កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអង់គ្លេស Tom Daley ម្ចាស់មេដាយអូឡាំពិក៤ ក៏ជាអ្នកចាក់អាវយ៉ាងជំនាញផងដែរ
12, Aug 2021 , 9:29 am        
រូបភាព
ដោយ: ធីតា
កីឡាករលោតជ្រមុជទឹកអង់គ្លេស Tom Daley ក្លាយជាវីរបុរសសម្រាប់ក្រុមចក្រភពអង់គ្លេស ដោយបានឈ្នះមេដាយមាស១ និងសំរឹទ្ធពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ បន្ថែមលើមេដាយសំរឹទ្ធ២ទៀតពីព្រឹត្តិការណ៍នៅក្រុង Rio de Janeiro កាលពីឆ្នាំ២០១៦។ ក្រៅពីទេពកោសល្យ ផ្នែកកីឡា Daley ក៏មានចេះជំនាញគេហវិទ្យាដ៏ប៉ិនប្រសប់ផងដែរ។



 
នាការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូកន្លងមក ក្រៅពីការប្រកួត Tom Daley ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងលើជំនាញចាក់អាវ និងដេរប៉ាក់វត្ថុអនុស្សាវរីយ៍នានា ក្នុងនោះមានស្រោមដាក់មេដាយមាសដែលគេទទួលបានជាមួយមិត្តរួមក្រុម Matty Lee លើវិញ្ញាសា Synchronized Dive កម្ពស់១០ម៉ែត្រ និងអាវពាក់ពីក្រៅដែលមានអក្សរ Team GB ឡូហ្គោអូឡាំពិក អក្សរជប៉ុន និងទង់ជាតិចក្រភពអង់គ្លេសជាដើម។
 
«នៅពេលដែលខ្ញុំទៅតូក្យូ ខ្ញុំចង់បង្កើតអ្វីមួយដែលជួយឲ្យខ្ញុំរំលឹកដល់ព្រឹត្តិការណ៍នេះ ពោលគឺអ្វីដែលអាចនិយាយបានថា ខ្ញុំធ្វើបានសម្រេចនៅតូក្យូនាអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក»។ Daley បានលើកឡើងយ៉ាងដូច្នេះក្នុងបណ្តាញ Instagram  របស់ខ្លួន ទាក់ទងនឹងការផ្ចង់ស្មារតីអង្គុយចាក់អាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ នាអំឡុងពេលអង្គុយទស្សនាការប្រកួតរបស់មិត្តរួមក្រុម ក៏ដូចជាពេលទំនេរ ក្រៅពីការប្រកួត និងការហ្វឹកហាត់របស់ខ្លួន។
 



ម្ចាស់មេដាយអូឡាំពិក៤របស់ចក្រភពអង់គ្លេសរូបនេះ ក៏ធ្លាប់ប្រើប្រាស់ម្ជុលចាក់របស់ខ្លួន ក្នុងការស្វែងរកមូលនិធិសម្រាប់អង្គការមនុស្ស Brain Tumour Charity ផងដែរ ដើម្បីរំលឹកដល់ឪពុករបស់ខ្លួនឈ្មោះ Robert ដែលបានទទួលមរណភាពដោយសារមហារីកខួរក្បាលកាលពីឆ្នាំ២០១១។
 
Daley បានបញ្ជាក់ប្រាប់ AFP កន្លងមកថា៖ «ឪពុកខ្ញុំ គឺជាអ្នកគាំទ្រដ៏ធំម្នាក់សម្រាប់ខ្ញុំ ហើយជឿថា គាត់ច្បាស់មានមោទកភាពចំពោះខ្ញុំដែលបានក្លាយជាម្ចាស់ជើងឯកអូឡាំពិក»។ កីឡាកររូបនេះ បានតាំងចិត្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្នុងបុព្វហេតុមនុស្សធម៌។
 
កាសែត The Guardian បានចាត់ទុក Daley ជាអ្នកដេរប៉ាក់ដ៏មានឥទ្ធិពលម្នាក់លើពិភពលោក ជាពិសេសតាមរយៈការសម្រេចបានស្នាដៃដ៏ច្រើន នាអំឡុងនៃការរាលដាលកូវីដ-១៩។ Daley បានអះអាងបន្ថែមថា ការចាក់ដេរប៉ាក់ ជួយឲ្យគេស្ងប់អារម្មណ៍ នៅមុនការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក។
 



ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ Daley បានឈ្នះមេដាយមាសលើវិញ្ញាសា Synchronized Dive កម្ពស់១០ម៉ែត្រ និងមេដាយសំរឹទ្ធលើវិញ្ញាសាលោតជ្រមុជទឹកកម្ពស់១០ម៉ែត្រ ខណៈកាលពីឆ្នាំ២០១៦ គេបានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាទាំងពីរនេះ។
 
ក្រៅបានមេដាយ៤នៅអូឡាំពិក Daley ក៏ជាម្ចាស់ជើងឯកពិភពលោក៣លើក ជើងឯកអឺរ៉ុប៥លើក និងជើងឯក Commonwealth Games ចំនួន៤លើកផងដែរ ដោយសរុបទាំងតំណាងឲ្យប្រទេសអង់គ្លេស និងចក្រភពអង់គ្លេស។
 
ក្រៅពីនេះ Daley ជាតារាទូរទស្សន៍​ដ៏ល្បីល្បាញមួយរូប ហើយបានរៀបការជាមួយលោក Dustin Lance Black ដែលជាបុរសស្រឡាញ់ភេទដូចគ្នា កាលពីឆ្នាំ២០១៧។ លោក Black ជនជាតិអាមេរិក អាយុ៤៧ឆ្នាំ ជាផលិតករភាពយន្ត និងកម្មវិធីទូរស្សន៍ ហើយក៏ជាសកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាថែមទៀតផង៕




 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com