ជាតិ
សង្គមជាតិ
ខេត្តបាត់ដំបង នឹងឲ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះ
11, Aug 2021 , 3:18 pm        
រូបភាព
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង_។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង_។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖​ អាជ្ញាធរខេត្តបាត់ដំបង ត្រៀមរៀបចំឲ្យអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលនៅតាមផ្ទះ រៀងៗខ្លួន។ ប៉ុន្តែអ្នកជំងឺ ដែលអាចសម្រាកព្យាបាលនៅផ្ទះបាន លុះត្រាតែស្ថានភាពជំងឺកម្រិតស្រាល ឬសុខភាពធូរស្រាល រួមទាំងមានកន្លែងស្នាក់នៅដោយឡែកពីគេ សមរម្យ និងសុវត្ថិភាពនៅផ្ទះ។ 

 
 
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង​ បានបញ្ជាក់ថា ការរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះនេះ គឺដោយសារស្ថានភាពឆ្លងជំងឺ នៅក្នុងខេត្តកំពុងផ្ទុះឡើងខ្លាំង ដែលខ្វះកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ នៅតាមមណ្ឌលនីមួយៗ។ លោក ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការអនុញ្ញាតឲ្យអ្នកជំងឺមានស្ថានភាពធូរស្រាល ទៅព្យាបាលតាមផ្ទះវិញនេះ ក៏ដើម្បីទុកលទ្ធភាពសម្រាប់ឲ្យអ្នកជំងឺកម្រិតមធ្យម ឬកម្រិតធ្ងន់ សម្រាកព្យាបាលដែរ។
 
លោក សឿម ប៊ុនរិទ្ធិ បានពន្យល់លក្ខខណ្ឌព្យាបាលតាមផ្ទះ ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ការព្យាបាលតាមផ្ទះ គឺពួកគេត្រូវគោរពទៅលើលក្ខខណ្ឌមួយចំនួនដូចជា ផ្ទះ បន្ទប់ និងបន្ទប់ទឹករបស់ពួកគេ ត្រូវនៅដាច់ដោយឡែក ពីសមាជិកគ្រួសារ។ ហើយក៏មិនត្រូវមានទំនាក់ទំនងជាមួយគ្រួសារ និងអ្នកខាងក្រៅ។ បើពួកគេឆ្លងកូវីដ-១៩ ប៉ុន្តែមិនមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ទេ គឺពួកគេអាចព្យាបាលតាមផ្ទះ ប៉ុន្តែបើពួកគេមានរោគសញ្ញា ក្អក ក្តៅខ្លួន គឺមិនអាចព្យាបាលតាមផ្ទះឡើយ​»។ 
 
បើតាមលោកអភិបាលរងខេត្ត អាជ្ញាធរមិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយ និងអ្នកជំងឺមេរោគបំប្លែងថ្មី «ដែលតា» សម្រាកព្យាបាលនៅតាមផ្ទះជាដាច់ខាត។ «ក្នុងអំឡុងពលរដ្ឋកំពុងព្យាបាលតាមផ្ទះ ក្រុមគ្រូពេទ្យ និងអាជ្ញាធរនឹងឃ្លាំមើល និងតាមដានសុខភាពរបស់ពួកគេតាមប្រព័ន្ធHot line»។ នេះបើតាមលោក ប៊ុនរិទ្ធិ ដែលបានអះអាងថា សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលទទួលបន្ទុកក្នុងការព្យាបាលអ្នកជំងឺ មិនត្រូវដើរចេញទៅក្រៅឡើយ និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ 
 
 
កាលពីថ្ងៃទី៦ សីហា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ រៀបចំកន្លែងសម្រាប់ទទួលពលករខ្មែរ ដែលកំពុងជាប់គាំងនៅច្រកព្រំដែន ដោយសារការបិទខ្ទប់រវាងភាគីទាំងពីរ។ ចំណែកពលករខ្មែរ ដែលមកមុនការបិទខ្ទប់ព្រំដែន ហើយកំពុងចត្តាឡីស័ក នៅតាមមណ្ឌលសម្រាកព្យាបាលកូវីដ-១៩នោះ ត្រូវអនុញ្ញាតឱ្យពួកគេ ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួនវិញ ដើម្បីត្រៀមកន្លែងបម្រុងទុកសម្រាប់ពលករមកពីប្រទេសថៃ។
 
ចំណែកក្រសួងសុខាភិបាល ក៏សម្រេចអនុញ្ញាតឲ្យអាជ្ញាធរតាមមូលដ្ឋានទាំងអស់ រៀបចំការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះផងដែរ។ ប៉ុន្តែអ្នកជំងឺកូវីដ-១៩ ដែលអាចព្យាបាលតាមផ្ទះបាន លុះត្រាស្ថិតនៅក្នុងកម្រិតស្រាល ឬ មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរ។
 
បច្ចុប្បន្នខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤៣២៩នាក់ ជាសះស្បើយ២៧៨២នាក់ និងស្លាប់៦១នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប គឺមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីចំនួន១៤នាក់។ នេះបើតាមលោកអភិបាលរងខេត្តបាត់ដំបង។ 
 
នៅកម្ពុ​ជាទាំងមូលមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៣.៣៨៤នាក់ ក្នុងនោះ១២.៣៥៤នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន៧៧.៧៥៤​នាក់  និង​ស្លាប់​សរុប​១.៦១៤​នាក់​៕
 
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com