COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងនៅ៩ខេត្តមាន​សរុប​​ ៣៨២នាក់ និងស្លាប់១០នាក់
12, Aug 2021 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តចំនួន៩ រួមមានសៀមរាប បាត់ដំបង កំពង់ធំ ព្រៃវែង មណ្ឌលគិរី កំពត ស្ទឹងត្រែង ព្រះវិហារ និងខេត្តកោះកុង បានផ្សាយតួលេខនៃអ្នកឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ១១សីហា។ សរុបករណីឆ្លងថ្មី ក្នុងខេត្តទាំង៨នេះ មានចំនួន៣៨២ករណីក្នុងនោះខេត្តសៀមរាប បាត់ដំបង កំពង់ធំ និងព្រៃវែង មានអត្រាឆ្លងខ្ពស់ជាងគេ ខណៈអ្នកស្លាប់សរុប១០នាក់។ ​ចំណែកអ្នកជាសរុបក្នុងខេត្តទាំង៩នេះ មានចំនួន៥២៨នាក់។

 
សៀមរាប៖ បន្តរកឃើញអ្នកឆ្លងថ្មី ចំនួន៨៦នាក់ទៀត ខណៈ​អ្នកជាសះស្បើយមាន ៧៤​ នាក់ បន្ថែម និងស្លាប់២នាក់ទៀត។ បើតាមរដ្ឋបាលខេត្ត  ករណីឆ្លងជាង៤០ករណី មានប្រភពចម្លងចេញពីផ្សារ​ចារឈូក ​ផ្សារលើធំថ្មី  ផ្សារដំដែក និងផ្សារកំពង់ឃ្លាំង ខណៈមួយចំនួនទៀតឆ្លងពី​អ្នកដំណើរមកពីរាជធានីភ្នំពេញ ​កំពង់ចាម ​កំពង់ធំ និងខេត្តព្រៃវែង។ ករណីឆ្លងថ្មីជាង ៣០នាក់ផ្សេងទៀត នៅមិនទាន់កំណត់ប្រភពឆ្លងបាននៅឡើយ។
 
​អ្នកស្លាប់ទាំង២នាក់នោះ មានបុរសវ័យ ៦២ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងម្នាក់ទៀត ជាស្ត្រីវ័យ ៥១ឆ្នាំ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ គិតត្រឹមថ្ងៃទី១១ សីហា ​ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ ចំនួន៥.៧៣៧នាក់ ក្នុងនោះ៣.៦៣៦នាក់ បាន​ជាសះស្បើយ, ៦៥នាក់ស្លាប់​ និង២.០៣៦នាក់ កំពុងសម្រាកព្យាបាល។ 
 
បាត់ដំបង៖ រកឃើញអ្នកឆ្លងថ្មីចំនួន ៧៦នាក់​ទៀត ​អ្នកជាសះស្បើយមានចំនួន​៨០នាក់ និងអ្នកស្លាប់ម្នាក់។ អ្នកវិជ្ជមានថ្មីទាំងនោះ ជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបង ស្រុកកំរៀង, មោងឫស្សី, រតនមណ្ឌល, ឯកភ្នំ, ថ្មគោល និងងស្រុកសង្កែ។ អ្នកវិជ្ជមានចំនួន២នាក់ទៀតជាអ្នកខេត្តកណ្តាល និងភ្នំពេញ។ ចំណែកករណីស្លាប់ គឺជាស្ត្រី ​វ័យ៥៧ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី១១ សីហា ខេត្តបាត់ដំបង ​មានអ្នកឆ្លងកូវីដ-១៩ ​ចំនួន៤.៤០៥នាក់ ក្នុងនោះ ២.៨៦២នាក់ បានជាសះស្បើយ ស្លាប់​៥២នាក់ និង ១.៤៩១នាក់ កំពុងសម្រាកព្យាបាល។
 
កំពង់ធំ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ទៀត ខណៈអ្នកជាសះស្បើយមាន១៣២នាក់ និងអ្នកស្លាប់មាន២នាក់បន្ថែម​។ អ្នកឆ្លងភាគច្រើនជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន។ ក្រៅពីនេះមានអ្នកស្រុក​សន្ទុក កំពង់ស្វាយ បារាយណ៍ តាំងគោក ប្រាសាទសំបូរ និងស្រុក​ស្ទោង។ មកទល់ពេលនេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងកូវីដ-១៩មានចំនួន២.៦១១នាក់ ក្នុងនោះ១.៥៦២នាក់ បានជាសះស្បើយ ៧៤នាក់បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​៩៧៣នាក់។ 
 
ព្រៃវែង៖ មនុស្សចំនួន ៥៥នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយមានចំនួន ៦៥នាក់ និងអ្នកស្លាប់២នាក់បន្ថែម។ក្នុងចំណោមអ្នកឆ្លងថ្មី មានពលរដ្ឋរស់នៅក្រុងព្រៃវែង, ស្រុកព្រះស្តេច, ស្វាយអន្ទរ, ពាមរក៍, កំពង់ត្របែក,ពារាំង, ​បាភ្នំ, ​ពាមជរ, ​កញ្ជ្រៀច និងស្រុកមេសាង។ 
 
