COVID-19
ជាតិ
វេបសាយអន្តរជាតិ៖ សប្តាហ៍មុន កម្ពុជា ស្ថិតលើតារាងកំពូល ដែលមានប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេ
11, Aug 2021 , 8:59 pm        
រូបភាព
ប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងវត្តមួយនៅខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ រូបពី AFP
ប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងវត្តមួយនៅខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ រូបពី AFP
កម្ពុជា ត្រូវបានវេបសាយអន្តរជាតិមួយឈ្មោះ ourworldindata ស្រង់តួលេខថា មានភាគរយនៃប្រជាជនច្រើនជាងគេលើពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមអំឡុងសប្តាហ៍មុន គឺពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឬនៅកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៨។ វេបសាយនេះ បានស្រង់តួលេខ និងបង្ហោះតួលេខអំពីចំនួនប្រជាជនតាមបណ្តាប្រទេសលើពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។



លោក Edouard Mathieu ប្រធានវេបសាយ ourworldindata បានបង្ហោះលើបណ្តាញសង្គមធ្វីតធឺ អំពីប្រទេសនិងដែនដីចំនួន១០ ដែលមានភាគរយនៃជនជនច្រើនជាងគេលើពិភពលោក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងអំឡុងសប្តាហ៍មុន។ ប្រទេសនិងដែនដីទាំង១០នោះ រួមមាន កម្ពុជា១០,៣ភាគរយ, គុយបា១០ភាគរយ, ម៉ាឡេស៊ី១០ភាគរយ, ប៉ាណាម៉ា៩,៦ភាគរយ, អេក្វាទ័រ៨,៣ភាគរយ, សិង្ហបុរី៨ភាគរយ, ចិន៧,៩ភាគរយ, ស្រីលង្កា៧,៨ភាគរយ, អារ៉ាប៊ីសាអូឌីត៧,៦ភាគរយ, ហុងកុង៦,២ភាគរយ។ 
 
គិតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងចំណោមប្រជាជនជិត៨ពាន់លាននាក់លើពិភពលោក មានប្រជាជនជាង៣០ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ និងជាង១៥ភាគរយ បានចាក់រួចរាល់ (ទាំង២ដូស)។ នេះបើតាមតួលេខលើវេបសាយ ourworldindata ដដែល។
 
ដោយឡែកនៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ប្រជាជនជាង៨លាននាក់ហើយ ឬស្មើជាង៨០ភាគរយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជន១០លាននាក់។ ប្រជាជន១០លាននាក់នេះ គឺគិតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលរដ្ឋាភិបាល កំណត់គោលដៅថា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា។ 
 
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារ និងមនុស្សវ័យជំទង់អាយុចាប់១២ឆ្នាំដល់១៧ឆ្នាំបន្ថែមទៀត ដែលមានចំនួនប្រមាណ២លាននាន់។ រយៈពេល១០ថ្ងៃ ដោយគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១  កុមារ និងមនុស្សវ័យជំទង់ប្រមាណ៣៥ម៉ឺននាក់ ឬស្មើនឹង១៨ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕   
 
 

Tag:
 COVID-19
  កម្ពុជា
  វ៉ាក់សាំង
  ourworldindata
© រក្សាសិទ្ធិដោយ thmeythmey.com