើយ។
 
៥. ឧស្សាហ៍ជួ​បប្រទះបញ្ហាអាឡែកស៊ីនិងឆាប់ផ្ដាសាយ
 
នេះក៏ព្រោះតែមួយក្នុងចំណោមផលប៉ះពាល់នៃកង្វះសារធាតុអ៊ីយ៉ូដ គឺប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។
 
៦. ស្បែកស្ងួតនិងជ្រុះសក់
 
ប្រសិនបើអ្នកចង់ចៀសផុតបញ្ហាជ្រុះសក់និងស្បែកស្ងួតចូរព្យាយាមទទួលទានអាហារមានផ្ទុកជាតិអ៊ីយ៉ូដឱ្យបានគ្រប់គ្រាន់។ ជាតិអ៊ីយ៉ូដជួយគ្រប់គ្រងកម្រិតនៃភាពមានសំណើមរបស់ស្បែក ព្រមទាំងរំញោចដល់ការជាសះស្បើតនៃរបួស, ស្នាមសំលាកផ្សេងៗ និងសូម្បីតែពន្យឺតភាពលេចឡើងនូវស្នាមជ្រីវជ្រួញ។ អ៊ីយ៉ូដក៏ចាំបាច់សម្រាប់ការលូតលាស់និងភាពមានពន្លឺនៃសក់ផងដែរ។ វាមានសមត្ថភាពជួយដល់ការបង្កើតឡើងវិញនៃឬសសក់ និងការពាររោគឆ្លង។
 
៧. បញ្ហាពាក់ព័ន្ធនឹងការចងចាំ
 
កង្វះជាតិអ៊ីយ៉ូដក្នុងរាងកាយអាចជះឥទ្ធិពលដល់សមត្ថភាពនៃការចងចាំគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះការដុតរំលាយអាហារក្នុងរាងកាយមានសភាពយឺតក៏ជះផលប៉ះពាល់ដល់សមត្ថភាពខួរក្បាលក្នុងការចងចាំនិងឆ្លើយតបផងដែរ។
 
៨. ហើម-ក
 
ការហើមនៅត្រង់តំបន់-កជាអាការៈទូទៅបំផុតមួយនៃបញ្ហាកង្វះជាតិអ៊ីយ៉ូដក្នុងរាងកាយដោយក្រពេញទីរ៉ូអីតប្រែជារីកធំខុសធម្មតា។ នៅពេលរាងកាយខ្វះជាតិអ៊ីយ៉ូដ នោះក្រពេញទីរ៉ូតមិនអាចនឹងផលិតអ័រម៉ូនបានច្រើនគ្រប់គ្រាន់ឡើយ ហើយវាព្យាយាមកាន់តែខ្លាំងឡើងដើម្បីស្រូបយកសារធាតុចាំបាច់ពីឈាម។ ដំណើរការនេះអាចបណ្ដាលឱ្យកោសិកាកើនឡើងនិងលូតលាស់ច្រើនជាងធម្មតាដែលធ្វើឱ្យហើម-ក៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com