ចំពោះករណីស្លាប់ ​បុរសទាំង២នាក់ ដោយម្នាក់មានវ័យ៨៥ឆ្នាំ រស់នៅភូមិព្រែកត្រែង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង  និងម្នាក់ទៀតវ័យ៦០ឆ្នាំ រស់នៅភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បច្ចុប្បន្ន ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុប៥.១០១នាក់ ក្នុងនោះ ៣.៩៧២នាក់ បានជាសះស្បើយ ស្លាប់៩០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១.០៣៩នាក់។
 
មណ្ឌលគិរី៖ មនុស្សចំនួន ៣៤នាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះមានទារក និងកុមារប្រមាណ១០នាក់។ អ្នកឆ្លងភាគច្រើនជាពលរដ្ឋដែលរស់នៅសង្កាត់ស្ពានមានជ័យ និងសង្កាត់សុខដុម ក្រុងសែនមនោរម្យ និងអ្នកវិជ្ជមាន៧នាក់ទៀត ជាពលរដ្ឋរស់នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
 
កំពត៖ មានអ្នកវិជ្ជមានចំនួន ២៤នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ១៥៥នាក់។ អ្នកស្លាប់មាន២នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកទើបឆ្លងនោះ មាន២នាក់ជាអ្នកស្រុកកំពង់ត្រាច, ២នាក់នៅក្រុងកំពត, ៦នាក់នៅស្រុកឈូក, ៧នាក់នៅស្រុកដងទង់, ២នាក់នៅស្រុកទឹកឈូ និង៥នាក់ទៀតនៅស្រុកអង្គរជ័យ។ ចំពោះអ្នកស្លាប់ទាំង២នាក់ សុទ្ធតែជាស្ត្រី ដោយម្នាក់មានវ័យ ៧៩ឆ្នាំ រស់នៅភូមិកំពង់ត្រាច១ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀតវ័យ ៨៧ឆ្នាំ រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ​ ខេត្តកំព​ត​។ គិតត្រឹមថ្ងៃទី១១ សីហា ខេត្តកំពត មានអ្នកវិជ្ជមានកូវីដ-១៩ សរុប៣.៣០០នាក់ ក្នុងនោះ ៣.០៥០នាកបានជាសះស្បើយ ស្លាប់៥៣នាក់ និងកំពុងសម្រាកព្យាបាល ១៩៧នាក់។ 
 
ស្ទឹងត្រែង៖ បន្តមានអ្នកឆ្លងចំនួន ១៧នាក់ទៀត និងមាន១នាក់ស្លាប់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង​នេះ ភាគច្រើនជាអ្នករស់នៅសង្កាត់ស្ទឹងត្រែង និងសង្កាត់ស្រះសឫស្សី ក្រុងស្ទឹងត្រែង​។ មានអ្នកវិជ្ជមានម្នាក់ ជាអ្នករស់នៅឃុំអរូម្រះ ស្រុកសៀមរាប ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៥២៩នាក់ ក្នុងនោះមានប្រភេទ Delta ២នាក់។ អ្នកជាសះស្បើយមានសរុប៤៦១នាក់ ស្លាប់៥នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៦៣នាក់។
 
កោះកុង៖  មានអ្នកឆ្លងថ្មីចំនួន១២នាក់​ និងអ្នកជាសះស្បើយចំនួន២២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន៦នាក់ជាពលរដ្ឋនៅស្រុកស្រែអំបិល, ៣នាក់នៅស្រុកមណ្ឌលសីមា, ២នាក់នៅក្រុងខេមរភូមិន្ទ និងម្នាក់នៅស្រុកគិរីសាគរ ខេត្តកោះកុង។
 
ព្រះវិហារ៖ រកឃើញ១១នាក់ទៀត ក្នុងនោះ៨នាក់ជាអ្នកនៅស្រុកជាំក្សាន្ត និង៣នាក់ទៀត ជាអ្នកក្រុងព្រះវិហារ។ គិតត្រឹមថ្ងៃទី១១ ​សីហា ខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៧៧៣នាក់ ក្នុងនោះ ៤៥៣នាក់ បានជាសះស្បើយ​ ស្លាប់​២នាក់ និង៣១៨នាក់ទៀតកំពុងសម្រាកព្យាបាល។
 
សរុបទូទាំងប្រទេស៖  កម្ពុជា រកឃើញអ្នកវិជ្ជមានចំនួន ៤៥៥នាក់​ទៀត បន្ថែម  ក្នុងនោះ​៨១នាក់​ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៦៧៧នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​ ២០នាក់​ទៀត​។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ ខែសីហា​ ​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៣.៨៣៩នាក់ ក្នុងនោះ១២.៤៣៥​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧៨.៤៣១នាក់  និង​ស្លាប់​សរុប១.៦៣៤នាក់​៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com